ឪពុក​មា​សាច់​ថ្លៃ​កំហូច​ ចាប់រំលោភ​​ក្មួយ​ស្រី​អាយុ​៦​ឆ្នាំ ​ប៉ូលិស​ចាប់​ខ្លួន​ពេល​ប្រុង​រត់

10/12/2013 0 Comments A+ a-

ខេត្តកំពត ៖ បុរសម្នាក់ខណៈកំពុងជិះកង់តាមផ្លូវលំ ត្រូវបាននគរបាលស្រុកកំពង់ត្រាច ស្ទាក់ចាប់ខ្លួននៅវេលាថ្ងៃត្រង់ថ្ងៃទី១០ តុលា បន្ទាប់ពីបុរសនេះចាប់ក្មួយស្រីសាច់ថ្លៃ របស់ខ្លួនរំលោភកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី១០ តុលា នៅក្នុងផ្ទះរបស់ខ្លួន ។ ជនជាប់ចោទចាប់រំលោភក្មួយស្រី សាច់ថ្លៃនេះឈ្មោះត្រោក ដន អាយុ៣០ឆ្នាំ មានប្រពន្ធមានកូននៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច រីឯក្មួយស្រីរងគ្រោះមានអាយុ៦ឆ្នាំ ។
មន្ត្រីនគរបាលនិយាយថា នៅព្រឹកថ្ងៃកើតហេតុកុមារីរងគ្រោះ ជាក្មួយរួមទាំងបងស្រីរបស់នាងអាយុ៩ឆ្នាំ បានដើរមកលេងផ្ទះជនជាប់ចោទ ជាឪពុកមាសាច់ថ្លៃរូបនេះ ឯជនជាប់ចោទដែលមានបំណងអាក្រក់ បានឱ្យលុយទៅនាងបងឱ្យដើរទៅទិញនំ ដោយទុកឱ្យប្អូនស្រីអាយុ៦ឆ្នាំនៅក្នុងផ្ទះជាមួយខ្លួន ។ លុះពេលក្មេងស្រីជាបងត្រឡប់មកពី ទិញនំវិញស្រាប់តែឮប្អូនស្រីស្រែក ពេលនោះនាងរុញទ្វារផ្ទះខាងមុខចូល ប៉ុន្តែទ្វារត្រូវបានខ្ទាស់គន្លឹះជាប់ រួចនាងក៏បានចូលតាមទ្វារក្រោយ ទើបឃើញឪពុកមាសាច់ថ្លៃកំហូចកំពុងធ្វើសកម្មភាពរំលោភប្អូនស្រី ។
ដោយឃើញនឹងភ្នែកបែបនេះនាង ក៏បានស្រែករួចរត់ចេញពីផ្ទះ ទើបមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍តែម្តង ។ ពេលបានទទួលដំណឹងនោះភ្លាម កងកម្លាំងនគរបាលក៏នាំគ្នាទៅផ្ទះជនជាប់ចោទ លុះជួបជនកំហូចនេះកំពុងជិះកង់តាមផ្លូវលំ ដែលមានបំណងប្រុងគេចខ្លួនក៏ចាប់ឃាត់ខ្លួនតែម្តង ។ នៅរសៀលថ្ងៃដដែល លោករ័ត្ន សំអាង អធិការរងនគរបាលស្រុក រួមទាំងមន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួនជនជាប់ចោទ ទៅកាន់ស្នងការដ្ឋានខេត្តសួរនាំបន្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើ កោសល្យវិច័យនិងព្យាបាល ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព