៣យ៉ាង​ដែល​អ្នក​មិន​ដឹង​ពីSteve Jobs ​នៅ​ពេល​មាន​ការ​ប្រជុំ​ក្នុង​ក្រុមហ៊ុន Apple ​ម្ដងៗ

1/09/2015 0 Comments A+ a-

៣យ៉ាង​ដែល​បិតា​បច្ចេកវិទ្យា Steve Jobs ធ្លាប់​ប្រើ​នៅ​ពេល​មាន​ការកិច្ច​ប្រជុំ​ក្នុង​ក្រុមហ៊ុន Appleប្រភព៖​ digitaltrends
ពាណិជ្ជកម្ម​មួយ​ចំនួន​របស់​អាមេរិក​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ខាត​ប្រាក់​ដោយសារ​កំហុសឆ្គង​នៅ​ក្នុង​ការ​បើក​អង្គ​ប្រជុំ​ការងារ​ប្រមាណ ៣៧ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​លោក Steve Jobs មិន​បាន​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន Apple ជួប​បញ្ហា​ដូច​ក្រុមហ៊ុន​ទាំងនោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា របៀបវារៈ ៣យ៉ាង​ដែល បុគ្គលិក​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា​លោក Steve Jobs ធ្លាប់​បាន​ធ្វើ​នៅ​រាល់​ពេល​មាន​ការ​ប្រជុំ​ក្រុមហ៊ុន​ម្ដងៗ។ 

១) លោក​តែង​ចង់​រក្សា​អង្គប្រជុំ​ទំហំ​តូច តាម​ដែល​អាច​ធ្វើ​ទៅ​បាន
តាម​ទម្លាប់​របស់​អតីត​នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple រូប​នេះ នៅ​ពេល​លោក​បើក​កិច្ច​ប្រជុំ​ម្ដងៗ លោក​មិន​ត្រូវការ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ពោល​គឺ​លោក​ចង់​បាន​ត្រឹមតែ​អង្គ​ប្រជុំ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ប៉ុន្តែ​គឺ​ឱ្យ​បញ្ចប់​ទៅ​ជាមួយ​ការ​បន្សល់​នូវ​សមិទ្ធផល​ប្រសព្វ​ល្អ​មួយ។ លោក Jobs ស្អប់​ការ​ប្រជុំ​ធំ (មាន​សមាជិក​ច្រើន) ព្រោះ​ថា មនុស្ស​ច្រើន គំនិត​នឹង​មាន​ច្រើន​ក្នុង​បន្ទប់​ប្រជុំ តែ​មិន​ប្រាកដ​ថា​មាន​ប្រយោជន៍ ហើយ​អាច​ប្រែ​ក្លាយ​ពី​ការ​ប្រជុំ​ទៅជា​ការ​ជួបជុំ​គ្នា​ធម្មតាៗ​ទៅ​វិញ។ 

... មូលហេតុ​អ្វី​​​​​​បានគេថាលោក Steve Jobs ​មិន​​ស្ដាប់​អតិថិជន​​​​​? ...

នៅ​ក្នុង​សៀវភៅ​ចំណងជើង​ថា “Insanely Simple” របស់​លោក Ken Segall ដែល​ធ្លាប់​បាន​ធ្វើការ​រយៈពេល​វែង​ជាមួយ​លោក Steve Jobs បាន​សរសេរ​លំអិត​អំពី​ទម្លាប់​របស់​លោក Jobs នៅ​ពេល​មាន​ការ​ប្រជុំ​ក្រុមហ៊ុន​ម្ដងៗ។ 

មាន​ម្ដង លោក Jobs ចាប់ផ្ដើម​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Apple។ ពេល​នោះ​លោក Jobs បាន​ប្រទះ​ឃើញ​ជន​ដែល​លោក​មិន​ធ្លាប់​ស្គាល់​សាវតារ​ច្បាស់លាស់​ម្នាក់។ ពេល​នោះ ​គាត់​ផ្អាក​ការ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំ ហើយ​ភ្នែក​របស់​គាត់​សម្លឹង​ជាប់ និង​ចង្អុល​ចំ​ស្ត្រី​មិន​ធ្លាប់​ស្គាល់​ឈ្មោះ Lorrie នោះ ហើយ​សួរ​នាង​ថា “អ្នក​ជា​នរណា?”។ 

