អ៊ាវ ចំរើន៖ ពុំមាន​ការហែ​សារីរិកធាតុ ទៅកាន់​ភ្នំព្រះរាជ​ទ្រព្យ នៅថ្ងៃ​ទី១៤ ខែកុម្ភៈ​នោះទេ

2/12/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះថា ពុំមានការហែព្រះសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ចំថ្ងៃមាឃបូជា នោះទេ។ ការថ្លែងបញ្ជាក់បដិសេធ របស់លោកឧត្តមសេនីយ៍ស្នងការរូបនេះ ដោយលោកបានសំអាងថា ក្នុងនាមសមត្ថកិច្ចមូលដ្ឋាន ពុំបានទទួលដំណឹងណាមួយ និងពុំទាន់មានការរៀបចំត្រឹមត្រូវ នៅលើភ្នំព្រះរាជទ្រព្យនោះទេ គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។ សូមជំរាបថា ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្ដាល សហការជាមួយកម្លាំងសមត្ថកិច្ច ខេត្តតាកែវ បានធ្វើការស៉ើបអង្កេត និងឈានដល់ការចាប់ជនដៃដល់ម្នាក់ ដែលបានលួចព្រះសុវណ្ណកោដ្ឋ និងសារីរិកធាតុ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ  ភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ហើយត្រូវបានប្រគេនទៅសម្ដេចព្រះពោធិវាំង អ៊ំ លឹមហេង ព្រះសង្ឃនាយករងទី២ ដើម្បីរក្សាទុក នៅក្នុងវត្តចំពុះក្អែក ក្នុងខណ្ឌមានជ័យ។
លុះព្រឹកឡើង សម្ដេចសង្ឃ បានប្រគល់ចៅហ្វាវាំង គង់ សំអ៊ុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីព្រះបរមរាជវាំង ដើម្បីរក្សាទុកនិងរកពេលវេលាសមស្របណាមួយ ដើម្បីដង្ហែព្រះសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យវិញ៕