សង្គ្រោះ​ជាតិ​ទទួល​បាន​ ការ​គាំទ្រ​ទាំង​កាយ​ចិត្ត​និង​ថវិកា

10/25/2013 0 Comments A+ a-

ភ្នំពេញៈ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​ពាន់​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ស្រែក​ហោ​កញ្ជ្រៀវ ខណៈ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​លើ​វេទិកា និង​បាន​ប្រៀប​ធៀប​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​បាតុកម្ម ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច ដែល​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង។
ភាព​ខុស​គ្នា ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​បញ្ជាក់ ដោយ​ស្រែក​តាម​មីក្រូ​ខ្លាំងៗ​នោះ​គឺថា៖ «គណបក្ស​ប្រជាជន ប្រើ​លុយ ដើម្បី​ជួល​មនុស្ស​ឲ្យ​មក​ធ្វើ​បាតុកម្ម។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ ដែល​មក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បង​ប្អូន​មក​ដោយ​ស្ម័គ្រ​ចិត្ត និង​នាំ​យក​ថវិកា​រាប់​រយ​ពាន់​មក​ចូល​រួម​ជាមួយ​យើង​ខ្ញុំ ដើម្បី​រៀបចំ​បាតុកម្ម មិន​មែន​តែ​បី​ថ្ងៃ​នេះ​ទេ គឺ​យើង​អាច​ធ្វើ​បាន​ច្រើន​រាប់​រយ​ថ្ងៃ​ថែម​ទៀត ប្រសិន​បើ​យើង​មិន​ទទួល​បាន​យុត្តិធម៌​ទេ​នោះ»។
នៅ​ថ្ងៃ ទី១ នៃ​ការ​ធ្វើ​បាតុកម្ម រយៈ​ពេល​បី​ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អ្នក​គាំទ្រ​មក​ពី​គ្រប់​ទី​កន្លែង​ធ្វើ​ការ​ចោទ​សួរ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ខែ កក្កដា និង​បាន​បង្ហាញ​អំពី​សាមគ្គីភាព​របស់​ពួក​គេ​ជាមួយ​នឹង​សេចក្តី​រីករាយ ដោយ​ថែម​ទាំង​បរិច្ចាគ​ប្រាក់ និង​អាហារ​សម្រាប់​ការ​ធ្វើ​បាតុកម្ម​នេះ។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រចាំការ​នៅ​កន្លែង​ផ្សេងៗ នៃ​ទីលាន​ប្រជាធិតេយ្យ ដើម្បី​មើល​ប្រអប់​ធុង​បរិច្ចាគ​ប្រាក់ ដែល​ប្រជាជន​ជាច្រើន​បាន​នាំ​គ្នា​ដាក់​ប្រាក់​បរិច្ចាគ។
លោក ចឿន សារៀម ដែល​ឈរ​នៅ​ពី​ក្រោយ​តុ​ដាក់​ធុង​បរិច្ចាគ​ប្រាក់​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​រាប់​បាន​ទេ ពី​ព្រោះ​មាន​ចំនួន​ច្រើន​ណាស់»។ លោក​បាន​បន្ថែម​ថា លោក​បាន​ឃើញ​ការ​បរិច្ចាគ​មាន​ចាប់​ពី ១ ដុល្លារ រហូត​ដល់ ៥០ ដុល្លារ។
អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ទៀត បាន​ថ្លែង​ថា នៅ​ក្នុង​បាតុកម្ម​លើក ទី ៣ ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​នេះ លោក​បាន​ឃើញ​មាន​ការ​បរិច្ចាគ​ប្រាក់​ច្រើន​ជាង​ការ​បរិច្ចាគ កាល​ពី​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​កាល​ពី​ខែ​មុន។
