ទំនោរ​ថ្មី​យុវតី​​ខ្មែរ​​ខ្លះ​​ថត​ selfie ​ក្នុង​បន្ទប់​បញ្ចេញ​សាច់​ស​ខ្ចី​ញ៉េញ​​បង្ហោះ​ក្នុង​ហ្វេសប៊ុក​​ដូរ​យក​ Like

1/20/2015 0 Comments A+ a-

ហេតុ​អ្វី​ បាន​ជា​​​យុវតី​ខ្មែរ​ឥលូវ​ចូល​ចិត្ត​ថត​រូប​ស៊ិចស៊ី​​ក្នុង​បន្ទប់​គេង​ខ្លួន​ឯង​​ បង្ហោះ​តាម​ហ្វេសប៊ុក​​​ជា​សាធារណៈ​​​​​ដូច្នេះ?  ​​កន្លង​មក​ អ្នក​និយម​ប្រើប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ ​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​យុវតី​មួយ​ចំនួន​ បង្ហោះ​រូប​ភាព​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​គេង ​ខ្លះ​ដេក​​លើ​ពូក​ ស្លៀក​ពាក់​​ស៊ិចស៊ី​ បញ្ចេញ​សាច់​ស​ខ្ចី​ញ៉េ​ញ​ យ៉ាង​គឃ្លើន​ ​ព្រោង​ព្រាត​បង្ហាញ​ដល់​មិត្តភ័ក្ដិ​នៅ​ក្នុង​ហ្វេសប៊ុក​​ ធ្វើ​ព្រងើយ​ ហាក់​មិន​បាន​​ខ្វល់​ខ្វាយ​ គិត​គូរ​ដល់​ផល​ប៉ះពាល់​​អ្វី​បន្តិច​សោះ​ឡើយ។

តើ​ទង្វើ​​បែប​នេះ​ យុវជន​ខ្មែរ​​ទាំង​នោះ​មាន​​ធ្លាប់​គិត​ពី​បញ្ហា​ប្រឈម​ដែរ ឬ​ទេ​​?  ចុះ​មិត្ត​យុវវ័យ​ អ្នក​ប្រើប្រាស់​​ហ្វេស​ប៊ុក​ដូច​គ្នា​ មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ ជុំ​វិញ​បញ្ហា​នេះ?​

pic selfie in text
 រូបតំណាង

​ជា​អ្នក​ប្រើប្រាស់​​ហ្វេសប៊ុក​មួយ​រូប​ដែរ ​ យុវតី​ រចនា ​អាយុ​ ២៣ ឆ្នាំ ​បាន​​លើក​ឡើង​ទាំង​ងឿង​ឆ្ងល់​ថា សព្វ​ថ្ងៃ​នេះ​ ក្នុង​​បណ្ដាញ​សង្គម​យក្ស​ ដ៏​ពេញ​និយម​​មួយ​នេះ​ កញ្ញា​ ឃើញ​​យុវតី​ខ្មែរ​​ ​ចូល​ចិត្ត​ថត​រូប​​​ក្នុង​បន្ទប់​គេង​​ខ្លួន​ឯង​ ហើយ​បង្ហោះ​ជា​សាធារណៈ​​ច្រើន​ណាស់ មិន​ដឹង​ថា​ពួក​គាត់​យល់​យ៉ាង​ម៉េច​ទេ។
រចនា ​សង្កត់​ធ្ងន់​ទៀត​ថា៖ “បន្ទប់​គេង​របស់​មនុស្ស​ស្រី​ ​គួរ​តែ​ជា​កន្លែង​អាថ៌កំបាំង​ ​​ដែល​មិន​គួរ​បង្ហាញ​ឲ្យ​អ្នក​ផ្សេង​ឃើញ​ ក្រៅ​ពី​​គ្រួសារ​ខ្លួន​​ទេ​​ ​តែ​យុវតី​សម័យ​ហ្វេសប៊ុក​ឥលូវ​ បែរ​ជា​ថត​បង្ហោះ​​ធ្វើ​ព្រងើយ ខ្ញុំ​មិន​យល់​ដែរ​រឿង​ហ្នឹង”។

​ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន​ ឡុក​ វិសាល អាយុ​ ២៥ ឆ្នាំ​ អតីត​និស្សិត​​ ជំនាញ​សង្គម​វិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ថ្លែង​ចំៗ​ថា៖ “ខ្ញុំ​ដូច​ជា​គិត​មិន​ឃើញ​ថា តើ​ហេតុ​អី​ យុវតី​ខ្លះ​ បែក​គំនិត​​បង្ហោះ​រូប​​​​ ក្នុង​​បន្ទប់​គេង​ខ្លួន​ឯង​ ​ឲ្យ​គេ​ឃើញ​​ទេ”។

“ថត​ជាប់​បន្ទប់​គេង​ខ្លួន​ឯង​ល្មម​ទេ តែ​រូប​ភាព​ខ្លះ​ ខ្ញុំ​ឃើញ​លើ​​ហ្វេសប៊ុក​ មាន​ទាំង​ថត​ស៊ិចស៊ី​លេច​លើ​ លេច​ក្រោម​ ហើយ​ដេក​នៅ​លើ​​ពូក​ បង្ហោះ​ធ្វើ​មិន​ដឹង”។ វិសាល​ បន្ថែម​ដូច​នេះ។
​ស្រដៀង​គ្នា​នេះ​ដែរ យុវតី​​ សុជាតា អាយុ​ ២៤ ឆ្នាំ និស្សិត​ឆ្នាំ​ទី ៤ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​ មាន​ទស្សនៈ​រិះគន់​ទៅ​លើ​ទង្វើ​ខាង​លើ​នេះ​ដែរ​ថា ការ​ដែល​យុវតី​មួយ​ចំនួន​ បង្ហោះ​រូប​សិច​ស៊ី​របស់​ខ្លួន​នៅ​ក្នុង​ ហ្វេសប៊ុក​ ជា​សេរី​ភាព​ផ្ទាល់​​ខ្លួន​ក៏​ពិត​មែន ​តែ​ក៏​គួរ​គិត​​ដល់​ផល​ប៉ះពាល់​ជា​រួម​ ក្នុង​នាម​យើង​ជា​ស្រី​ដូច​គ្នា​ដែរ។

យុវតី​ ដដែល​រូប​នេះ​ បន្ត​ថា៖ “មាន​អ្នក​ខ្លះ​ប្រឹង​ថត​ស៊ិចស៊ី​​ ដេក​លើ​ពូក​ ឡើង​ចង់​អស់​ខ្ទេច​គ្មាន​សល់​ ដើម្បី​​គ្រាន់​តែ​ដូរ​យក​ Like ​​ឲ្យ​បាន​ច្រើន​ពី​មិត្តភ័ក្ដិ​ នៅ​ក្នុង​ហ្វេសប៊ុក​​តែ​ប៉ុណ្ណោះ។ ​ក្នុង​នាម​ខ្ញុំ​ជា​នារី​ដូច​គ្នា សូម​មេត្តា​ឲ្យ​ពួក​គាត់​ គិត​គូរ​ឡើង​វិញ​ផង ​មិន​គួរ​យក​កេរ្តិ៍​មក​បង្ហោះ​ បង្ហាញ​ជា​សាធារណៈ​បែប​នេះ​ទេ”៕

ទោះ​ជា​យ៉ាង​ណា ​ទស្សនៈ​ខាង​លើ​នេះ​​គ្រាន់​តែ​ ជា​ការ​លើក​ឡើង​របស់​យុវជន​ខ្មែរ​ ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ​ហ្វេសប៊ុក​មួយ​ចំនួន​ប៉ុណ្ណោះ។ ចុះ​ប្រិយមិត្ត​វិញ​ យល់​​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​នេះ?

អត្ថបទ៖ យិន សំបូរ  
​​​​​រូបភាព៖ បរទេសv