ស្ថានភាព​រស់​នៅ​របស់​ ពលរដ្ឋ​ត្រូវ​ទឹក​ស្អុយ​ជន់​ លិច​នៅ​ភូមិ​ទំនប់

10/13/2013 0 Comments A+ a-

តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទឹក​ជំនន់​ចាប់​តាំង​ពី​ក្រោយ​ភ្ជុំបិណ្ឌ​មក​នោះ នៅ​មិន​ទាន់​ស្រក​ចុះ​អស់​នៅ​ឡើយ។ ចំណែក​ភូមិ​ទំនប់ ឬ​ហៅ​ថា​ភូមិ​ត្រឡោកបែក សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង និង​ផ្លូវ​ខ្នង​ទំនប់​ទួលគោក ឬ​គេ​និយម​ហៅ​ថា ផ្លូវ​ត្រឡោកបែក នោះ បាន​ជន់​លិច​ខ្លាំង​ជាង​គេ ហើយ​លិច​ដោយ​ទឹក​ស្អុយ​ថែម​ទៀត។
អ្នក​ភូមិ​កំពុង​មាន​ការ​លំបាក​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រកប​អាជីវកម្ម​ផ្សេងៗ ការ​រស់​នៅ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព ជា​ពិសេស​កុមារ​ដែល​រស់​នៅ​លើ​ទឹក​កខ្វក់​ជាច្រើន​ថ្ងៃ និង​គ្មាន​ពេល​កំណត់​នោះ។
«សំឡេង»
អ្នក​ភូមិ​ទំនប់ ឬ​ត្រឡោកបែក បាន​រស់​នៅ​លើ​ទឹក​ជំនន់​ទឹក​ស្អុយ​ប្រមាណ​ជាង​មួយ​សប្ដាហ៍​មក​ហើយ គឺ​ចាប់​តាំង​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​រួច​មក។
ផ្ទះ​ជាច្រើន​ខ្នង​នៅ​តំបន់​នោះ បាន​លិច​ទាំងអស់ មាន​រាក់​មាន​ជ្រៅ​ទៅ​តាម​កន្លែង​ទួល និង​ទំនាប។
ផ្ទះ​ដែល​មាន​បើក​អាជីវកម្ម បាប​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន ចំណែក​មធ្យោបាយ​ធ្វើ​ដំណើរ​ចេញ​ចូល គឺ​ពួក​គាត់​បាន​ច្នៃ​ដោយ​ប្រើ​ពោង​ពោះវៀន​កង់​ឡាន​ធំៗ​ពីរ​ទៅ​បី ចង​ផ្អោប​ចូល​គ្នា​ធ្វើ​ជា​ក្បួន​អុំ​ចម្លង​មក​ថ្នល់​ធំ។
ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ គឹម ដួងចន្ទ បាន​រៀប​រាប់​ថា បញ្ហា​ទឹក​លិច​ភូមិ​បែប​នេះ បាន​បង្ក​ឲ្យ​ពួក​គាត់​មាន​ការ​លំបាក​ជាច្រើន៖«បញ្ហា​ពិបាក​ធ្វើ​ដំណើរ ទឹក​កខ្វក់…»
ក្រៅ​ពី​នេះ​ទៀត បញ្ហា​ពិបាក​គ្រប់គ្រង​សុវត្ថិភាព​ក្មេងៗ​នៅ​លើ​ទឹក និង​បញ្ហា​សុខភាព​ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ ដោយ​បរិស្ថាន​ជុំវិញ​មិន​ល្អ។
ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត ក៏​បាន​រៀប​រាប់​អំពី​បញ្ហា​លំបាក​មួយ​ចំនួន​របស់​ពួក​គាត់ ដែល​កំពុង​ជួប​ប្រទះ​ពេល​ទឹក​លិច​ភូមិ​នេះ​ដែរ។
តំបន់​ភូមិ​ទំនប់ នេះ ស្ថិត​នៅ​តំបន់​ទំនាប​ជាប់​មាត់​បឹង ប៉ុន្តែ​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ភូមិ​នេះ​ខាន​លិច ៣​ឆ្នាំ​មក​ហើយ ហើយ​កាល​ពី​លិច​ពេល​មុន​នោះ ក៏​មិន​លិច​ជ្រៅ​ដែល​មាន​កន្លែង​ខ្លះ​ជិត​មាត់​បឹង អាច​មាន​ជម្រៅ​ជាង ៣​ម៉ែត្រ។
បុរស​វ័យ​ចំណាស់​ម្នាក់ លោក សាន សុខា មាន​វ័យ​ប្រមាណ​ជាង ៦០​ឆ្នាំ ដែល​ជា​ចាស់​ទុំ រស់​នៅ​ក្នុង​ភូមិ​ទំនប់ នេះ ច្រើន​ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ។ ទោះ​បី​មាន​ការ​លំបាក​យ៉ាង​ណា ក៏​ពួក​គាត់​តស៊ូ​ទ្រាំ​រស់​នៅ​លើ​ទឹក​ជ្រាំ​ស្អុយ​នោះ ដោយ​គ្មាន​លទ្ធភាព​ផ្លាស់​ប្ដូរ​ទីលំនៅ​បណ្ដោះ​អាសន្ន​នោះ​ឡើយ។
សាធារណជន​ភាគ​ច្រើន ពិបាក​នឹង​ស្គាល់​ភូមិ​ទំនប់ នោះ ដោយសារ​ផ្លូវ​ចូល​ដែល​ចុះ​ពី​ផ្លូវ​ទំនប់​ទួលគោក ឬ​គេ​ហៅ​ថា ផ្លូវ​ត្រឡោកបែក នោះ​តូច​ចង្អៀត។ រហូត​មក​ពេល​នេះ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពុំ​ទាន់​អាជ្ញាធរ ឬ​អង្គការ​មនុស្សធម៌​ចូល​រួម​យក​ចិត្ត​ទុក​ដាក់ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ​នោះ​ទេ។
ក្រុម​អ្នក​ភូមិ​បាន​បង្ហាញ​ហេតុផល​ប្រហាក់​ប្រហែល​គ្នា ជុំវិញ​ការ​ដែល​មាន​ទឹក​លិច​ភូមិ​គាត់ និង​តំបន់​ដទៃ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​នេះ។
លោក សាន សុខា មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​បញ្ហា​នេះ មាន​ហេតុផល​ជាច្រើន ក្នុង​នោះ​បញ្ហា​ទឹក​ភ្លៀង​ច្រើន​ដែល​ជា​កត្តា​ធម្មជាតិ បញ្ហា​ផ្លូវ​ទឹក​ហូរ​ចេញ​ពី​ភូមិ​បាន​ស្ទះ ដោយ​អាជ្ញាធរ​មិន​បាន​កាយ​ស្ដារ​ឲ្យ​មាន​ចរន្ត​ទឹក​ហូរ​បាន និង​ការ​លុប​បឹង​រំដោះ​ទឹក​មួយ​ចំនួន​ក្នុង​ទីក្រុង ដូច​ជា​បឹងកក់ បឹង​ទំពុន បឹង​ពោងពាយ ជាដើម។
ស្រប​ពេល​គ្នា​នេះ​ដែរ តំបន់​ជិត​បឹង​ជា​កន្លែង​រំដោះ​ទឹក​នោះ ត្រូវ​ជន់​លិច ហើយ​អ្នក​ភូមិ​បាន​បូម​ទម្លាក់​មក​បឹង​ត្រឡោកបែក ភូមិ​ទំនប់ ទាំងអស់។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​បញ្ហា​ទឹក​លិច​រាជធានី​ភ្នំពេញ នេះ នាយក​ទីចាត់ការ​សាលា​ក្រុង លោក ឡុង ឌីម៉ង់ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១១ តុលា ដោយ​លោក​ពន្យល់​ថា កំពុង​ជាប់​រវល់​កិច្ចការ​ផ្សេងៗ ហើយ​លោក​ក៏​ពុំ​ទាន់​បាន​សិក្សា​ពី​បញ្ហា​ទឹក​លិច និង​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​លម្អិត​ពី​បញ្ហា​នេះ​នៅ​ឡើយ។
ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប្រញាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នេះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ការ​រស់​នៅ សុខភាព និង​ការ​ខាត​បង់​ពេល​វេលា​ធ្វើ​ការ​ផ្សេងៗ អាជីវកម្ម ទ្រព្យសម្បត្តិ​របស់​ពួក​គាត់ និង​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


 
 
 
 
 
 
 
 
 
 
១០
 
១១
 
១២
 
១៣
 
១៤
 
១៥
 
១៦
 
១៧
 
១៨
 
១៩
ប្រភពពី វិទ្យុអាស៊ីសេរី