ខ្មែរ​នៅ​អាមេរិក​​ផលិត​​ យន្តហោះ​តូច​បាន​​ដ៏​អស្ចារ្យ!

10/15/2013 0 Comments A+ a-

លោក​ ​កែវ សុគុណ ​អាយុ ​​៤៥ឆ្នាំ​​ ​ដែល​បាន​ទៅ​រស់​នៅ​​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ​១៩៨៣​ បាន​ច្នៃ​​បង្កើត​​​​យន្តហោះ​តូច​សម្រាប់​បង្ហោះ​ថត​រូប​ ទេសភាព​ ឬ​​ទិដ្ឋភាព​ផ្សេងៗ​​ដ៏​អស្ចារ្យ​មិន​ចាញ់​​​ផលិតផល​​ជប៉ុន​​ប៉ុន្មាន​នោះ​ទេ។ ​​​​បច្ចុប្បន្ន​លោក​គឺ​​ ជា​វិស្វករ​ផ្នែក​កុំព្យូរទ័រ​ នៅ​សហគ្រាស​ឯកជន​មួយ​​នៅ​សហរដ្ឋ​អាមេរិក។ ​​​​​​
​កាល​ពី​​ថ្មី​ៗ​នេះ​ លោក​ កែវ សុគុណ​ ​​​បាន​បង្កើត​​យន្តហោះ​តូច​មួយ​ដែល​មាន​ឈ្មោះ​ថា​ Autonomous T6 SkyCopter ដែល​មាន​បំពាក់​ជា​មួយ​កាមេរ៉ា​​​សម្រាប់​បញ្ជា​ថត​យក​ទិដ្ឋភាព​​ក្នុង​កម្មវិធី​ផ្សេង​ៗ​ និង​​ដើម្បី​បង្ហោះ​លេង​កម្សាន្ត​​។ ​​ការ​បង្កើត​យន្តហោះ​តូច​នេះ​ ​​មិន​មែន​សម្រាប់​​យក​ទៅ​ផលិត​លក់​នោះ​ទេ​ តែ​​លោក​ចូល​ចិត្ត​ធ្វើ​យន្តហោះ​តូច​ៗ​បែប​នេះ​ជា​មួយ​កូន​របស់​លោក​​ដើម្បី​ជា​​ការ​កម្សាន្ត។ កន្លង​មក​លោក​បាន​ផលិត​យន្តហោះ​តូច​ៗ​បែប​នេះ​ជា​ច្រើន​​គ្រឿង។
​លោក​​ បាន​បញ្ជាក់ ៖ “​​​ទំនេរ​ពី​ការងារ​ ខ្ញុំ​ចូលចិត្ត​​ធ្វើ​​យន្តហោះ​តូចៗ​ បង្ហោះ​លេង​ ជាមួយ​កូន​ប្រុស​របស់​ខ្ញុំ​អាយុ​ ១១ឆ្នាំ។ ខ្ញុំ​បាន​បង្កើត​យន្តហោះ​ច្រើន​ ​ហើយ​ខ្លះ​សម្រាប់​បង្ហោះ​លេង​ ខ្លះ​សម្រាប់​បង្ហោះ​ថតរូប​ទេសភាព​ ​ឬ​ទិដ្ឋភាព​ផ្សេងៗ​​នៅ​ក្នុង​ពិធី​​បុណ្យ​សំខាន់​ៗ​អ្វី​មួយ​ដូច​ជា​ ​​បុណ្យ​ចូល​ឆ្នាំ​ ​កឋិន​ ​ផ្កាប្រាក់​ ឬ ​មង្គលការ​ជាដើម”។
​​​ចំពោះ​ការ​​ផលិត​យន្តហោះ​តូច​ Autonomous T6 SkyCopter​ ​​មិន​ត្រូវ​​បាន​​យក​គំរូ​តាម​ផលិតផល​​ណា​​មួយ​​នោះ​ទេ​​ពោល​គឺ​កើត​ចេញ​ពី​ការ​ច្នៃ​ប្រឌិត​ខ្លួន​ឯង។ ​​​​”ខ្ញុំ​ច្នៃ​ប្រឌិត​ ដោយ​គំនិត​ ​និង​គំនូរ​ ដែល​ខ្ញុំ​គូរ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ មិន​យក​គម្រូ​តាម​គេ​ទេ​ ព្រោះ​នៅ​ស្រុក​អាមេរិក ​យើង​អាច​ទទួល​ទោស​បាន​ ដោយ​ការ​លួច​ចម្លង​​កម្មសិទ្ធិ​បញ្ញា”។ លោក​បាន​បញ្ជាក់​ដូច្នេះ។

​​យន្តហោះ​តូច​ខាង​លើ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ថ្ម​ 5 amp Lipo ​អាច​បង្ហោះ​បាន​ប្រហែល ​១០​ នាទី​ លើ​អាកាស។ ​​​បើ​និយាយ​សមត្ថភាព​របស់​វា​វិញ​ គឺ​​អាច​ហោះ​បាន​ប្រហែល​កម្ពស់​ ​១០០​ម៉ែត្រ​ពី​ដី​ ​និង​ឆ្ងាយ​ពី​ម៉ាស៊ីន​បញ្ជា​ ប្រហែល​ ៥០០​ ម៉ែត្រ។​​​
ដោយ​ឡែក​ កាមេរ៉ា​ ដែល​លោក​យក​មក​បំពាក់​គឺ​​​​ Gopro Camara Hero 3 ​ដែល​​មាន​គុណភាព​ខ្ពស់​ សម្រាប់​ពន្លឺ​ និង​ព៌ណ​ថត​ស្អាត។ ​វា​ជា​​កាមេរ៉ា​ ជំនាន់​ថ្មី​ ឆ្នាំ​២០១៣​នេះ។
​ចំពោះ​គ្រឿងគ្រៅ​ដែល​លោក​យក​​មក​បំពាក់​វិញ​ មាន​​ តួ​​ ត្រូវ​ផលិត​ឡើង​ដោយ​ខ្លួន​ឯង ចំណែក​​ ​​ឧបករណ៍​មួយ​ចំនួន​ទៀត​​ដូចជា ​អាគុយ​ ខ្សែភ្លើង​ អំពូល​ភ្លើង ​កាមារ៉ា​ និង​ ដុំ​ម៉ាស៊ីន​សម្រាប់​បង្វិល​ស្លាប​កង្ហារ​ជាដើម​​ត្រូវ​ទិញ​ពីហាង​មក​ថែម​ខ្លះ។
​នេះ​មិនមែន​ជា​​យន្តហោះ​ដំបូង​ដែល​​លោក​ទើប​នឹង​ផលិត​នោះ​ទេ​ តែ​លោក​បាន​ផលិត​ជា​ច្រើន​គ្រឿង​រួច​មក​ហើយ។​ លោក​​បញ្ជាក់​ថា​​​ ​​យន្តហោះ​​​​តូច​ៗ​បែប​នេះ​ ​មាន​ច្រើន​ប្រភេទ​ដូច​ជា​​​ ​​ស្លាបចក្រ​ បួន ​ប្រាំ​ ​ប្រាំមួយ​ ឬ ​ប្រាំបី​ ទៅ​តាម​មុខងារ​របស់​យន្តហោះ​និមួយៗ។ ខ្លះ​មាន​ប្រដាប់​ថត​ ខ្លះ​គ្រាន់​តែ​មាន​ភ្លើង​​លម្អ​ សម្រាប់​បង្ហោះ​លេង​ធម្មតា​ប៉ុណ្ណោះ។ យន្តហោះ​តូចៗ​​ទាំង​នោះ​ មានឈ្មោះដូចជា Quadcopter, T6 skycopter, T3 skycopter​ និង​ UFO copter ​ជាដើម។ យន្តហោះ​ទាំងអស់​នេះ​ ​សុទ្ធ​​តែ​ប្រើ​ម៉ាស៊ីន​បញ្ជា​ពី​ដី​ទៅ។ ​ខ្លះ​ជា​គ្រឿង​បញ្ជា​កាន់​នឹង​ដៃ​ ហើយ​ខ្លះ​ទៀត​អាច​ទទួល​បញ្ជា​ ពី​កម្មវិធី​ក្នុង​កុំព្យូទ័រ ​ដោយ​រៀប​ចំណាត់​ការងារ​ទុក​ជា​មុន​ ដោយ​មិន​ចាំ​បាច់​អង្គុយ​បញ្ជា​ ពេល​ម៉ោង​ការងារ​មក​ដល់។​

​វិស្វករ​កុំព្យូទ័រ​រូប​នេះ​បាន​រៀប​រាប់​បន្ត​ទៀត​ថា​​​​ ជួន​កាល​កូន​ប្រុស​របស់​​លោក​ដែល​​មាន​អាយុ​ ១១​ឆ្នាំ​​ជួយ​ផលិត​គាត់​ដែរ​​ ព្រោះ​ថា​គេ​ចង់​រៀន​សង់​​ឱ្យ​​បាន​យន្តហោះ​មួយ​ ដោយ​ខ្លួន​ឯង​ដែរ។ ជា​ធម្មតា​ ​ក្រោយ​បំពេញ​ការងារ​ និង​​កិច្ចការ​គ្រួសារ​ លោក​អាច​សង់​យន្តហោះ​តូច​ៗ​បង្ហោះ​លេង​ដោយ​​ចំណាយ​ពេល​តែ​​បី​ថ្ងៃ​ ទៅ​ ៧​ថ្ងៃ​ប៉ុណ្ណោះ។ ​​រី​ឯ​ការ​ចំណាយ​ទៅ​លើ​សម្ភារៈ​​ផលិត​វិញ​ប្រហែល​ ១៥០០​ដុល្លារ​ ក្នុង​យន្តហោះ​មួយ​គ្រឿង​​ដោយ​មិន​គិត​តម្លៃ​ធ្វើ​ការ ​និង ​តម្លៃ​បង្កើត​កម្មវិធី​បញ្ជា​ពី​ កុំព្យូទ័រ៕​

រូបថត៖ ផ្តល់​ឱ្យ​​​ដោយ​លោក​​​ កែវ សុគុណ​