នាង​ក៏​បាន​ឆ្លើយ​លក្ខណៈ​ពន្យល់​ដោយ​សម្លេង​ទន់ភ្លន់​តិចៗ​ថា នាង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នេះ ដោយសារ​តែ​នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ទីផ្សារ ដែល​ជា​ប្រធានបទ​ត្រូវ​លើកឡើង​ក្នុង​ពេល​នោះ។ លោក Jobs ស្ដាប់​នាង​ឆ្លើយ​រួច ក៏​និយាយ​បែប​គួរសម​ទៅកាន់​នាង​ឱ្យ​ចេញ​ទៅ​ក្រៅ​វិញ។ លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ពួក​យើង​ដូច​ជា​មិន​ត្រូវការ​វត្តមាន​អ្នក ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ» ហើយ​ក៏​និយាយ​ពាក្យ «អរគុណ»។ 

សូម​បញ្ជាក់​ថា លោក Jobs នៅតែ​ប្រកាន់​គោលការណ៍​របស់​ខ្លួន មាន​ម្ដង នៅ​ពេល​លោក Barack Obama ប្រធានាធិបតី​អាមេរិក​អញ្ជើញ​លោក​ឱ្យ​ចូលរួម​កិច្ចប្រជុំ​បុគ្គល​ បច្ចេកវិទ្យា​ល្បីៗ តែ​លោក​មិន​បាន​ឆ្លើយតប​ទៅ​វិញ​នោះ​ទេ។

២) លោក​ចាត់តាំង​បាន​ច្បាស់លាស់​នូវ​នរណា​ម្នាក់​ដើម្បី​ទទួល​ខុសត្រូវ​កាន់​តួនាទី​រៀបចំ​របៀបវារៈ
ការ​ស៊ើបអង្កេត​លក្ខណៈ​ពិសេស​របស់​ក្រុមហ៊ុន Appleទាក់ទិន​នឹង​វប្បធម៌​កាលពី​ឆ្នាំ២០១១ អ្នក​យក​ព័ត៌មាន​ឈ្មោះ Adam Lashinsky បាន​ពន្យល់​លំអិត​អំពី​ដំណើរការ​បែប​ផ្លូវការ​ដែល​លោក Jobs បាន​ប្រើ រហូត​ធ្វើ​ឱ្យ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​ពិភពលោក។ 

... កុំព្យូទ័រ​​​​​​ជំនាន់​ដើម​ដែល​លក់​ដោយ​ Steve Jobs ​តម្លៃ​​ ៦៦៦​ដុល្លារ​​ឥឡូវ​មាន​គេ​ហ៊ាន​ទិញ​តម្លៃ​​ជិត​ ៤​សែន​ដុល្លារ​ ...

នៅ​ក្នុង​ចិត្តគំនិត​របស់​ Steve Jobs គឺ​ជា “ផ្នត់​គំនិត​គណនេយ្យ” មាន​ន័យ​ថា ដំណើរការ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ទីកន្លែង​ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ខ្លះ។ អ្នក​យក​ព័ត៌មាន Lashinsky បាន​រៀបរាប់​ថា៖ 

«កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង Applespeak ក៏​មាន​ឈ្មោះ “DRI” ដែរ ដែល​មាន​ន័យ​ពេញ​ថា ​បុគ្គល​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់ (directly responsible individual) »។ ជា​ញឹកញាប់​ឈ្មោះ​អ្នក​កាន់ DRI នឹង​បង្ហាញ​នៅ​លើ​របៀបវារៈ​សម្រាប់​ការ​ប្រជុំ​ម្ដងៗ ដូច្នេះ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នរណា​ទទួល​បន្ទុក​អ្វី​ខ្លះ​ក្នុង​តួនាទី​ដែល​ត្រូវ​ធ្វើ​ក្នុង​កិច្ច​ប្រជុំ។ «រាល់​កិច្ច​ប្រជុំ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់ Apple នឹង​មាន​បញ្ជី​សកម្មភាព​មួយ» ជា​សំដី​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន Apple ម្នាក់។

