ឡាន​ពាក់​ស្លាក​លេខ​រដ្ឋសភា បើក​បុក​តូប​លក់​សាំង ឆេះ​ផ្អើល​ទាំងយប់ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

2/20/2014 0 Comments A+ a-

ខេត្តបាត់ដំបង ៖ តូប​​លក់​​សាំង​​មួយ​ក​ន្លែង ត្រូវ​​រថ​យន្ត​​ពាក់​​ស្លាក​​លេខ​​រដ្ឋ​ស​ភា បើក​​បុក​​ប​ណ្តា​ល​​ឲ្យ​​ឆេះ​​ផ្អើល​​ទាំង​យប់ ហើយ​​ស្ត្រី​​ជា​​ម្ចាស់​​តូប បាន​​រលា​ក​​រលួ​យ រង​របួស​​ធ្ងន់ ត្រូវ​​សាច់​ញាតិ​​ដឹក​យក​​ទៅ​​ស​ង្គ្រោះ នៅ​​គ្លី​និក​​ឯក​ជន កាល​ពី​​វេ​លា​​ម៉ោង ២២​​និង​៣០ នាទី យប់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្លិប​កំសាន្ត​ស្តា​ឡាយ ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​
​សាក្សី​បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក អ៊ី​ស៊ុយ​ហ្ស៊ុ​យ ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ រដ្ឋសភា 2-035 ជា​កម្ម​សិទ្ធ​របស់លោក ទេស ហ៊ា​ញ អតីត​សមាជិក​រដ្ឋសភា បើកបរ​ដោយ​ឈ្មោះ  ម៉ាប់ អាយុ​ជាង ២០​ឆ្នាំ ត្រូវជា​កូនប្រុស​លោក ទេស ហ៊ា​ញ មាន​ទីលំនៅ ក្នុងភូមិ​-​សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ចំណែក​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​ភ្លើង​ឆេះ មានឈ្មោះ តាំ អេង ហៅ​វ៉ិ​ត​ អាយុ ៥២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​សាំង រងរបួស​ពេញ​ដងខ្លួន ដៃ ក ដើមទ្រូង​និង​សក់​មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ ហើយ​សាំង​ជាច្រើន​ដប ត្រូវ​ឆេះ​បំផ្លាញ​អស់ គិត​ជា​ទឹកប្រាក់​ជាង ១៥០០ ដុល្លារ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កូនប្រុស​លោក ទេស ហ៊ាញ បាន​បើករថយន្ត​ចេញ ពី​កន្លែង​ផឹកស៊ី ហើយ​មាន​ភាពស្រវឹង​ជោក ជ្រុល​ទៅបុក​តូប​លក់​ចាប់ហួយ និង​លក់​សាំង កន្លែង​ដែល​សង់ នៅ​កាច់ជ្រុង​ជាប់​ចិញ្ចើមថ្នល់ ពេញ​មួយ​ទំហឹង កើតចេញ​ជា​អណ្តាតភ្លើង ឆាបឆេះ​តូប​ខ្ទេច​អស់​គ្មាន​សល់ និង​ឆាបឆេះ​ស្ត្រី​ម្នាក់ ដែលជា​ម្ចាស់​តូប បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវបាន​អ្នកជិតខាង ដឹក​យកទៅ​មន្ទីរពេទ្យ​ឯកជន សុវណ្ណ ជាបន្ទាន់ ហើយ​ក្រោយពេល​បង្កហេតុ អ្នកបើករថយន្ត បាន​ព្យាយាម​បើក​រត់​ចូល ទៅ​ក្នុងផ្ទះ​របស់ខ្លួន​។
​សមត្ថកិច្ច​ក្រុម​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើករថយន្ត​ដេញតាម រហូត​ទៅដល់​ផ្ទះ ស្រាប់តែ​លោក ទេស ហ៊ា​ញ ចេញ​មុខមក​អន្តរាគមន៍ មិន​ឲ្យ​សមត្ថកិច្ច នាំយក​រថយន្ត និង​កូនប្រុស របស់លោក ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ឡើយ ដោយ​លោក​និយាយថា រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃស្អែក​។ នគរបាល​ចរាចរណ៍​ខេត្ត បាន​បញ្ជាក់ថា នៅ​ម៉ោង ៣​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ថា រឿងនេះ លោក ទេស ហ៊ា​ញ ជា​អ្នកទទួលខុសត្រូវ​ទាំងអស់​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ និង​ថ្លៃ​ព្យាបាល​អ្នកជំងឺ​។ ចំណែក​ជនរងគ្រោះ បាន​ប្រាប់ថា សម្ភារៈ​លក់ដូរ ដូចជា​សាំង​និង​ចាប់ហួយ គិត​ជា​ប្រាក់​ចំនួន ១៥០០​ដុល្លារ ចំណែក​របួស​មិនទាន់ អាច​វាយតម្លៃ​បានទេ​។​
​សូមបញ្ជាក់ថា កាលពី​ខែមករា ឆ្នាំ​២០១៤ ក្រុមចោរប្លន់ បាន​ជិះ​ម៉ូតូ​រត់គេច បាន​ប្រហែល ១០០​ម៉ែត្រ ក៏​ជ្រុល​បុក​តូប​លក់​សាំង ចំណុច​ខាងលើនេះ ដួល​ច្រ​ង៉ា​ប់​ច្រ​ងិ​ល ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់ ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​។ តែ​វេលា​ម៉ោង ២២​និង​៣០ នាទី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ រថយន្ត​បាន​បើក​បុក តូប​លក់​សាំង​នេះ​ម្តងទៀត បណ្តាលអោយ​ឆាបឆេះ មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជា​ពលរ​រដ្ឋ បាន​ជួយ​ពន្លត់​ទាន់ មិនអោយ​ឆេះ​ដល់ផ្ទះ​អ្នកដទៃ​៕


ប្រភពពី វត្តភ្នំ