មន្ត្រី​ក្រសួង​អប់រំ​ត្អូញត្អែរ​ពី​ កង្វះ​មធ្យោបាយ​បំពេញ​ បេសកកម្ម​ការងារ

10/13/2013 0 Comments A+ a-

វិស័យ​សិក្សាធិការ​កំពុង​រង​ការ​រិះគន់​ថា មាន​គុណភាព​ធ្លាក់​ចុះ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង នាយកដ្ឋាន​ធានា​គុណភាព​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​មាន​កង្វះ​មធ្យោបាយ​សម្រាប់​បំពេញ​បេសកកម្ម​ការងារ និង​គ្មាន​ដៃគូ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​ជំរុញ​គុណភាព​អប់រំ​ជា​ដើម។
តើ​បញ្ហា​ទាំង​នេះ​គួរ​តែ​មាន​ការ​កែលំអ​អ្វី​ខ្លះ?
បុគ្គលិក​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មួយ​រូប បាន​ត្អូញត្អែរ​ចំពោះ​នាយកដ្ឋាន​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ថា ខ្វះ​មធ្យោបាយ​សម្រាប់​បំពេញ​បេសកកម្ម​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។
មន្ត្រី​អប់រំ​នៃ​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឯក កេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា លោក​មិន​ខ្លាច​ញញើត​នឹង​និយាយ​ចំពោះ​បញ្ហា​ទាំង​នេះ​ទេ។ លោក​បាន​បំពេញ​តួនាទី​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ជាង ​២០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ លោក​បាន​កត់​សម្គាល់​ថា នាយកដ្ឋាន​របស់​លោក​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​វាយ​តម្លៃ​គុណភាព​អប់រំ ពង្រឹង​គុណភាព​អប់រំ បែរ​ជា​មាន​ភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ មិន​អាច​ឲ្យ​មន្ត្រី​ក្នុង​នាយកដ្ឋាន​នេះ​បំពេញ​ការងារ​ឲ្យ​ពេញ​ដៃ​ពេញ​ជើង។ លោក ឯក កេង បន្ត​ថា នាយកដ្ឋាន​នេះ​មាន​តែ​រថយន្ត​ម៉ាក​កាម៉ារី (CAMRY) សេរី​ចាស់ ១​គ្រឿង ដែល​ជិះ​ស្ទើរ​មិន​ចង់​ទៅ​មុខ។
មន្ត្រី​ដដែល​បាន​បន្ត​ថា នាយកដ្ឋាន​ធានា​គុណភាព​នេះ ក៏​កំពុង​ខ្វះ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​អប់រំ​របស់​អង្គការ​សង្គម​ស៊ីវិល មក​សហការ​ពង្រឹង​គុណភាព​អប់រំ​ជាមួយ ដូច​នាយកដ្ឋាន​ដទៃ​ដែរ។ លោក ឯក កេង បាន​អំពាវនាវ​ទៅ​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ឲ្យ​គិតគូរ​ពី​កង្វល់​ទាំង​នេះ។
ទាក់ទង​នឹង​ការ​ត្អូញត្អែរ​នេះ ប្រធាន​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ លោកស្រី បឹត ជីវី ហាក់​ស្ទាក់ស្ទើរ​ចំពោះ​ការ​ផ្ដល់​សម្ភាស។ ប៉ុន្តែ លោកស្រី​បាន​អះអាង​ថា នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​បុគ្គលិក។ ផ្ទុយ​ទៅ​វិញ បញ្ហា​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​ពង្រឹង​គុណភាព​អប់រំ​បច្ចុប្បន្ន​នោះ​ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ណាត ប៊ុនរឿន ដែល​ជា​អ្នក​កាន់​គម្រោង​វិស័យ​អប់រំ បាន​ទេ នៅ​ថ្ងៃ​ទី​១០ តុលា។
ជា​រឿយៗ ការ​ត្អូញត្អែរ​ពី​ការ​បែង​ចែក​ថវិកា​ធ្វើ​ការ​នៅ​តាម​ក្រសួង មន្ទីរ និង​នាយកដ្ឋាន​នានា ថា​ពុំ​មាន​តម្លាភាព​នោះ ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ និង​ស្ទើរ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ប៉ុន្តែ កម្រ​នឹង​មាន​មន្ត្រី​ហ៊ាន​និយាយ​ស្ដី​ពី​បញ្ហា​ទាំង​នេះ​ណាស់ ព្រោះ​ខ្លាច​អស់​ការងារ​តួនាទី និង​តំណែង​ជាដើម។
ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ថ្លែង​ថា ការ​បែង​ចែក​ថវិកា​ជាតិ​ពី​ក្រសួង មក​ដល់​នាយកដ្ឋាន​នានា​សម្រាប់​ធ្វើ​ការ គឺ​នៅ​មាន​ការ​រើសអើង​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង ដោយសារ​អំពើ​ពុក​រលួយ និង​ការ​ប្រកាន់​បក្ខពួក​ជាដើម។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​មតិ​ថា បើ​មើល​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ប្រទេស​កម្ពុជា បាន​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ចំនួន ១២,៤% នៃ​ថវិកា​ជាតិ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២៤៨​លាន​ដុល្លារ សម្រាប់​វិស័យ​អប់រំ​ក្នុង​មួយ​ឆ្នាំ ដែល​ថវិកា​ជាតិ​មាន​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នោះ។ លោក​ថា ប្រទេស​ថៃ បាន​ចំណាយ​ទៅ​ដល់ ២៩,៥% នៃ​ថវិកា​ជាតិ​របស់​គេ។ តែ លោក កែម ឡី បញ្ជាក់​ថា ការ​បង្កើន​ថវិកា​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រា​តែ​ការ​ចំណាយ​ត្រឹមត្រូវ។
អ្នក​វិភាគ​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​បាន​ខកខាន​ទៅ​លើ​បញ្ហា ៣​ចំណុច ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​វិស័យ​អប់រំ គឺ​ទី​១ ត្រូវ​កែប្រែ​កម្មវិធី​សិក្សា​ឲ្យ​រៀន ៥០% និង​អនុវត្ត ៥០% តាំង​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​មហាវិទ្យាល័យ។ ចំណុច​ទី​២ គឺ​គួរ​តែ​មាន​សាលា​ពី​ថ្នាក់​បឋម​រហូត​ដល់​សាកលវិទ្យាល័យ ដែល​អាច​មាន​លទ្ធភាព​បង្រៀន​ភាសា​អង់គ្លេស ដល់​សិស្ស​បាន និង​ចំណុច​ទី​៣ គឺ​ទាល់​តែ​រៀប​ចំ​សាលា​ទាំងអស់​ឲ្យ​ទៅ​ជា​សហគ្រាស​សាធារណៈ ឲ្យ​ដូច​ជា​គោល​នយោបាយ​សហគ្រាស​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋាភិបាល។ ធ្វើ​ដូច្នេះ ទើប​អាច​បង្កើន​គុណភាព​អប់រំ​នៅ​កម្ពុជា បាន​មួយ​កម្រិត៕
ប្រភពពី វិទ្យុអាស៊ីសេរី