រដ្ឋាភិបាល​ដក​ហូត​ក្រុមហ៊ុន​វិនិយោគ​ដី​សម្ប​​ទាន​សេដ្ឋកិច្ច​ជាង​ ៩ ម៉ឺន​ហិកតា​ក្នុង​ឆ្នាំ​២០១៤

1/08/2015 0 Comments A+ a-

ភ្នំពេញៈ នៅ​ក្នុង​ឆ្នាំ ២០១៤ ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រេច​និរាករណ៍​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ២៣ ក្នុង​ចំណោម​ក្រុម​ហ៊ុន ១១៣ ក្រុមហ៊ុន លើ​ផ្ទៃ​ដី​សរុប​ ជាង​ ៩ ម៉ឺន​​ហិកតា និង​ ទុក​ពេល​ឲ្យ​ក្រុម​ហ៊ុន​ចំនួន ៤ ស្ថិត​ក្រោម​ការ​តាម​ដាន ដែល​មាន​រយៈពេល​ពី ៦ ខែ​ដល់ ១ ឆ្នាំ។ នេះ​បើ​យោង​តាម​ការអះ​អាង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។
លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បានថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ ទីស្តីការ​ក្រសួង​​ថា នៅ​ក្នុង​ឆ្នាំ ២០១៤ ក្រសួង​បាន​ពិនិត្យ​និង​វាយ​តម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទាំង​អស់​ចំនួន ​សរុប​ ១១៣​ ក្រុមហ៊ុន លើ​ផ្ទៃ​ដី​សរុប​ ៦៤៦២៩៦,៧៥ ហិកតា និង​ដក​ហូត​សិទ្ធិ​វិនិយោគពី​ក្រុមហ៊ុន​ចំនួន ២៣​ លើ​ផ្ទៃ​ដី​សរុប​ ៩០៦៨២ ហិកតា ហើយ​ក៏​មាន​ក្រុម​ហ៊ុន​ចំនួន​ ៣​ ដែល​មាន​ផ្ទៃ​ដី​ទំហំ ២៥៨៥៥ ​ហិកតា បាន​ស្ម័គ្រ​ចិត្ត​​ប្រគល់​ឲ្យ​រាជ​រដ្ឋាភិបាល​គ្រប់​គ្រង​វិញ​។ ​ក្រុម​ហ៊ុន​ចំនួន​ ២​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​បន្ថយ​ទំហំ​ផ្ទៃ​ដី​វិនិយោគ​ ១០ ៣៨៩ ហិកតា មក​ត្រឹម​ ២៣៥ ហិកតា និង​មាន​ក្រុម​ហ៊ុន​ចំនួន ៤ លើ​ផ្ទៃ​ដី​សរុប ២១ ២៤១​ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ពេល​ឲ្យ​ពី​ ៦ ខែ​ទៅ ១ ឆ្នាំ ដើម្បី​ស្ថិត​ក្រោម​ការ​តាម​ដាន។
6-story-1_4ឈើដែល​បាន​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ទទួល​បានសម្បទាន​កន្លងមក​ក្នុង​ខេត្ត​ព្រះ​វិហារ​​។ រូបថតៈ ម៉ៃ វីរៈ
លោក​បាន​បន្ត​ទៀត​ថា៖«​សម្រាប់​ខ្ញុំ​ ការ​សម្អាតដី​សម្បទាន​ទាំង​ប៉ុន្មាន​នេះ​ ក៏​ជា​ការ​ផ្តល់​​ភាពកក់​ក្តៅ​ដល់​អ្នកវិនិយោគ​ដែរ​ ឲ្យ​ច្បាស់​ថា ដី​យើង​ដែល​មាន​នោះ​គឺ​មិន​មាន​ប៉ះ​ពាល់​​ទៅដល់​ដីប្រ​ជា​បលរដ្ឋ​របស់​យើង។ យើង​ក៏​បាន​ពិនិត្យ​​មើល​ទិដ្ឋភាព​ច្បាប់​ផង​ដែរ​ទាំង​កាតិព្វ​កិច្ច​របស់​ ក្រសួង​និង​កាតព្វកិច្ច​របស់​អ្នក​វិនិយោគ ការ​ដក​ហូត​មក​វិញ​នោះ​គឺ​យើង​​មើល​គ្រប់​ជ្រុង​ជ្រោយ​​ដែរ»។
លោក​បានបន្ត​ថា ដី​ដែល​បាន​ដក​​មក​វិញ​ គឺ​ដី​ពី​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​វិស័យ​កសិ​-​ឧស្សាហកម្ម ទេសចរណ៍​ធម្មជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស មណ្ឌល​កម្សាន្ត និង​អភិរក្ស​ព្រៃ​កោង​កាង​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូចជា​ កំពង់​ស្ពឺ ព្រះសីហនុ កោះ​កុង ព្រះ​វិហារ កំពង់ធំ មណ្ឌលគិរី រតន​គិរី ឧត្តរមានជ័យ បាត់​ដំបង​ សៀមរាប​ ក្រចេះ ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។
លោកបាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖«ដី​ដែល​ដក​ហូត​មក​វិញ​គឺ​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់​គ្រង​របស់​ក្រ​សួង​បរិស្ថាន ហើយ​នេះ​គឺ​ជា​គោល​ដៅ​ទី​១ ​ដែល​ក្រសួង​​បាន​សម្រេច​បាន​នៅ​ក្នុងឆ្នាំ ២០១៤ កន្លង​មក​»។
សូម​រំឭក​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ ២០១២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ ផ្អាក​ជា​បន្ទាន់​និង​គ្មាន​កាល​កំណត់​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ឲ្យទៅ​ក្រុម​ហ៊ុន​ឯកជន​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្ប​ទាន ​ដែល​មាន​ស្រាប់​​ទាំង​អស់។
លោក រាជ សីម៉ា ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន KDC របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រ​សួង​​រ៉ែ​និង​ថាម​ពល​ ដែល​នៅ​តែ​ពុំទាន់​មាន​ដំណោះ​ស្រាយ​បាន​ថ្លែង​ថា ចំពោះ​នីតិវិធី​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​នោះ​គឺ​ពុំ​បាន​ជួយ ​អ្វី​ដល់​ពួក​លោក​ជា​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​នោះ​ទេ​ ពីព្រោះ​រដ្ឋាភិបាល​ដក​ហូត​យក​ដី​ណា​ដែល​គ្មាន​ជម្លោះ​តែ​ប៉ុណ្ណោះ​។
លោក​បន្តថា ៖«​ករណី​ខ្ញុំ​មាន​ទាំង​តំណាង​រាស្ត្រ​បក្ស​ទាំង​ពីរ​សន្យា​ថា ​នឹង​ដោះស្រាយ​ឲ្យ​តែ​ឥឡូវ​ក្រុម​ហ៊ុនគេ​ធ្វើ​របង​ព័ន្ធ​ដី​ជិត យើង​មិន​ឃើញ​មាន​រដ្ឋាភិបាល​ចាត់​វិធាន​ណាមួយ​ដើម្បី​ជួយ​ដល់​ពួក​យើង​ពិត​ ប្រាកដ​នោះ​ទេ​»។​
ចំណែក​ឯ​លោក​អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ ថ្លែង​ឲ្យ​ដឹង​ថា ​ចំពោះ​ការ​ពិនិត្យ​ឡើង​វិញ​របស់​ក្រសួង​បរិស្ថាន​នោះ​គឺ​ជាការ​ល្អ ហើយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ក៏​គួរ​ធ្វើ​ដែរ​ពីព្រោះ​ ក្រសួង​នេះក៏​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ច្រើន​ផង​ដែរ​ឲ្យ​ទៅក្រុម​ ហ៊ុន​ឯក​ជន​។
លោក​បានថ្លែងថា៖ «​បើ​តាម​យើង​មើល​ឃើញ​នោះ​គឺ​ក្រសួង​ភាគ​ច្រើន​ដក​យក​ដី​វិញ​សម្រាប់​តែ​ ក្រុម​ហ៊ុន​ដែល​ធ្វើ​នំ​អត់​ម្សៅ ​គឺក្រុម​ហ៊ុន​ទាំង​នោះ​មក​គ្រាន់​តែ​កាប់​ព្រៃ​ឈើ​អស់​ក៏​ទុក​ដី​នោះ​ចោល ដូច្នេះ​មិន​ត្រឹម​តែ​ដក​យក​ដី​វិញ​នោះ​ទេ​គឺ​ត្រូវ​គិត​គូរ​ពីបញ្ហា​ទោស​ ទណ្ឌ​ផង​ដែរ»។​
បើ​យោង​ទៅ​តាម​របាយការណ៍​បូក​សរុប​ការ​ងារ​កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ​ ប្រចាំ​ឆ្នាំ ២០១២-២០១៣ និង​ទិស​ដៅ​​ឆ្នាំ​ ២០១៣-២០១៤ បង្ហាញ​ឲ្យ​ដឹងថា មក​ទល់​ពេល​នេះ​​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​គោលការណ៍​វិនិយោគ​ជូន​ក្រុម​ហ៊ុន​សម្បទាន​ សេដ្ឋកិច្ច​និង​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សរុប​ចំនួន ១២១​ ក្រុមហ៊ុន លើផ្ទៃ​ដី​កិច្ច​សន្យា​សរុប​ចំនួន ១ ២៣០ ៣៦៤ ហិកតា​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន ​១៧ ដែល​នៅ​ក្នុង​នោះ​ក្រុម​ហ៊ុន​មក​ពី​បរទេស​សរុប​ចំនួន ៨២​ ក្រុមហ៊ុន កាន់​កាប់​លើ​​ផ្ទៃ​ដី​សរុប​ចំនួន ​៦២០ ៩៨៧ ហិកតា៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