បុរសហុងកុងម្នាក់ត្រូវចាប់ខ្លួន ក្នុងករណីរត់ពន្ធទូស័ព្ទ iPhone ៩៤ គ្រឿង រុំព័ទ្ធពេញដងខ្លួន
បុរសហុងកុងម្នាក់ ត្រូវបានចាប់ខ្លួននៅកំពង់ផែ Futian ទីក្រុង Shenzhen ខេត្ត Guangdong កាលពីថ្ងៃទី ១១ មករា បន្ទាប់ពីមន្ត្រីគយនៅទីនោះបានឆែកឆេររកឃើញបុរសរូបនេះ កំពុងតែព្យាយាមរត់ពន្ធទូរស័ព្ទស៊េរី iPhone ចំនួន ៩៤ គ្រឿង ចូលក្នុងទឹកដីចិនដីគោក ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរូបនេះបានរុំទូស័ព្ទស៊េរីទំនើបៗ ដែលក្នុងនោះរួមមានម៉ាកៈ iPhone 5s, 6 និង 6 Plus ព័ទ្ធជុំវិញដងខ្លួន, ភ្លៅ, ចង្វែកគូថ និងកំភួនជើង ស្រោបដោយប្លាស្ទិក ។
គួរបញ្ជាក់ថា គ្មានទំនិញរត់ពន្ធណា ត្រូវបានរកឃើញនៅក្នុងវ៉ាលីរបស់ជនរូបនេះទេ, ប៉ុន្តែ ប្រការដែលនាំពួកមន្ត្រីគយប្រចាំកំពង់ផែ Futian, ច្រកអន្តោប្រវេសន៍នៃព្រំដែនរវាងចិនដីគោក និងហុងកុង ចាប់ឃាត់ខ្លួន គឺដោយសារបុរសនេះបង្ហាញកាយវិការដំណើរចម្លែកខុសគេ ហើយជាពិសេស នៅពេលដល់វេណជនរូបនេះត្រូវចូលទៅក្នុងច្រកត្រួតពិនិត្យ ក៏ស្រាប់តែទ្វានោះបន្លឺសម្លេងខ្លាំងឡើងតែម្តង ។ ជាលទ្ធផល គឺពួកគេ (គយ) បានឆែកឆេររឹបអូសបានទូរស័ព្ទ iPhone ពីខ្លួនជនរូបនេះជិត ១០០ គ្រឿង ។
មិនត្រឹមតែប៉ុណ្ណឹង បុរសដើមកំណើតហុងកុងរូបនេះ នៅត្រូវបានមន្ត្រីគយរកឃើញករណីរត់ពន្ធជាច្រើនទៀត សម្រាប់ទំនិញផលិតផលអេឡិចត្រូនិច យកមកលក់ក្នុងទឹកដីប្រទេសចិននេះ ។
The Telegraph រាយការណ៍ថាៈ ម៉ូឌែលទូស័ព្ទ iPhone ចុងក្រោយនេះ គឺអាចរកបាននៅក្នុងប្រទេសចិន សម្រាប់ពេលខ្លះប៉ុណ្ណោះ, ប៉ុន្តែ ការរត់ពន្ធនៅតែជារឿងធម្មតាសម្រាប់ទូរស័ព្ទលួចលាក់ ។ ការផ្គត់ផ្គង់នៅចិន គឺមានច្បាប់កំណត់ និងកិច្ចសន្យាសម្រាប់ទូស័ព្ទត្រឹមត្រូវ ពីឈ្មួញស្របច្បាប់ ដូចជាៈ China Mobile គឺថ្លៃប្រៀបទៅនឹងឧបករណ៍ពីក្រុមហ៊ុនផលិតរបស់ចិន ៕