មន្ត្រី​ឥណ្ឌូណេស៊ី​៖ QZ8501 ​​ហោះ​ឡើង​​​យ៉ាង​លឿន (លើស​​យន្តហោះ​ប្រយុទ្ធ) ​​​រួច​សំកាំង​​​មុន​ពេល​ធ្លាក់

1/21/2015 0 Comments A+ a-

បំណែក​យន្តហោះ​ QZ8501ប្រភព៖​ www.buzzfeed.com
រដ្ឋមន្ត្រី​​ក្រសួង​​ដឹក​ជញ្ជូន​​ឥណ្ឌូណេស៊ី​​លោក​ Ignasius Jonan ​បាន​​​ថ្លែង​​ថា​ ​ផ្អែក​តាម​ទិន្នន័យ​បាន​ពី​រ៉ាដា​បង្ហាញ​ថា ​យន្តហោះ​ Airbus A320-200 ​​​បាន​ហោះ​ឡើង​យ៉ាង​លឿន​​​គឺ​ក្នុង​ល្បឿន​ ១៨០០​ម៉ែត្រ​ក្នុង​មួយ​នាទី​​​ហើយ​ក៏​សំកាំង ​​មុន​ពេល​​យន្តហោះ​ធ្លាក់។ ​​

​​យន្តហោះ​របស់​ក្រុមហ៊ុន​ AirAsia ​ខាង​លើ​​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​​​លើក​ឡើង​ថា​ ​​​យន្តហោះ​ធ្លាក់​ដោយ​សារ​តែ​​​អាកាសធាតុ​មិន​​ល្អ។ ​​ទោះ​ជា​យ៉ាង​ណា​ ក្រុម​អ្នក​ស៊ើប​​អង្កេត ​​កំពុង​ធ្វើ​ការ​វិភាគ​ទៅ​លើ​​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​មុន​ពេល​អាច​បញ្ចេញ​របាយការណ៍​បឋម​បាន។

​​​មុន​ពេល​ដែល​​យន្តហោះ​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​​​​​​ កាពីតែន​​​អាកាសយានិក​​ត្រូវ​បាន​ស្នើ​ឱ្យ​ហោះ​ឡើង​ខ្ពស់​​ដើម្បី​គេច​​ឱ្យ​ផុត​ពី​ព្យុះ​ ប៉ុន្តែ​ការិយាល័យ​អ្នក​បើកបរ​មិន​បាន​អនុញ្ញាត​ភ្លាម​ៗ​នោះ​ទេ​ដោយ​សារ​តែ​​យន្តហោះ​​ផ្ទុក​មនុស្ស​ច្រើន។

​​មន្ត្រី​ឥណ្ឌូណេស៊ី​ខាង​លើ​ បាន​ថ្លែង​​ដូច្នេះ​ថា​ ៖ «​រ៉ាដា​ចាប់​បាន​ត្រង់​ចំណុច​មួយ​គឺ​យន្តហោះ​ហោះ​ក្នុង​កម្រិត​ល្បឿន​​ ១៨០០​ម៉ែត្រ​ក្នុង​មួយ​នាទី​មុន​ពេល​ធ្លាក់។ ​មាន​យន្តហោះ​ជា​ច្រើន​គ្រឿង​ហោះ​​នៅ​​ចំ​ចំណុច​ដែល​រ៉ាដា​ចាប់​បាន​នោះ​ដែរ»។ ​

មន្ត្រី​​ឥណ្ឌូណេស៊ី​ដដែល​បាន​បន្ត​​ទៀត​ថា​ ​៖«​វា​គឺ​ជា​រឿង​ដ៏​កម្រ​​​​​​មួយ​​​ទៅ​ហើយ​សម្រាប់​​យន្តហោះ​ប្រយុទ្ធ​​អាច​​​បើក​ក្នុង​ល្បឿន​ហោះ​ឡើង​ ​១៨០០​ម៉ែត្រ​ក្នុង​មួយ​នាទី​។ ចំណែក​យន្តហោះ​ពាណិជ្ជកម្ម​វិញ​ គឺ​បើក​ឡើង​កម្រិត​ល្បឿន​​ត្រឹម​តែ​ពី​ ១០០០​ ទៅ​ ១២០០​ហ្វីត​ (ជាង​ ៣០០​ម៉ែត្រ​)​ក្នុង​មួយ​នាទី​គឺ​វា​លឿន​ខុស​ពី​កម្រិត​​ធម្មតា​​ទៅ​ហើយ»៕ ​​​​