សមត្ថកិច្ច​សាកសួរ បុរស​មាន​អាវុធ​ចូល​បន្លំ​ក្នុង​ ក្រុមអ្នកតវ៉ា​ដែលមាន​តំណាង រាស្ត្រ​បក្ស​ប្រឆាំង​ចូលរួម​

10/13/2013 0 Comments A+ a-

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល ដាក់អាវុធ​តាម​ខ្លួន​បន្លំ​ចូលក្នុង​ក្រុមអ្នកតវ៉ា​អហិង្សា​មួយ នៅ​ទីលាន​ប្រជាធិបតេយ្យ​យក​ទៅ​សាកសួរ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​
​ការឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​ពី​ការប៉ះទង្គិច​គ្នា​មួយ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ​ក្នុង​ពិធី​ប្រា​រព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នា​ថ្ងៃ​អាទិត្យ​ទី​១៣ ​ខែ​តុលា​នេះ ដែលដឹកនាំដោយ​ប្រធានសមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងមាន​ការចូល​រួម​ពីបក្ខជន​ជាប់​ឆ្នោត​បក្ស​ប្រ​ឆាំង​ផងដែរ​។
​បុរស​រូប​នោះ ត្រូវបាន​ក្រុមអ្នកតវ៉ា​រកឃើញថា មានភ្ជាប់​កាំភ្លើងខ្លី​មួ​យ​ដើម​ជាប់​ខ្លួន បន្លំ​ចូលក្នុង​ហ្វូង​អ្នក​តវ៉ា ដែល​មាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់ អំឡុង​ពេល​តំណាង​គ្រូ​បង្រៀន​កំពុង​ថ្លែង​ការចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ផលវិបាក ​ដែល​គ្រូបង្រៀន​ជួបប្រទះ​។​
​ក្រោយ​ទិវា​គ្រូ​បង្រៀន​បាន​បញ្ចប់ នៅលើ​ទីលាន​ប្រជាធិបតេយ្យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​លោកស្រី មួ​រ សុខ​ហួរ បាន​ជួប​ផ្ទាល់​ជាមួយ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ចន្ទ​ពិសិដ្ឋ​។​
ក្នុង​ជំនួប​ពិភាក្សា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប បាន​អះអាង​តំណាងឲ្យ​ប្រជាពលរដ្ឋ​ប្តឹង​បុរស​ម្នាក់​នោះ ពាក់ព័ន្ធ​នឹង​ការ​បង្កចលាចល​ក្នុង​ហ្វូង​បាតុករ​អហិង្សា​។​
ក្រោយពី​ទទួល​បាន​វត្ថុតាង និង​អាវុធ លោក មាស ចន្ទ​ពិសិដ្ឋ អះអាង នឹង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នេះ ដោយ​បាន​បញ្ជូន​បុរស​ម្នាក់​នោះ ទៅកាន់​បុស្តិ៍នគរបាល​វត្តភ្នំ ដើម្បី​សាក​សួរ​​តាម​នីតិវិធី​។​
​តាមរយៈ​ប័ណ្ណ​ព័ត៌មាន​សំគាល់​ខ្លួន បុរស​ម្នាក់​នោះ ឈ្មោះ ប៉ឹង ជឿន អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​អ្នកយកព័ត៌មាន​របស់​ភ្នាក់ងារ Website (MID PP)​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ករណីនេះ សម្តែង​ការសោកស្តាយ ចំពោះ​ហិង្សា​ដែល​កើតឡើង​នេះ​។​ ជាមួយគ្នានេះ លោក ចាត់ទុកថា ការ​យក​អាវុធ​ចូលក្នុង​ហ្វូង​បាតុករ ក្នុងនាម​ជា​អ្នកយក​ព័ត៌មាន​នេះ គឺជា​អំពើ​ខុសច្បាប់​មួយ​។​
​កាលពី​យប់​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១២ ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​នៅ​ស្ពាន​ក្បាលថ្នល់​រវាង​ស​មត្ថកិច្ច និង​ក្រុម​យុវជន​មួយក្រុម ត្រូវបាន​ពលរដ្ឋ​អះអាងថា មាន​មនុស្ស​ស្លៀក​ពាក់​​ស៊ីវិល​បាន​បន្លំ​ខ្លួន​ចូល​កន្លែងកើតហេតុ បាញ់​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ជាង​១០​នាក់ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​នៅ​មិនទាន់​វែកមុខ ជនដៃដល់​មក​ផ្តន្ទាទោស​បាន​នៅឡើយ​ទេ៕