រថយន្តឈ្នួល បុកម៉ូតូបណ្តាលឲ្យ បុរសចំណាស់ ២នាក់ស្លាប់

10/21/2013 0 Comments A+ a-

សៀមរាប៖ បុរសវ័យចំណាស់ ២នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ រថយន្ដឈ្នួល បុកជាមួយម៉ូតូកាលពី ម៉ោង៨ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្ត្រីនគរបាល ដែលបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គ្រោះថ្នាក់ចរាចរបានកើតឡើង រវាងរថយន្តឈ្នួល ម៉ាក់កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-2138 ដែលធ្វើដំណើរពីស្រុកស្ទោង ខេត្តកំពង់ធំ មកកាន់ខេត្តសៀមរាប ដោយមានអ្នកជិះក្នុងរថយន្ដចំនួន ៨ នាក់ បុកម៉ូតូម៉ាកហុងដា ឌ្រីម១០០ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1D-9202 ដែលបើកបរ ស្របទិសគ្នាជាមួយរថយន្ត។
គ្រោះថ្នាក់ចរាចរនេះ បណ្ដាលឲ្យបុរសវ័យចំណាស់ជិះម៉ូតូ២នាក់ បានស្លាប់ ដោយម្នាក់ បានស្លាប់នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត ស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបររថយន្តឈ្នួល បានរត់គេច ខ្លួនបាត់ស្រមោល។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ ទី១. ឈ្មោះ សៅ ហ៊ា អាយុ ៧១ឆ្នាំ ជាអ្នកបើកបរម៉ូតូ ទី២. ឈ្មោះ គង់ កាត់ អាយុ ៦៥ឆ្នាំ ជិះខាងក្រោយ។ ជនរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រា សាទបាគង ខេត្តសៀមរាប។
ក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុហើយនោះ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៃព្រះពុទ្ធសាសនា។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគង ដើម្បីបន្តចាត់ការតាមច្បាប់៕

Pheak-0389
Pheak-0390
Pheak-0391
Pheak-0392