តុលាការ​ខេត្ត​កំពង់​ចាម​​ប្រ​គល់​​រថ​យន្ត​​ឲ្យ​​ម្ចាស់​​នៅ​​កំពត​​បន្ទាប់​​ប្រតិ​កម្ម​​ពី​​ភរិយា​​នាយក​​រដ្ឋមន្ត្រី

11/29/2014 0 Comments A+ a-

តុលាការ​ខេត្ត​កំពង់ចាម បាន​សម្រេច​ប្រគល់​រថយន្ត​មួយ​គ្រឿង​ទៅ​ម្ចាស់​នៅ​ខេត្ត​កំពត ដើម្បី​ប្រើប្រាស់​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី។ ម្ចាស់​រថយន្ត​យល់​ថា ការ​សម្រេច​នេះ​ប្រសិន​បើ​មិន​មាន​ការ​ផ្ញើ​សារ​ពី​សំណាក់​ប្រពន្ធ​នាយក​ រដ្ឋមន្ត្រី លោក ហ៊ុន សែន ទេ ប្រហែល​ជា​រថយន្ត​របស់​ខ្លួន តុលាការ​មិន​ទាន់​ប្រគល់​ឱ្យ​ឡើយ។
ដីកា​សម្រេច​របស់​តុលាការ​ខេត្ត​កំពង់ចាម ដោយ​មាន​ហត្ថលេខា​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ លោក ងួន វុទ្ធី បាន​សម្រេច​ប្រគល់​រថយន្ត​ម៉ាក​ HYUNDIA ទៅ​ឲ្យ​មេធាវី លោក គឹម វាសនា ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ម្ចាស់​រថយន្ត គឺ​លោក អ៊ួក ពៅ យក​ទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន ដោយ​មិន​ត្រូវ​លក់​ដូរ ផ្ទេរ​កម្មសិទ្ធិ ជួល ឬ​បញ្ចាំ និង​មិន​ត្រូវ​ធ្វើ​ឱ្យ​ខូច​ស្ថានភាព​ដើម​របស់​រថយន្ត​នោះ​ជា​ដាច់​ខាត។ នៅ​ក្នុង​ដីកា​នោះ​បញ្ជាក់​ថា ការ​ប្រគល់​ឱ្យ​នេះ បន្ទាប់​ពី​ខាង​តុលាការ​ទទួល​បាន​ពាក្យ​ស្នើសុំ​ពី​មេធាវី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ហើយ​មក​ដល់​សាលា​ដំបូង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ដែល​ចាត់​ទុក​ថា​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​នោះ។
សមត្ថកិច្ច​បាន​ដក​ហូត​រថយន្ត​របស់​លោក អ៊ួក ពៅ កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បន្ទាប់​ពី​រថយន្ត​នោះ​ត្រូវ​បាន​ឈ្មោះ សន សារ៉ា យក​ទៅ​បញ្ចាំ​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា នៅ​ហាង​បញ្ចាំ​ឈ្មោះ ហៀង វណ្ណលីដង់ នៅ​ស្រុក​ចម្ការលើ ដែល​មាន​រឿង​ចម្រូងចម្រាស​នោះ។ រឿង​ចម្រូងចម្រាស​ត្រង់​ថា អ្នក​យក​រថយន្ត​ទៅ​បញ្ចាំ​បាន​រត់​គេច​ខ្លួន​បាត់ ប៉ុន្តែ​ម្ចាស់​រថយន្ត​បែរ​ជា​ត្រូវ​ម្ចាស់​ហាង​បញ្ចាំ​ប្ដឹង​សមត្ថកិច្ច​ ឱ្យ​ចាប់​ខ្លួន ហើយ​បញ្ជូន​មក​តុលាការ​ខេត្ត។ តុលាការ​ក៏​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ឆបោក និង​បាន​ឃុំ​ម្ចាស់​រថយន្ត និង​ប្រពន្ធ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា តែ​ដោយ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ខេត្ត​កំពត ជាច្រើន​រយ​នាក់ មក​តវ៉ា​នៅ​មុខ​តុលាការ​នោះ ទើប​តុលាការ​សម្រេច​ដោះ​លែង​អ្នក​ទាំង​ពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី​ ៣០ កក្កដា។
ទាក់ទង​បញ្ហា​នេះ​ដែរ ម្ចាស់​រថយន្ត​នៅ​ខេត្ត​កំពត លោក អ៊ួក ពៅ បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​ប្រតិកម្ម​ពី​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ចំពោះ​បញ្ហា​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ទេ​នោះ ឡាន​របស់​លោក​មិន​សង្ឃឹម​ថា​នឹង​បាន​ត្រឡប់​វិញ​ឡើយ បើ​ទោះ​បី​ជា​លោក​មាន​ឯកសារ​គ្រប់គ្រាន់​យ៉ាង​ណា​ក៏ដោយ៖ «អាជ្ញាធរ​ពី​ ថ្នាក់​ដឹក​នាំ គាត់​បាន​ផ្ញើ​សារ​មក​បង វុទ្ធី ហង្ស មាស ហ្នឹង ក៏​បាន​ថា​ប្រគល់​ឯកសិទ្ធិ​មក​ម្ចាស់​ឡាន​វិញ ប៉ុន្តែ​តុលាការ​មិន​ទាន់​ឱ្យ​កាតគ្រី​មក​ខ្ញុំ​វិញ​ទេ។ បាទ! ជា​ការ​ប្រើប្រាស់​បណ្ដោះអាសន្ន​ទេ»
លោក​បន្ថែម​ថា តាំង​ពី​លោក និង​ប្រពន្ធ ត្រូវ​តុលាការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​មក លោក​តែង​ដាក់​លិខិត​ស្នើសុំ​យក​រថយន្ត​ទៅ​ប្រើប្រាស់ ដើម្បី​រក​ប្រាក់​សង​បំណុល​គេ ប៉ុន្តែ​គ្មាន​លទ្ធផល​ល្អ​ទេ ក្រោម​ហេតុផល​ថា​តុលាការ​កំពុង​ស៊ើប​អង្កេត។ លោក​ស្នើ​ឱ្យ​តុលាការ​ស្វែងរក​យុត្តិធម៌ ចំពោះ​ការ​ចោទ​ប្រកាន់​លោក និង​ប្រពន្ធ ថា​រួម​គំនិត​ឆបោក ព្រម​ទាំង​ឃាត់ និង​ឃុំ​ខ្លួន​លោក និង​ប្រពន្ធ​រយៈពេល ៦​ថ្ងៃ កាល​ពី​ខែ​កក្កដា ទាំង​មិន​មាន​កំហុស​អ្វី​សោះ​នោះ។ លើស​ពី​នេះ​ទៀត លោក​ចង់​ឱ្យ​តុលាការ ផ្តល់​ឱ្យ​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ​ជាមួយ​រថយន្ត​មក​ឱ្យ​លោក​វិញ ដើម្បី​អាច​ទៅ​រក​ស៊ី​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។
ដោយ​ឡែក​ម្ចាស់​រថយន្ត​មួយ​រូប​ទៀត នៅ​ខេត្ត​ពោធិ៍សាត់ លោក នួន មិថុនា ដែល​មាន​ឡាន​ម៉ាក់​អ៊ីស៊ុយស៊ុយ (ISUSU) កំពុង​ជាប់​នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ចម្ការលើ ឱ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពង់ចាម មិន​បាន​ធ្វើ​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​នោះ​ឡើយ ពោល​គឺ​ឡាន​របស់​លោក​មាន​រឿង​ដូច​គ្នា​ទៅ​នឹង​ឡាន​របស់​ពលរដ្ឋ​នៅ​ខេត្ត​ កំពត ដែរ ប៉ុន្តែ​ឡាន​លោក​នៅ​មិន​អាច​ស្នើសុំ​យក​មក​ប្រើ​ប្រាស់​វិញ​បាន៖ «លោក នួន មិថុនា៖ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ខ្ញុំ​ផង មើល​ទៅ​រដ្ឋាភិបាល​មិន​អន្តរាគមន៍ ឡាន​ខ្ញុំ​មិន​អាច​ចេញ​បាន​ទេ។ បើ​ដូច​គាត់​ឡាន​កំពត អ៊ីចឹង​ទាល់​តែ​លោក​ជំទាវ​ស្រែក​មក បាន​គាត់​អាច​យក​ឡាន​ចេញ​បាន។ បើ​ខ្ញុំ​បើ​មិន​ជួយ​អន្តរាគមន៍​ទេ មិន​អាច​យក​ឡាន​ចេញ​បាន​ទេ។ តុលាការ​មិន​បាន​ធ្វើ​ការ​ផង ដេក​ចេញ​ខ្ញុំ​យក​លុយ​ទៅ​ឱ្យ»