យ៉ាងណា​អ្នក​ស្រី Gloria Lin ដែល DRI របស់​នាង គឺ​ប្ដូរ​តួនាទី​ពី​ក្រុម​ការងារ​ពាក់ព័ន្ធ​ផលិតផល iPod ទៅ​បម្រើការ​នៅ​ផ្នែក Flipboard បាន​និយាយ​ថា៖ «អ្វី​ដែល​សំខាន់ ដែល​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​សន្ទុះ​លូតលាស់​ដ៏​ឆាប់​រហ័ស ជាមួយ​សកម្មភាព​យ៉ាង​ខ្លាំងក្លា​នោះ​គឺ មិន​ដោយសារ​ភាព​គ្មាន​ទទួល​ខុសត្រូវ​នោះ​ទេ តែ​គឺ​ដោយសារ​ពួក​គេ​កាន់​តួនាទី និង​បញ្ចេញ​សកម្មភាព​យ៉ាង​មមាញឹក​គ្មាន​ទំនេរ​ដៃ»។ «នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា អ្វី​មួយ​ជា​កូន​ជាទី​ស្រលាញ់​របស់​អ្នក នោះ​អ្នក​ពិត​ជា​នឹង​គិតគូរ​ថែទាំ​វា​ជា​ទីបំផុត»។

៣) លោក​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​លាក់​កំបាំង​ចំណុច​ខ្សោយ​របស់​ខ្លួន​ដោយ​ធ្វើ​បទ​បង្ហាញ​បញ្ចាំង​​ស្លាយ (Slideshows) នោះ​ឡើយ
អ្នក​សរសេរ​ចងក្រង​អំពី​ប្រវត្តិរូប​របស់​លោក Steve Jobs គឺ​លោក Walter Isaacson បាន​និយាយ​ថា៖ «លោក Jobs ស្អប់​ការ​ធ្វើ​បទ​បង្ហាញ ប៉ុន្តែ​គាត់​ស្រលាញ់​កិច្ច​ប្រជុំ​ដែល​និយាយ​ទល់​មុខ​គ្នា​ស្រួល»។ នៅ​រៀងរាល់​រសៀល​ថ្ងៃ​ពុធ លោក Jobs មាន​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារ​ផ្នែក​ទីផ្សារ និង​ផ្សព្វផ្សាយ។ ការ​បញ្ចាំង​ស្លាយ (slideshows) ត្រូវ​បាន​ហាមឃាត់ ដោយសារ​លោក Jobs ចង់​ឱ្យ​ក្រុម​ការងារ​ធ្វើការ​ពិភាក្សា​ស៊ីជម្រៅ​ជំនួស​ឱ្យ​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ដែល​ពេល​ខ្លះ​ពុំ​មាន​​ភាព​ច្បាស់លាស់​ផង​នោះ។ 

«ខ្ញុំ​ស្អប់​របៀប​ដែល​មនុស្ស​ប្រើ​បទ​បង្ហាញ​ស្លាយ​ជំនួស​ឱ្យ​ការ​គិត​»។ លោក Jobs និយាយ​ប្រាប់​លោក Isaacson។ «មនុស្ស​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ដោយសារ​ការ​ធ្វើ​បទ​បង្ហាញ។ ខ្ញុំ​ចង់​ឱ្យ​ពួក​គេ​ចូលរួម​និយាយ​តទល់​គ្នា​នៅ​ក្នុង​តុ​ជាជាង​ការ​បង្ហាញ​ស្លាយ​ជាច្រើន​ផ្ទាំង​នោះ។ ប្រសិន​គេ​ដឹង​នូវ​អ្វី​ដែល​គេ​នឹង​លើក​យក​មក​និយាយ ដូច្នេះ​មិន​ចាំបាច់​ត្រូវការ PowerPoint នោះ​ទេ»៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider