លោក​តា​ឡើង​ទៅ​​សំ​ណាក់​​ធម៌​​លើ​​ភ្នំ​​ជី​​សូរ ត្រូវ​​​ឃាតក​​​សម្លាប់​​​យក​សព ​​ទៅកប់​ចោលបំបិទដាន

10/24/2013 0 Comments A+ a-

ខេត្ដ​តាកែវ ៖ សាក​សព​​ជន​រង​គ្រោះ ជា​​លោក​តា​​អា​យុ ៧៨​​ឆ្នាំ​​​ស្នាក់​នៅ​​សំ​ណាក់​​ធម៌ លើ​​ភ្នំ​​ជី​​សូរ​​ ត្រូវ​​ជន​​មិន​​ស្គាល់​មុខ សម្លាប់​​យ៉ាង​​ឃោរ​ឃៅ រួច​យក​​សាក​សព​ទៅ​​​កប់​​បំ​បាត់​ដាន ហើយ​​​ត្រូវ​​បាន​​​សាច់​ញាតិ​​ប្រ​ទះ​ឃើញ កាល​ពី​​ព្រ​លឹម​​ស្រាងៗ​​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅ​ខាងជើង វិហារ​វត្ដ​ភ្នំ​ជី​សូរ ស្ថិតក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្ដ​តាកែវ ។​

​ជនរងគ្រោះ​មានឈ្មោះ ចាប តូច អាយុ ៧៨​ឆ្នាំ រស់នៅ​ភូមិ​ដកពរ ឃុំ​រវៀង ស្រុក​សំរោង ។ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ជនរងគ្រោះ​បាន​ឡើង​ទៅលើ​ភ្នំ ដើម្បី​សំណាក់​ធម៌ ដូច​សព្វមួយដង ហើយ​នៅក្នុង​ខ្លួន​របស់​ជនរងគ្រោះ មាន​ពាក់ចិញ្ចៀន​១​វង់ ទម្ងន់ ២​ជី និង​លុយ ៤០ ម៉ឺន​រៀល ព្រមទាំង​ទូរស័ព្ទ​១​គ្រឿង​ផងដែរ ។

​នៅពេល​ព្រលឹម​ស្រាងៗ បងប្អូន​កូនចៅ​ជនរងគ្រោះ ដោយសារ​បាត់​ជនរងគ្រោះ​យូរ មិនឃើញ​មក​ផ្ទះ​ក៏​នាំគ្នា​ទៅរក នៅ​កន្លែង​សំណាក់​ធម៌ តែ​ពុំ​ឃើញ​ជនរងគ្រោះ​នោះទេ ។ ដោយមាន​ការសង្ស័យ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏បាន​នាំគ្នា​ដើររក​បន្ដ ស្រាប់​តែមាន​ឃើញ​ស្នាម​ដី នៅ​ខាងជើង ព្រះវិហារ​លើ​កំពូលភ្នំ​ជី​សូរ ក៏​នាំគ្នា​កាយ​មើល ទើប​ឃើញ​សាកសព​ជនរងគ្រោះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង ។

​មន្ដ្រី​ជំនាញ​នៃ ស្នងការដ្ឋាន​ខេត្ដ​បានឱ្យដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្ដិ ដោយ​មានការ​គិតទុក​ជាមុន និង​មាន​គ្នា​ចាប់ពី ២​នាក់​ឡើងទៅ ។ មន្ដ្រី ជំនាញ​បាន​បន្ដថា ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ ប្រើ​វត្ថុ​រឹង​វាយ​ក្បាល ពីក្រោយ​ជាច្រើន​កន្លែង ទើប​ជនសង្ស័យ​នាំគ្នា លើកសព​ជនរងគ្រោះ ទៅ​កប់​បំបិទដាន​ជា​ក្រោយ ។ ជនសង្ស័យ និង​ជនរងគ្រោះ​អាចជា​មនុស្ស​ស្គាល់គ្នា​ច្បាស់ ទើប​ជនសង្ស័យ​សម្លាប់ ជនរងគ្រោះ​បំបិទមាត់ ៕
Wat 23103

____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