អាណិត​កុមារ​កំព្រា ពៅ បញ្ញាពេជ្រ សម្រេច​ចេញ​ច្រៀង​ទាំង​ឈឺ​

10/15/2013 0 Comments A+ a-

អតីត​តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ បាន​ស្ម័គ្រ​ចេញ​ច្រៀង​លើក​ដំបូង​តាំង​ពី​វិល​ត្រឡប់​ពី​បរទេស​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុងស្រុក​វិញ។ ជាប់​ជាមួយ​នឹង​សកម្មភាព​នេះ កញ្ញា ទទូច​សុំ​ការ​គាំទ្រ​ដល់​រូប​នាង​ផង។
នៅ​ក្នុង​ឃ្លិប​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​យប់​មិញ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​ខាង​មុខ​នេះ កញ្ញា នឹង​ចេញ​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​មួយ​នៅ​ខេត្ត​កោះកុង ដែល​រៀប​ចំ​ដោយ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។ កញ្ញា បន្ត​ថា កម្មវិធី​ធ្វើ​ឡើង​ដើម្បី​រក​ថវិកា​ជួយ​កុមារ​កំព្រា​ខេត្ត​កោះកុង ជាមួយ​នឹង​ការ​ដាំ​ដើម​ឈើ និង​ជំរុញ​ឲ្យ​កុមារ​ឲ្យ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។

ពៅ បញ្ញា​ពេជ្រ បញ្ជាក់​ថា កញ្ញា​ចូល​រួម​ច្រៀង​ក្នុង​កម្មវិធី​នេះ គឺ​ជា​ការងារ​សប្បុរសធម៌ ហើយ​ក្នុង​នាម​ជា​អ្នក​ជំងឺ​ម្នាក់ កញ្ញា​ចង់​ធ្វើ​បុណ្យ ក៏​ដូច​ជា​ធ្វើ​អ្វី​ដែល​កញ្ញា​អាច​ធ្វើ​បាន។ ដូច្នេះក្នុង​ខណៈ​នេះ កញ្ញា​ស្នើ​សុំ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​ធ្វើ​បុណ្យ​ទាំង​អស់​គ្នា​ និង​​សូម​ជួយ​គាំទ្រ​ តាម​រយៈ​ការ​ទិញ​សំបុត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ខាង​ត្បូង​វិមាន​ឯករាជ្យ ដែល​បាន​ចាប់​ផ្ដើម​លក់​តាំង​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។
វិល​មក​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ឯង​ផ្ទាល់​វិញ កញ្ញា ពៅ បញ្ញា​ពេជ្រ ប្រាប់​ថា កញ្ញា​នៅ​តែ​ត្រូវ​ការ​ព្យាបាល​វែង​ឆ្ងាយ​ត​ទៅ។ ដូច្នេះ​កញ្ញា នៅ​តែ​ត្រូវ​ការ​ជំនួយ​សប្បុរសធម៌ ពី​សប្បុរសជន​នានា​ជា​ចាំ​បាច់ ខាន​ពុំ​បាន​ឡើយ។ អីចឹង​ហើយ កញ្ញា រីករាយ​ស្វាគមន៍​រាល់​ជំនួយ​សប្បុរស​ធម៌​ទាំង​ឡាយ​ចំពោះ​កញ្ញា និង​សូម​ថ្លែង​អំណរគុណ​ទុក​ជា​មុន៕

អត្ថបទ៖ទារិកា