គណបក្សប្រឆាំង​ច្រាន ចោល​ព័ត៌មាន​ថា ខ្វែងគំនិត​រឿង​ទាមទារ​ តំណែង​ក្នុង​សភា​​

10/13/2013 0 Comments A+ a-

គណបក្សប្រឆាំង ច្រាន​ចោល​ការលើកឡើង​របស់​គណបក្ស​កាន់អំណាច ចំពោះ​ការចោទប្រកាន់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការខ្វែងគំនិត​គ្នា និង​មិន​ទទួលខុសត្រូវ​ចំពោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​
​ការច្រានចោល​នេះ ធ្វើឡើង​បន្ទាប់​ពី​ខុទ្ទកាល័យ​ លោក ស ខេង សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌​មាន នៅ​ថ្ងៃ​ទី​១២ ខែតុលា អះអាងថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​ខុសគ្នា ចំពោះ​ការទាមទារ​តំណែង​ក្នុង​រដ្ឋសភា​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​នេះ​មិន​មាន​ការខ្វែងគំនិត​គ្នា​ដូច​ការលើក​ឡើង​ទេ​។​ លោក​ថា ​ថ្នាក់ដឹក​នាំ​​គណបក្ស​នេះ មាន​ឯកភាព និង​ជំហរ​រួម​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​។​
​អ្នកនាំពាក្យ​រូប​នោះ​អះអាង​ទៀតថា​ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​នោះ គឺ​តុល្យភាព​អំណាច​ក្នុង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជាពិសេស​ គឺ​ស្ថាប័ន​រដ្ឋសភា ដើម្បី​ធ្វើកំណែទម្រង់​ការដឹកនាំ​ឆ្លើយតប​ទៅនឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ជា​ម្ចាស់ឆ្នោត​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ស ខេង ឲ្យដឹង​ដែរថា មុន​សមាជ​មហាជន​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រាប់​តាម​ទូរស័ព្ទ​ទៅ​ លោក ស ខេង ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​ទាមទារ​តំណែង​ប្រធានរដ្ឋសភា ប៉ុន្តែ​ទាមទារ​ឲ្យមាន​ការបែងចែក​តំណែង​សមាជិក​គណៈ​កម្មាធិកា​រ​អចិន្ត្រៃយ៍​ទាំង​១២ នៅក្នុង​រដ្ឋសភា​ឲ្យ​ស្មើគ្នា​។
​ផ្ទុយទៅវិញ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាំពាក្យ​គណបក្ស លោក យឹម សុវណ្ណ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​តំណែង ឲ្យមាន​តុល​ភាព​អំណាច​ក្នុង​សភា​​ ដើម្បី​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ នៅ​អាណត្តិ​ទី​៥​នេះ៕ via: VODHOTNEWS