ពលរដ្ឋ​នៅ​មណ្ឌលគិរី​ តវ៉ា​បិទ​ផ្លូវ​រឿង​អាជ្ញាធរ​ ដុត​រោង​ស្នាក់​នៅ​ ប្រមាណ​៣០០​គ្រួសារ

2/13/2014 0 Comments A+ a-

កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ ១០០​នាក់ បាន​ចុះ​រុះរើ និង​ដុត​កម្ទេច​រោង​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ រស់​នៅ​ចំណុច​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ក្រោម​ហេតុផល​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​មក​កាប់​រាន​តំបន់​ព្រៃ​ឈើ​ការពារ​របស់​រដ្ឋ ហើយ​តាំង​ទី​លំនៅ​ខុស​ច្បាប់។
ដោយសារ​ផ្ទុះ​កំហឹង និង​ការ​ឈឺ​ចាប់​ចំពោះ​សកម្មភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ទាំង ​នោះ អ្នក​ភូមិ​ប្រមាណ ៣០០​នាក់ បាន​នាំ​គ្នា​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ ដើម្បី​តវ៉ា​ពី​បញ្ហា​នេះ។
កំណត់​ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិត​នៅ​ចន្លោះ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​កាត់​ផ្តាច់​ចរាចរណ៍​កាល​ពី​វេលា​ម៉ោង​ប្រមាណ ១​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៣០០ ទៅ ៤០០​នាក់ ដាក់​របាំង​រាំង​ផ្លូវ។ អ្នក​ភូមិ​បញ្ជាក់​ថា កង​កម្លាំង​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​បាន​រុះរើ និង​ដុត​បំផ្លាញ​រោង​ស្នាក់​នៅ​របស់​ពលរដ្ឋ​ជាង ៥០០​គ្រួសារ។
អ្នក​តវ៉ា​បាន​ហៅ​ទង្វើ​របស់​កង​កម្លាំង​ថា ជា​អំពើ​សាហាវ​ឃោរឃៅ ប្រើ​អំណាច​ផ្តាច់​ការ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ជ្រក​កោន និង​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «ទៅ​រុញ​ដុត​ចោល កូន​ខ្ញុំ​គ្មាន​បាន​បាយ​ទឹក​ស៊ី​ទេ ខ្ញុំ​ចូល​យក​បាយ​ស៊ី​ក៏​វា​មិន​ឲ្យ​ចូល​ដែរ ដុត​ចោល​ទាំងអស់​គ្មាន​សល់​ស្អី​ទេ ខោអាវ​អីវ៉ាន់​រលីង​អស់​តែ​ម្តង»
ប្រជាពលរដ្ឋ​រស់​នៅ​ទី​កើត​ហេតុ​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ ១០០​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តំបន់​គ្រញូង​សែន​ជ័យ ក្នុង​ឃុំ​ពីរធ្នូ ជាប់​ព្រំប្រទល់​ស្រុក​ស្នួល និង​ស្រុក​កែវសីមា ហើយ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន បន្ទាប់​មក​កង​កម្លាំង​ទាំង​នោះ​បាន​ប្រើប្រាស់​រថយន្ត​ទាញ​រំលំ​រោង​ស្នាក់ ​នៅ ហើយ​ដុត​បំផ្លាញ​ចោល។ ប្រជាពលរដ្ឋ​បន្ត​ថា រហូត​មក​ទល់​នឹង​រសៀល​ម៉ោង​៣ រោង​ប្រក់​តង់ និង​ស័ង្កសី​ប្រមាណ ៣០០ ទៅ ៥០០​រោង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ចាប់​ដាក់​រថយន្ត​នាំ​ចេញ​ពី ​ទី​កើត​ហេតុ។
ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​គ្រញូង​សែន​ជ័យ រាយការណ៍​ថា អ្នក​ភូមិ​ប្រមាណ ៥០០​គ្រួសារ បាន​មក​កាប់​រាន​ព្រៃ​តាំង​ទី​លំនៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ​ប្រមាណ ២​ឆ្នាំ​ហើយ។ អ្នក​ភូមិ​ទាំង​នោះ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពី​បណ្ដា​ខេត្ត​នានា ដោយសារ​ក្រីក្រ​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។