លោក​បន្ត​ថា កន្លង​មក​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ជាច្រើន​លើក​ច្រើន​សា​មក​ ហើយ ដើម្បី​យក​រថយន្ត​មក​រក​ស៊ី​វិញ ក៏ប៉ុន្តែ​តុលាការ​ថា​កំពុង​ស៊ើប​អង្កេត ហើយ​បែរ​ជា​ទារ​ប្រាក់​លោក​ចំនួន ៣​ពាន់​ដុល្លារ ប្រសិន​បើ​លោក​ចង់​បាន​ឡាន​ទៅ​វិញ បើ​ទោះ​បី​ជា​លោក​មាន​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ថា លោក​ជា​ម្ចាស់​ឡាន​នោះ និង​ជា​ជន​រងគ្រោះ​យ៉ាង​ណា​ក៏ដោយ។
ឡាន​អ្នក​ទាំង​ពីរ បាន​ជួល​ទៅ​ឱ្យ​ឈ្មោះ សន សារ៉ា ហើយ​ត្រូវ សន សារ៉ា យក​ទៅ​បញ្ចាំ និង​លក់​ផ្តាច់​នៅ​ហាង​បញ្ចាំ​ឈ្មោះ ហៀង វណ្ណលីដង់ នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ខែ​មិថុនា និង​ខែ​កក្កដា។
ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នាង សុវ៉ាត យល់​ថា សំណុំ​រឿង​បញ្ចាំ​ឡាន​ទាំង​ពីរ​នេះ តុលាការ​ហាក់​ផ្តល់​អាទិភាព​ដល់​អ្នក​មាន​ច្រើន​ជាង​អ្នក​ក្រ ហើយ​ភាព​យុត្តិធម៌​ពេល​នេះ អាច​ទទួល​បាន​តាម​រយៈ​ប្រតិកម្ម​ពី​ភរិយា​ថ្នាក់​ដឹក​នាំ​កំពូល​មក​ខាង​ តុលាការ មិន​មែន​កើត​ចេញ​ពី​តុលាការ​សុទ្ធសាធ​នោះ​ទេ៖ «ជាទូទៅ បើ​យើង​មើល​សូម្បី​តែ​ខ្ញុំ សូម្បី​តែ​អ្នក​ស្រុក សូម្បី​តែ​អាជ្ញាធរ​ដែល​ក្បែរៗ​ហ្នឹង ក៏​គេ​ឃើញ​ថា អ្នក​ទទួល​បញ្ចាំ​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ដែរ។ ក៏ប៉ុន្តែ តុលាការ​ហាក់​កាន់​ជើង​អ្នក​ហ្នឹង​ច្រើន​ជាង ហើយ​ធ្វើ​បាប​អ្នក​ក្រ។ អា​ហ្នឹង​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លែង​មាន​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ យុត្តិធម៌»
លោក​បញ្ជាក់​ទៀត​ថា តុលាការ​គប្បី​ពិចារណា​ទៅ​លើ​ឯកសារ​ដែល​មាន​រវាង​ម្ចាស់​រថយន្ត និង​ម្ចាស់​ហាង​បញ្ចាំ ប្រសិន​បើ​ភាគី​ណា​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ តុលាការ​ចាំបាច់​ត្រូវ​ប្រគល់​ឡាន​ឱ្យ​គេ​វិញ​ជា​ផ្លូវ​ការ រួម​ទាំង​ឯកសារ​ផង។ លោក​ថា តុលាការ​គប្បី​ចាប់​អ្នក​យក​ឡាន​មក​បញ្ចាំ និង​អ្នក​ទទួល​បញ្ចាំ ពីព្រោះ​អាច​ជា​អ្នក​ទទួល​ផល​ចោរកម្ម ឬ​អ្នក​ផ្សំ​គំនិត​ក្នុង​រឿង​នេះ៕ ប្រភពៈ RFA