ប្រេងសាំង​លើពិភពលោកចុះថ្លៃ​ហើយ ចឹងថ្លៃសាំង និងថ្លៃ​ភ្លើង នៅ​ផ្ទះជួល​សម្រាប់​កម្មករ ក៏​ល្មម​ចុះ​ដែរ​!

1/13/2015 0 Comments A+ a-

កោះកុង: ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី ឫស្សី​ជ្រុំ​ក្រោម នៅ​ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​១២​មករា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ឲ្យ​អាជ្ញាធរ​ដែនដី ពិនិត្យ ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​ភ្លើងអគ្គិសនី​តាម​បណ្តា​ខេត្ត ពិសេស​តម្លៃ​អគ្គិសនី​តាម​បន្ទប់​ផ្ទះជួល​របស់​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ភ្នំពេញ ដល់​ពេលដែល​ត្រូវ​ចុះថ្លៃ​ហើយ ព្រោះ​ប្រេងសាំង​ចុះថ្លៃ​យូរហើយ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អាជ្ញាធរ​ដែនដី និង​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យមើល​ការលក់​ភ្លើង​របស់​ផ្នែក​ឯកជន ដែល​មកដល់ពេលនេះ តម្លៃ​អគ្គិសនី មិនបាន​ចុះ​សោះ នៅពេលដែល​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ មានការ​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​ទៅហើយ នោះ ។ ជាមួយនេះ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា បន្ត​ចុះថ្លៃ​បន្ថែមទៀត ព្រោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​លិខិត​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​បញ្ចុះតម្លៃ​មក​នៅត្រឹម ៣.៩០០ រៀល​ក្នុង ១ លីត្រ តែ​មកទល់ពេលនេះ​ក្រុមហ៊ុន​សាំង​មួយចំនួន មិនទាន់បាន​ចុះ​នៅឡើយ​ទេ​ពិសេស​ក្រុមហ៊ុន​បរទេស​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​វា​ល្មម​បញ្ចុះតម្លៃ​បាន​ហើយ ប្រេង​ដែល​ស្តុក​ទុក​ពីមុន​នោះ វា​ល្មម​អស់ហើយ​ដែរ​”​។
​នៅ​ក្នុ​ឳ​កាស​នោះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា សហការ​ជាមួយ​អ​ជា្ញ​ធរ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ សិក្សា​ផងដែរ ចំពោះ​លំនៅដ្ឋាន ដែល​កម្មករ​កម្មការិនី កំពុង​ជួល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ដែលមាន​ជាង ៣ ម៉ឺន​បន្ទប់ ហើយ​ដែល​តម្លៃ​ភ្លើង​នៃ​បន្ទប់​ជួល​នោះ មានតម្លៃ​ពី ៨៥០ រៀល ទៅ ២៥០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​ម្ចាស់​ផ្ទះជួល​ទារ​ពី​កម្មករ ដូចនេះ​ត្រូវ​រក​វិធី​ដោះស្រាយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​តម្លៃ​នេះ​មានការ​ធ្លាក់ចុះ​សម្រាប់​បងប្អូន​កម្មករ​។
​ជាមួយនេះ សម្តេច​ក៏បាន​បង្ហាញ​ពី​ផែនការ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្តកោះកុង​ផងដែរ​៕​ប្រភពៈ CEN