ថ្លែង​បញ្ជាក់​ពី​ព្រឹត្តិការណ៍​នេះ អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​មក​តាំង​ទីលំនៅ ហើយ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ការពារ។លោក​បន្ត​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​ច្រើន​លើក​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ និង​ចាក​ចេញ​ពី​តំបន់​នោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន បាន​សម្រុក​មក​កាប់​ឆ្ការ​ព្រៃ​កាន់​តែ​ខ្លាំង ទើប​អាជ្ញាធរ ជាពិសេស​ស្ថាប័ន​អយ្យការ​បាន​ចេញ​ដីកា​សម្រេច​បណ្ដេញ និង​រុះរើ​រោង​ខុស​ច្បាប់​ទាំង​នោះ​ចេញ៖ «កាល​ណា​យើង​រុះរើ ហើយ​យើង​មិន​អាច​ឲ្យ​គាត់​ទៀត​ទេ។ ខ្ញុំ​បាន​ជម្រាប​គាត់​ហើយ បើ​សិន​គាត់​អត់​ដី​ទេ ឲ្យ​គាត់​ទៅ​បញ្ជាក់​ពី​មូលដ្ឋាន​គាត់​មក ពី​ភូមិ​ឃុំ​គាត់​មក ថា​គាត់​ពិត​ជា​អត់​ដី​មែន។ គេ​មាន​កម្មវិធី​បែង​ចែក​ដី​សង្គមកិច្ច គាត់​មក​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង»
សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​អ្នក​តវ៉ា ឲ្យ​ដឹង​ថា ស្ពាន​ឈើ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដុត​បំផ្លាញ នៅ​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៦ កន្លែង​ដែល​អ្នក​តវ៉ា​យក​ដើម​ឈើ​ធ្វើ​របាំង​បិទ​ផ្លូវ ធ្វើ​ឲ្យ​រថយន្ត និង​ម៉ូតូ​ប្រមាណ ៥០០​គ្រឿង​កក​ស្ទុះ​ចរាចរណ៍​នៅ​តំបន់​នោះ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​ក្រចេះ បាន​ចាត់​មន្ត្រី​ចុះ​ទី​កាន់​ទី​កើត​ហេតុ​ហើយ ក៏ប៉ុន្តែ​មន្ត្រី​សម្រប​សម្រួល​សមាគម​ប្រចាំ​ខេត្ត​ក្រចេះ អ្នកស្រី ធីម ណារីម សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ស្ថានភាព​អាក្រក់​នេះ។ អ្នកស្រី​ចាប់​អារម្មណ៍​ថា ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​ខុស​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​គួរ​ស្វែង​រក​ដំណោះស្រាយ​ណា​ដែល​មិន​បង្ក​ភាព​ហិង្សា ដែល​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ប៉ះពាល់​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ៖ «មនុស្ស​វា​ខុស​ ពី​សត្វៗ​វា​អាច​រស់​នៅ​កន្លែង​ផ្សេងៗ​បាន ប៉ុន្តែ​មនុស្ស​វា​ត្រូវ​ការ​ដី។ បើ​សិន​យើង​រក​ឃើញ​ថា គាត់​មាន​តម្រូវ​ការ​ចាំបាច់​មែន គួរ​រក​វិធី​សម្រប​សម្រួល​ដោះ​ដូរ​បែប​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន»
មក​ទល់​នឹង​រសៀល​ម៉ោង​៤ ថ្ងៃ​ដដែល​នេះ មិន​ទាន់​ឃើញ​ក្រុម​អាជ្ញាធរ​ណា​ចុះ​ដោះស្រាយ​បញ្ឈប់​ការ​បិទ​ផ្លូវ​ជាតិ​ នេះ​នៅ​ឡើយ។ ចំណែក​ក្រុម​អ្នក​តវ៉ា​ស្រែក​អំពាវនាវ​ស្វែង​រក​កិច្ច​គាំពារ​សិទ្ធិ​រស់​នៅ និង​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ប្រើ​ហិង្សា​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ និង​គ្មាន​ដំណោះស្រាយ​បែប​នេះ។
ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦ ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ៥​រសៀល កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទី​កើត​ហេតុ កើន​ឡើង​ជិត ២០០​នាក់ បន្ទាប់​មក​ថ្នាក់​ដឹក​នាំ​ក្រុម​សមត្ថកិច្ច បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ទើប​អ្នក​តវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ដូច​ធម្មតា៕
ប្រភពពី វិទ្យុអាស៊ីសេរី