ឃាត់ខ្លួនប្តី និងប្រពន្ធចុង សង្ស័យរួមគំនិតគ្នា អារកសម្លាប់ ប្រពន្ធដើម យកទ្រព្យសម្បត្តិ (មានវីដេអូ)

10/13/2013 0 Comments A+ a-

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានឃាត់ ខ្លួនបុរសជាប្តី និងប្រពន្ធចុងវ័យក្មេង ពាក់ព័ន្ធករណីឃាតកម្ម អាករសម្លាប់ស្រ្តីជាប្រពន្ធដើម ដល់ក្នុងបន្ទប់ដេកនៅផ្ទះជាន់ទី១ ក្នុងភូមិដើមម៉ាក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌ មានជ័យ។
កាលពីម៉ោងប្រមាណ ៩ និង៣០នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣កន្លងទៅ ស្រ្តីឈ្មោះ ជួ លីជូ អាយុ ៣៤ ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់ ឈ្មោះ តុង ត្រូវបានគេចូលទៅអារកសម្លាប់នៅក្នុងបន្ទប់ដេកទាំងមិនដឹងមូល ហេតុ។
ក្រោយករណីឃាតកម្មដ៏ឃោរឃៅនេះ កម្លាំងនរគបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ និងស៊ើប អង្កេតជាបន្តបន្ទាប់។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣នេះ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួន បុរស ជាប្តីនារីរងគ្រោះ ឈ្មោះ សឺ លូផេងឡុង អាយុ  ៣២ឆ្នាំ និងប្រពន្ធចុង ឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ អាយុ ២៣ ឆ្នាំ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ។
បើតាមប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា បុរសជាប្តី និងប្រពន្ធចុងនេះ សង្ស័យរួមគំនិតគ្នា សម្លាប់ស្រ្តីរង គ្រោះជាភរិយាដើម ដើម្បីលេបយកទ្រព្យសម្បត្តិ។
ទោះបីជាយ៉ាងណា មិនទាន់មានការសារភាពពីជនសង្ស័យទាំងពីរនាក់នៅឡើយនោះទេ ហើយកម្លាំងសមត្ថកិច្ច កំពុងបន្តសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុការណ៍ឃាតកម្មនោះ ក្រៅពីអារកសម្លាប់ស្ត្រីរងគ្រោះហើយ ជនសង្ស័យបានយក ទ្រព្យសម្បត្តិ រួមមាន ខ្សែដៃពេជ្រ១, ចិញ្ចៀនពេជ្រ ២វង់, លុយ ១៣.០០០ដុល្លារ និងលុយខ្មែរ ជាច្រើនលាន រៀលទៀត៕