ប្រទេស​រុស្ស៊ី​ប្រើ​ល្បិច​ស្រី​ស្រស់ ទាក់​ចិត្ត​ភ្នាក់ងារ​ចារកម្ម​អាមេរិក Edward Snowden ឲ្យ​ទៅ​នៅ​ប្រទេស​រុស្ស៊ី

1/21/2015 0 Comments A+ a-

នាង​អាណា (ឆ្វេង) និង​លោក​ស្នូដឹន (Snowden) រូប​ស្ដាំប្រភព៖​ businessinsider.com
នាង​អាណា​ឆេបមេន (Anna Chapman) និង​លោក​ស្នូដឹន (Edward Snowden)

ខាង​ក្រោម​នេះ​ជា​ដំណើរ​ដើម​ទង ស្ដីពី​លោក​អែតវើត​ស្នូដឹន (Edward Snowden) សញ្ជាតិ​អាមេរិក និង​ជា​អ្នកធ្វើ​ការ​ក្នុង​ក្រុម​ចារកម្ម​អាមេរិក (NSA) ដែល​បាន​ទម្លាយ​អាថ៌កំបាំង​អំពី​វិធី​ប្រមូល​ព័ត៌មាន​សម្ងាត់​​របស់​ NSA។ ពេល​រដ្ឋាភិបាល​អាមេរិក​​ប្រកាស​តាម​ចាប់​ស្នូដឹន ស្នូដឹន​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ចេញ​មុខ​ការពារ ដោយ​ទទួល​ឲ្យ​រស់​នៅ​ប្រទេស​រុស្ស៊ី​បណ្ដោះ​អាសន្ន។​


អតីត​​បុគ្គលិក​ជាប់​កិច្ច​សន្យា (contractor) របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (National Security Agency -NSA) លោក​អែតវើត​ស្នូដឹន (Edward Snowden) បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​ហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ២០១៣ ហើយ​បាន​ទម្លាយ​អាថ៌កំបាំង​នានា និង​របៀប​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នេះ ប្រាប់​ទៅ​សារព័ត៌មាន The Guardian របស់​អង់គ្លេស។ លោក​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ (computer programmer) ​ប្រចាំ​ស្ថាប័ន NSA។

​ថ្ងៃទី២០ ឧសភា ២០១៣ លោក​បាន​ចាកចេញ​ពី​រដ្ឋ​ហាវ៉ៃ ទៅ​ទីក្រុង​ហុងកុង​ ហើយ​បាន​ណាត់​ជួប​អ្នក​កាសែត​ពីរ​រូប ដើម្បី​ទម្លាយ​អាថ៌កំបាំង​នានា​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ចារកម្ម NSA របស់​សហរដ្ឋ​អាមេរិក។ ​ស្នូដឹន​បាន​ជួប​នឹង​អាសន្ន​ធំ នៅ​ទីក្រុង​ហុងកុង​ បន្ទាប់​ពី​តុលាការ​អាមេរិក​បាន​ចោទប្រកាន់​ជា​ផ្លូវ​ការ​ ពី​បទ​រំលោភ​លើ​ច្បាប់​ចារកម្ម (Espionage Act) និង​លួច​កម្មសិទ្ធិ​រដ្ឋាភិបាល។ ប្រសិនបើ​តុលាការ​ចាប់​ពិរុទ្ធ​បាន លោក​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០ ឆ្នាំ។

​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ លោក​ត្រូវ​រដ្ឋាភិបាល​រុស្ស៊ី​អនុញ្ញាត​ឲ្យ​រស់នៅ​ប្រទេស​រុស្ស៊ី​ជា​បណ្ដោះអាសន្ន រយៈពេល​មួយ​ឆ្នាំ។ បន្ទាប់ពី​រស់នៅ​រុស្ស៊ី​មួយ​ឆ្នាំ រុស្ស៊ី​ក៏​បន្ត​ឲ្យ​ស្នាក់នៅ​បី​ឆ្នាំ​ទៅ​មុខ​ទៀត និង​មាន​សិទ្ធិ​ដើរហើរ​ទូទាំង​ប្រទេស​រុស្ស៊ី។ ​តិច​ឬ​ច្រើន ការ​ទទួល​លោក​ស្នូដឹន​ឲ្យ​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​នេះ ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ទៅ​លើ​រុស្ស៊ី​ដែរ ព្រោះ​ក្នុង​លោក​នេះ គ្មាន​ប្រទេស​ណា​ហ៊ាន​លូកដៃ​ជ្រៀតជ្រែក​ក្នុង​ករណី​ស្នូដឹន​នេះ​ទេ គឺ​មាន​តែ​រុស្ស៊ី​មួយ។

នាង​អាណា​ឆេបមេន (Anna Chapman) និង​លោក​ស្នូដឹន (Edward Snowden)
យោង​តាម​សារព័ត៌មាន​ចុង​ក្រោយ បាន​ចុះ​ផ្សាយ​អាថ៌កំបាំង​ផ្សេងៗ ដែល​នាំ​ឲ្យ​លោក​ស្នូដឹន​ត្រូវ​បាន​ផ្ដល់​ឱកាស និង​សម្រេចចិត្ត​ទៅ​ប្រទេស​រុស្ស៊ី ក៏​ព្រោះ​រុស្ស៊ី​បាន​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ដ៏​ស្រស់​ស្អាត​ម្នាក់ ធ្វើ​ជា​នុយ ឬ​ជា​អន្ទាក់​សម្រាប់​អន្ទង​ចិត្ត​ស្នូដឹន ទៅ​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​ជា​បណ្ដោះ​អាសន្ន។ នាង​អាណា​ឆេបមេន (Anna Chapman) ជា​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​ទៅ​ទាក់​ទង​ស្នូដឹន​ដល់​ទីក្រុង​ហុងកុង។ ក្រោយមក នាង​អាណា (Anna) បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ទ្វីតថឺ (Twitter) ដោយ​ស្នើ​សុំ​ស្នូដឹន​រៀបការ ដើម្បី​ឲ្យ​ស្នូដឹន​បាន​សញ្ជាតិ​រុស្ស៊ី​ដោយ​ស្រប​ច្បាប់។

