ប្រវត្តិ​ជូរចត់​របស់ កែវ រំចង់ មុន​ទៅ​បាក់ស្បាត​នៅថៃ​

2/26/2014 0 Comments A+ a-

ភ្នំពេញៈ ថ្មីៗនេះការឡើងសង្វៀន របស់អ្នកលេង កម្លាំងយក្ស កែវ រំចង់ កីឡាករជើងខ្លាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ពុំសូវទទួលបាន លទ្ធផលល្អនោះទេ គឺធ្លាប់វាយគូប្រកួត របស់ខ្លួនឲ្យសន្លប់ចំនួន ២ដង សន្លប់របស់គេវិញ ២ដងដែរ និង ត្រូវប្រកួតចាញ់ពិន្ទុគេ មួយដងផងដែរ ក្នុងជំនួបមិត្តភាពជាតិ និងអន្តរជាតិ ។
ប្រវត្តិ ៥ប្រកួតចុងក្រោយ ដែលសិស្សក្បាច់គុន បុរាណខ្មែរមកពីក្លឹបកង ពលតូចអន្ដរាគមន៍ លេខ៨ ភ្នំទ្រព្យ វ័យ២៨ឆ្នាំ កីឡាករ កែវ រំចង់ ដោយកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ រំចង់ បានត្រូវអាម៉ាស់មុខ យ៉ាងខ្លាំងក្រោយពីប្រកួត ចាញ់សិស្សប្អូន កីឡាករ វង្ស ណយ មកពីក្លឹបកងពលតូច លេខ៣១ ដោយពិន្ទុ ជាលើកដំបូង ខណៈ វង្ស ណយ ធ្លាប់ប្រកួត ចាញ់ពិន្ទុ កែវ រំចង់ ចំនួន៣លើកទៅហើយ ។ ប៉ុន្ដែការចាញ់នោះ កែវ រំចង់ មិនអស់ចិត្តឡើយ ហើយក៏សុំប្រកួត សងសឹកជាមួយកីឡាករ វង្ស ណយ ម្ដងទៀតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំដដែល ។ នៅក្នុងការប្រកួតសងសឹកនេះ កែវ រំចង់ ត្រូវបាន វង្ស ណយ ប្រើកែងវាយសម្រុកចូលជាច្រើន ធ្វើឲ្យសន្លប់ត្រឹមទឹក២ទៀត ។
ចំណែករហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣វិញ កែវ រំចង់ បានស្ដារមុខមាត់ ឡើងវិញ ក្រោយផ្ដួលម្ចាស់ខ្សែ ក្រវ៉ាត់ Champions of Latvia 2012 របស់ប្រទេសឡាវី គឺកីឡាករ Vitalijs ឲ្យសន្លប់ក្នុងទឹកទី១ ហើយសប្ដាហ៍ បន្ទាប់ គឺថ្ងៃទី ២៧ ខែធ្នូដដែល កែវ រំចង់ បានធ្វើឲ្យជើងខ្លាំង អាល្លឺម៉ង់ ម្នាក់ទៀត ឈ្មោះថា Saif Eddine ចាញ់ ទាំងមិនអស់ចិត្ត បន្ទាប់ ពីត្រូវបង្ខំចិត្តបោះបង់ ការប្រកួតត្រឹមទឹកទី២ ក្នុងព្រឹត្តិការណ៍ Khmer Figther ។
ប៉ុន្ដែក្រោយពី កីឡាករ កែវ រំចង់ ផ្ដួលកីឡាករ Saif Eddine របស់ប្រទេសអាល្លឺម៉ង់ ឲ្យសន្លប់ទឹកទី២ ហើយនោះ រំចង់ មិនបានធ្វើការប្រកួត អ្វីទៀតនោះទេ បន្ទាប់ពីទទួលបាន ការអញ្ជើញពី គណៈកម្មការរៀបចំ ការប្រកួត Thai Fight របស់ថៃ ដែលត្រូវប្រកួត ជាមួយកីឡាករថៃ ឈ្មោះថា Yodsanklai Fairtex កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤សប្ដាហ៍ មុននេះ ។
មួយប្រកួតចុងក្រោយនេះ កែវ រំចង់ បានទទួលការបរាជ័យ យ៉ាងធ្ងន់ធ្ងរសារជាថ្មី ម្ដងទៀត ដោយសារត្រូវបាន កីឡាករ Yodsanklai Fairtex របស់ថៃវាយឲ្យ សន្លប់ត្រឹមទឹកទី២ សឹងតែមិនបានតបត មួយដៃសោះឡើយ ។ ពេប្រកួតត្បិត កែវ រំចង់ មានឱកាសវាយទៅលើ ដងខ្លួន Yodsanklai ក៏ពិតមែន ប៉ុន្ដែទម្ងន់ដៃរបស់ កែវ រំចង់ មិនបានធ្វើឲ្យកីឡាករ ម្ចាស់ ផ្ទះនោះឈឺសាច់ ឬព្រឺរោមឡើយ ។ ដូច្នេះទើប កែវ រំចង់ ត្រូវសន្លប់ ងាយបែបនេះ ៕