ស្រ្តី​ម្នាក់​អាយុ ៥៤ ឆ្នាំ ដែល​ពាក់​មួក​ឆាង និង​ចង​កន្សែង​បូ​ដែល​មាន​សរសេរ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរិច្ចាគ​ប្រាក់​ចំនួន ១០ ដុល្លារ និង​បាន​ថ្លែង​ថា សីលធម៌​របស់​អ្នក​ស្រី បាន​ជំរុញ​ឲ្យ​អ្នក​ស្រី​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​នេះ។ ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ខ្ញុំ​ស្រឡាញ់​យុត្តិធម៌ ខ្ញុំ​ស្រឡាញ់​ឯករាជ្យ ខ្ញុំ​ស្រឡាញ់​សន្តិភាព ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​គាំទ្រ»។
ក្រៅ​ពី​ការ​បរិច្ចាគ​ប្រាក់​ក្រុម​អ្នក​គាំទ្រ​ជាច្រើន បាន​ធ្វើ​ការ​បរិច្ចាគ​អ្វី​ក៏​ដោយ ដែល​ពួក​គេ​អាច ដូចជា អ្នក​នាង សុខ លាង ដែល​ជា​អាជីវករ នៅ​ផ្សារ អូឡាំពិក បាន​ផ្តល់​បាយ ៣០០ ប្រអប់​និង​ទឹក​សុទ្ធ​ចំនួន ២៤០ កេស។
អ្នក​ស្រី សុខ លាង បាន​ថ្លែង​បន្ត​ថា តូប​របស់​អ្នក​ស្រី​ត្រូវ​បាន​បិទ​មិន​លក់​ដូរ​ទេ ក្នុង​អំឡុង​ការ​ធ្វើ​បាតុកម្ម​នេះ។ អ្នក​ស្រី​បញ្ជាក់​ថា៖ «យើង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​យើង ដើម្បី​ឧបត្ថម្ភ​ប្រជាជន ដែល​មក​ចូល​រួម​ក្នុង​បាតុកម្ម​នេះ។ យើង​ត្រូវ​តែ​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌ សម្រាប់​ការ​បោះឆ្នោត​ជាតិ»។
មិន​មែន​មាន​តែ​អ្នក​ស្រី សុខលាង ទេ ដែល​ផ្តល់​បាយ​ប្រអប់ និង​ទឹក​សុទ្ធ ដល់​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាជីវករ​នៅ​តាម​ផ្សារ​ផ្សេង​ទៀត ក៏​បាន​ចូល​រួម​ជួយ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ផង​ដែរ។
ស្ត្រី​អាជីវករ ម្នាក់ លក់​ពង​ទា និង​មី នៅ​ផ្សារ អូឫស្សី ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ បាន​បរិច្ចាគ​ប្រាក់ ២០ ម៉ឺន​រៀល និង​អង្ករ​មួយ​បាវ ខណៈ​ដែល​ស្ត្រី​អាជីវករ​ម្នាក់​ទៀត បាន​ទិញ​បាយ ៥០ ប្រអប់ យក​ទៅ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​នឹង​អ្នក​ឧបត្ថម្ភ​ជាច្រើន​ផ្សេង​ទៀត។
នៅ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ លោក វ៉ាន់ តារា ហិរញ្ញិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​រាប់​ចំនួន​ប្រាក់ ដែល​សប្បុរសជន​បាន​ជួយ​ឧបត្ថម្ភ​នោះ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ក្នុង​អំឡុង​ពេល​នោះ​ថា ពួក​គេ​ទទួល​បាន​ប្រាក់​បរិច្ចាគ​ប្រហែល ២ ម៉ឺន​ដុល្លារ ក្នុង​មួយ​ថ្ងៃ ក្នុង​អំឡុង​បាតុកម្ម​កាល​ពី​ខែ​មុន។ លោក​ស្រី​បន្ត​ថា ភាព​សប្បុរសធម៌​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ជំនឿ​របស់​ពួក​គេ ចំពោះ​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​ស្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «យើង​មិន​បាន​ធ្វើ​ការ​អំពាវនាវ​សម្រាប់​ការ​បរិច្ចាគ​ទេ​ប្រជាជន​មក​ផ្តល់​ប្រាក់​ដោយ​ស្ម័គ្រ​ចិត្ត»។ លោក​ស្រី​បន្ត​ទៀត​ថា៖ «សកម្មភាព​របស់​ពួក​គេ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​របស់​ពួក​គេ យើង​ដឹក​នាំ​បុព្វហេតុ​ជាតិ ធ្វើ​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ ក្នុង​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ»៕ PS
_____________