តើ​លោក​អែតវើត​ស្នូដឹន (Edward Snowden) ​និង​នាង​អាណា​ (Anna) ជា​អ្នក​ណា? 
តាមពិត លោក​ស្នូដឹន និង​នាង​អាណា ជា​អ្នក​ធ្វើ​ការ​ខាង​ផ្នែក​ចារកម្ម​ដូចគ្នា។ នាង​អាណា​ជា​ភ្នាក់ងារ​ចារកម្ម ដែល​រដ្ឋាភិបាល​រុស្ស៊ី​បញ្ជូន​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក ដោយ​សម្បក​ក្រៅ​មាន​នាទី​ជា​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​។ នាង​អាណា ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន រួម​ជាមួយ​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ៩ នាក់​ផ្សេង​ទៀត កាលពី​ថ្ងៃទី២៧ ​មិថុនា ២០១០ នៅ​ទីក្រុង​ញូយ៉ក ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​អាមេរិក។

នាង​អាណា ជា​នារី​ដែល​មាន​រូប​សម្ផស្ស​ដ៏​ស្រស់​ស្អាត និង​បច្ចុប្បន្ន ជា​តារា​ម៉ូដែល (model) ប្រចាំ​ប្រទេស​រុស្ស៊ី។ នាង​កើត​នៅ​ថ្ងៃ​ទី២៣ មករា ១៩៨២ (អាយុ ៣៣ ឆ្នាំ)។ នាង​បាន​រៀប​ការ​កាលពី​ឆ្នាំ២០០២ ហើយ​បាន​ចែកផ្លូវ​គ្នា​ជា​មួយ​​ស្វាមី កាលពី​ឆ្នាំ២០០៦។ នាង​ទទួល​បាន​សញ្ជាតិ​អង់គ្លេស ហើយ​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ធនាគារ Barclays របស់​អង់គ្លេស សាខា​អាមេរិក។ ​នៅ​ពេល​នាង​អាណា ហៅ​ទូរស័ព្ទ​ទៅ​ប៉ា​របស់​នាង ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ខាង​ចារកម្ម​នៅ ទីក្រុង​មូស្គូ សមាសភាព​របស់​នាង​ជា​ភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី ក៏​បែកការ​ក្នុង​គ្រា​នោះ ហើយ​ត្រូវ​ភ្នាក់ងារ​ជាតិ​ខាង​ស៊ើប​សំណុំ​រឿង​ក្ដី (Federal Bureau of Investigation – FBI) ចាប់ថ្នាក់​បាន ហើយ​បាន​ចុះ​ចាប់​ខ្លួន​នាង​ និង​បក្សពួក​ ៩ នាក់​ទៀត។


លោក​អែតវើត​ស្នូដឹន (Edward Snowden) កើត​នៅ​ថ្ងៃ​ទី​២១ មិថុនា ១៩៨៣ (អាយុ ៣២ ឆ្នាំ) ជា​អតីត​បុគ្គលិក​ជាប់​កិច្ចសន្យា (contractor) របស់ «ទីភ្នាក់ងារ​សន្តិសុខជាតិ – NSA» របស់​សហរដ្ឋ​អាមេរិក។ NSA ជា​ភ្នាក់ងារ​ចារកម្ម ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នីតិប្រតិបត្តិ ខុស​ពី​ C.I.A ស្ថិត​ក្រោម​ឱវាទ​របស់​សភាជាតិ​អាមេរិក (congress)។ លោក​មាន​តួនាទី​ជា «អ្នក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​កុំព្យូទ័រ – System administrator» ដែល​បុគ្គលិក​របស់ NSA ប្រើប្រាស់ ដូចនេះ លោក​មាន​ឱកាស​បើក​មើល​ទិន្នន័យ​កុំព្យូទ័រ​ទាំងនោះ ដូចនេះ លោក​អាច​មើល​ដឹង​ឯកសារ​សម្ងាត់ និង​កិច្ចការ​សម្ងាត់​ជា​ច្រើន ដែល​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ក្នុង​ស្ថាប័ន NSA។

គេ​រក​នឹក​មិន​យល់ ហេតុអ្វី​បាន​ជា​ស្នូដឹន (Snowden) មាន​ជីវិត​រស់​នៅ​សម្បូរសប្បាយ ជាមួយ​និង​ប្រាក់​បៀរវត្ស ២០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​មិត្ត​ស្រី​ម្នាក់​ឈ្មោះ Lindsay Mills ហើយ បែរ​ជា​នៅ​មិនសុខមិនសព្ទ ទៅ​ហែក​កកាយ​អំពី NSA ប្រាប់​អ្នក​សារព័ត៌មាន រហូត​ដល់​គេ​ដឹង​ឮ​ពេញ​ពិភពលោក៕

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Guardian , wikipedia.org , businessinsider.com , washingtonpost.com , washingtontimes.com