វិចារណកថាៈ ចាំមើលសហគមន៍ អន្ដរជាតិ ជួយគណបក្ស សង្គ្រោះជាតិ បែបណា?

10/25/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖ looking today.com
រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម លើកទី៣ ដោយមានប្រជាពលរដ្ឋ មកពីគ្រប់បណ្ដាខេត្ត-ក្រុង ទូទាំងប្រទេសចូលរួម ។ ចាប់តាំងពី ថ្ងៃដំបូង គឺថ្ងៃទី២៣ ខែតុលា ក្រុមបាតុករបានដង្ហែ ញត្តិយកទៅដាក់ជូនអង្គការ សហប្រជាជាតិ តាម រយៈការិយា ល័យ ឧត្តម ស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ នៅថ្ងៃទី២ ក្រុមបាតុករបាន ដង្ហែញត្តិ ទៅដាក់ជូនស្ថានទូតប្រទេសមហាអំណាចចំនួន៣ គឺស្ថានទូតបារាំង, ស្ថានទូត អង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក ។ ហើយនៅថ្ងៃចុងក្រោយក្រុមបាតុករ នឹងដង្ហែញត្តិទៅដាក់ នៅស្ថាន ទូត ចិន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតសហព័ន្ធ រុស្ស៊ីផងដែរ ។ ញត្តិដែលក្រុមបាតុករដង្ហែ យកទៅដាក់ជូន នៅតាមបណ្ដាស្ថានទូតប្រទេស ជាហត្ថលេខីនៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីស គឺមាន អមដោយស្នាមមេដៃ ប្រជាពលរដ្ឋរាប់លាននាក់ ដែលទាមទារឲ្យអង្គការ សហប្រជាជាតិ និងប្រទេស ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីសជួយដោះស្រាយ ភាពមិនប្រក្រតី នៃការបោះឆ្នោតក្នុង ប្រទេស កម្ពុជា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក ជាម យៀប ជាមន្ដ្រីជាន់ខ្ពស់ និងជាតំណាងរាស្រ្ដ គណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ស្នាមមេដៃដែលប្រមូលដោយ គណបក្សសង្គ្រោះជាតិ ផ្ញើទៅអង្គការ សហប្រជាជាតិ និងលិខិតផ្ញើទៅប្រទេសមហាអំណាច គឺជារឿងគ្មានន័យ ។ លោក ជាម យៀប បាន បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស រហូតមកដល់ពេលនេះ គឺអស់សុពលភាពហើយ បន្ទាប់ពីរដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានបង្កើតឡើង ។ ម្យ៉ាងទៀត វាយឺតពេលហើយ សម្រាប់គណបក្ស សង្គ្រោះជាតិ ព្រោះរដ្ឋសភានីតិកាលទី៥ និងរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួចហើយ ស្របទៅ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ប្រទេសកម្ពុជា ។ មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនរូបនេះ បានអះអាងទៀតថា កម្ពុជា គឺជាប្រទេសមានឯករាជ្យភាព សេរីភាព អធិបតេយ្យភាព និងបូរណ ភាពទឹក ដីពេញលេញ ដូច្នេះគ្មានអ្នកណាម្នាក់អាចមកបញ្ជាបានទេ រដ្ឋសភា ដំណើរការទៅមុខរង់ចាំ គណបក្សសង្គ្រោះជាតិឡើយ ។
ក្រុមអ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា អ្វីដែលលោក ជាម យៀប លើកឡើង គឺជារឿងសមស្រប ព្រោះកម្ពុជា គឺជា ប្រទេសដែលមានឯករាជ្យភាព អធិបតេយ្យ ភាព និងបូរណភាពទឹកដីពេញលេញ ដូច្នេះពុំមានប្រទេសណាមួយ អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កម្ពុជាបានទេ ។ មានន័យថា ការធ្វើមហាបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ មិនទទួល បានលទ្ធផលអ្វី ក្រៅពីដង្ហែញត្តិ និងស្នាមមេដៃប្រជាពលរដ្ឋ ទៅដាក់ជូន អង្គការសហប្រជាជាតិ និងស្ថានទូតនៃបណ្ដាប្រទេសនានាមួយចំនួននោះទេ ។ រហូតមកដល់ពេលនេះ រដ្ឋសភានីតិកាលទី៥ និងរាជរដ្ឋាភិបាលថ្មី បានចេញដំណើរ ទៅមុខយ៉ាងរលូនបើទោះបីតំណាងរាស្រ្ដគណបក្សសង្គ្រោះ ជាតិ មិនចូលរួមប្រជុំសភាលើកដំបូងយ៉ាងណាក៏ដោយ ។ រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើត ឡើងស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសហគមន៍អន្ដរជាតិ បានដឹងយ៉ាងច្បាស់អំពីស្ថានភាពនយោបាយនៅកម្ពុជា ។
សូមបញ្ជាក់ថា ក្នុងមហាបាតុកម្មលើកទី៣ រយៈពេល ៣ថ្ងៃ ក្រុមបាតុករមកពីបណ្ដាខេត្តនានា ប្រមូល ផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនយកញត្តិ ព្រមទាំង ស្នាមមេដៃ ទៅដាក់នៅតាមបណ្ដា ស្ថានទូតប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ។ ក្នុងនោះតំណាងស្ថានទូត នៃបណ្ដាប្រទេសមួយចំនួន បានសន្យាជួយដោះស្រាយតាមការទាមទាររបស់ក្រុមបាតុករ ដែលគាំទ្រ គណបក្សសង្គ្រោះជាតិ ប៉ុន្ដែគេមិនដឹងថា បណ្ដាប្រទេសទាំងនោះ ត្រូវដោះស្រាយរបៀប ណាឡើយ ។ ដោយហេតុថា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកទទួលបានជ័យជំនះ ដោយទទួល បានអាសនៈចំនួន ៦៨នៅក្នុងរដ្ឋសភា ចំណែកគណបក្ស សង្គ្រោះជាតិ វិញទទួលបានតែ ៥៥អាសនៈប៉ុណ្ណោះ ។ តាមលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា អាចបង្កើតរដ្ឋសភានីតិកាលទី៥ និងរាជរដ្ឋាភិបាលថ្មីតែឯងបាន ដោយអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ។ ដូច្នេះការតវ៉ាទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ គ្មាន ប្រសិទ្ធភាពទេ បើទោះបីមានការប្រមូលផ្ដុំ ធ្វើមហាបាតុកម្មច្រើនលើកយ៉ាងណាក៏ដោយ ។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានវាយតម្លៃទុកជាមុនថា នៅទីបំផុតគណបក្សសង្គ្រោះជាតិ ត្រូវទទួល យកអាសនៈចំនួន ៥៥ នៅក្នុរដ្ឋសភា តាមការកំណត់គម្រប់ រយៈពេល ៣ខែក្រោយការ បោះឆ្នោត បើមិនដូច្នេះទេ គណបក្សសង្គ្រោះជាតិ នឹងត្រូវបាត់បង់អាសនៈទាំងនោះ ដោយស្វ័យប្រវត្តិ ។ ម្យ៉ាងទៀត ការដែលលោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រឹងប្រែងរកអន្ដរាគមន៍ ឲ្យអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសហត្ថលេខី កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ជួយរក ដំណោះស្រាយ សម្រាប់គណបក្សប្រឆាំង គឺជារឿងមិនអាចទៅរួចឡើយ ។ ជាក់ស្ដែង រដ្ឋសភា នីតិកាលទី៥ និងរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងស្រប តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់ប្រទេសកម្ពុជា ដូច្នេះពុំមានហេតុផលអ្វី ដែលសហគមន៍អន្ដរជាតិ ត្រូវគិតគូរដោះស្រាយបញ្ហា នេះ ឡើយ ។ មានន័យថា នៅទីបំផុត គណបក្សសង្គ្រោះជាតិ នៅតែធ្វើជាគណបក្សប្រឆាំងដដែល ហើយគណបក្សសង្គ្រោះជាតិ ត្រូវគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានធ្វើសេចក្ដី សម្រេចតាម រយៈការ បោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ៕