ចំណុច​៤ ដែល​អតិថិជន​ចង់​​បាន​ពី​អ្នក​បំផុត

3/11/2015 0 Comments A+ a-

រូបតំណាង​ប្រភព៖​ ninaonlinelv
តើ​លោក​អ្នក​មាន​កត់សម្គាល់​​ទេ​ថា មាន​​ហាង​​​អាជីវកម្ម​មួយ​ចំនួន​មាន​អតិថិជន​គាំទ្រ​ច្រើន ខណៈ​ដែល​ហាង​​អាជីវកម្ម​មួយ​ផ្សេង​ទៀត​ដែល​នៅ​ជិត​គ្នា​បែរជា​មិន​សូវ​មាន​អតិថិជន​ច្រើន​​​​ទៅ​វិញ? នេះ​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ថា​ការ​បម្រើ​សេវាកម្ម​របស់​​អាជីវកម្ម​ទាំង​ពីរ​ច្បាស់​ជា​មាន​ចំណុច​ខុសគ្នា​ជាក់ជា​មិន​ខាន។ ការ​ស្វែង​រក​ការ​គាំទ្រ​វា​មិនមែន​ជា​រឿង​មួយ​​ដែល​អ្នក​អង្គុយ​សុកៗ ពួកគេ​មក​គាំទ្រ​អ្នក​នោះ​ទេ ​ពោល​គឺ​អ្នក​ត្រូវ​ផ្តល់​​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពេញចិត្ត​ពេញ​ថ្លើម​បំផុត និង ចង់​រកស៊ី​ជា​មួយ​អ្នក​ជា​ហូរហែ​។ ខាងក្រោម​នេះ​ជា​​សំនួរ និង ចម្លើយ​ចំនួន​៤ ដែល​អតិថិជន​ត្រូវ​ការ​ពី​លោក​អ្នក​បំផុត។

១) តើ​អ្នក​ចូលចិត្ត​ពួកគេ​ដែរ​ឬទេ?ចំពោះ​សំនួរ​នេះ​វា​មាន​សារសំខាន់​ណាស់​សម្រាប់​សហគ្រិន​ដើម្បី​បម្រើ​អតិថិជន។ ជា​ចិត្តសាស្ត្រ​​នៅ​ពេល​ដែល​​អតិថិជន​ទិញ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ ពួកគេ​ពិត​ជា​ចង់​ដឹង​ថា អ្នក​ពិត​ជា​ចូលចិត្ត​ពួកគេ​ដែរ​ឬទេ។ នៅ​ពេល​ដែលអ្នក​បង្ហាញ​អារម្មណ៍​ពេញចិត្ត​​ពេញដូច​ជា ហៅ​ឈ្មោះ​ពួកគេ​​ ស្តាប់ និង បម្រើ​ពួកគេ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ ​ពួកគេ​នឹង​មាន​អារម្មណ៍​កក់ក្តៅ​ជា​មិន​ខាន។ ​​​​

២) តើ​អ្នក​យកចិត្ត​ទុកដាក់​ពួកគេ​ដែរ​ឬទេ?ការ​បង្ហាញ​អារម្មណ៍​រីករាយ​រាក់ទាក់​ វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពោល​គឺ​អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​បាន​ឆ្លើយតប​តាម​សំនួរ​​របស់​ពួកគេ​​បាន​ក្នុង​កម្រិត​ណា​? មាន​អាជីវកម្ម​​ខ្លះ គិត​តែ​លក់​ផលិតផល មិន​គិត​ពី​ដំណោះស្រាយ​​បញ្ហា​របស់​អតិថិជន មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប​​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន មិន​យូរ​មិន​ឆាប់​ ពួកគេ​នឹង​ឈប់​រក​ស៊ី​ជា​មួយ​អ្នក​ជា​មិន​ខាន។

៣) តើ​អ្នក​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ​​ហើយ​ឬ​នៅ?ជា​ទូទៅ​មិន​ថា​ប្រភេទ​អាជីវកម្ម​យ៉ាងណា​នោះ​ទេ អតិថិជន​តែង​សម្លឹង​ឃើញ​អាជីវកម្ម​មួយ​​នៅ​ពេល​ដែល​សេវាកម្ម ឬ ​ផលិតផល​នៃ​អាជីវកម្ម​នោះ​​​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ។ ទំនុកចិត្ត​រវាង​អ្នក​លក់ ទៅ​កាន់​អ្នក​ទិញ​នៅ​ត្រង់​ថា ផលិតផល ឬ​សេវាកម្ម​ដែល​​បាន​ផ្តល់​ជូន​ពិត​ជា ដូច​អ្វី​ដែល​អ្នក​លក់​សន្យា។ គុណភាព​ សេវាកម្ម​ល្អ និង ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ទំនាក់ទំនង​រវាង​អ្នក និង ​​អតិថិជន​ក​គឺ​ជា​រឿង​សំខាន់​បំផុត​​ដែល​អ្នក​ត្រូវ​ផ្តល់​ជូន​ដល់​ពួកគេ ​ដើម្បី​ទទួល​បាន​ភាព​ជឿជាក់​មក​វិញ។

៤) តើ​អ្នក​ដឹង​ទេ​​ថា អ្នក​កំពុង​និយាយ​ពី​អ្វី​​?​​​តាម​អ្វី​ដែល​កើត​​មាន​ជាក់ស្តែង​ អតិថិជន​តែង​កត់សម្គាល់​​​អ្នក នៅ​ពេល​ដែល​​​អ្នក​​ និង អតិជន​បាន​ស្វែង​យល់​ និង ផ្តល់​​​លទ្ធភាព​មួយ​ឲ្យ​គ្នា​​ទៅវិញ​ទៅ​មក។ ​បញ្ហា​អតិថិជន គឺ​ជា​​បញ្ហា​របស់​អ្នក ហេតុ​ដូច​នេះ​បើ​អាជីវកម្ម​របស់​អ្នក​បាន​ឆ្លើយតប​ ឬ ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បាន​នៅ​ពេល​កន្លង​មក វា​នឹង​ធ្វើ​ឲ្យ​អ្នក​កសាង​ទំនុកចិត្ត​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត ​អ្នក​​ត្រូវ​ចងចាំ​​ដែរ​ថា ដើម្បី​​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ឆ្លើយតប​រាល់​ចំណុច​​៤ ខាងលើ​នេះ​បាន​ លុះត្រា​តែ​​អ្នក​បណ្តុះបណ្តាល​​ជំនាញ​​ផ្សេងៗ​​ដល់​បុគ្គលិក​​គ្រប់រូប​ពី​របៀប​បម្រើ​អតិថិជន​​ឲ្យ​មាន​ល្អ​ជា​ទី​បំផុត ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ពន្លឺ​កាន់តែ​ល្អ​​ប្រសើរ៕

ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Entrepreneur