សមត្ថកិច្ច​​ចុះ​បង្ក្រាប​​​​ហាង​​លក់​​ប្រដាប់​​ភេទ​​​សិប្បនិម្មិត​

1/08/2015 0 Comments A+ a-

រាជធានីភ្នំពេញ​ ៖ ​ហាង​​លក់​ទំនិញ​គ្រប់​មុខ​​ហុង​អ៊ី និង​​លក់​​ឱសថ​​​បុរាណ​ចិន​​ស៊ុន​អ៊ីង​ហួរ​ ដែល​មាន​ទីតាំង​​ផ្ទះ​​លេខ​​២៧២-២៧៤ ស្ថិត​​នៅ​​តាម​​​​មហា​វិថី​​​ហ្សាល​ដឺ​ហ្គោល​ សង្កាត់​អូរ​ឫស្សី​ទី២ ខណ្ឌ​៧​មករា​ ​បាន​ត្រូវ​សមត្ថកិច្ច​​នគរ​បាល​​ការិយាល័យ​ប្រឆាំង​​ការជួញ​ដូរ​​មនុស្ស​​និងការពារអនីតិជន​​​ រាជ​ធានី​ភ្នំពេញ ​សហការ​ជាមួយ​​​ស្ថាប័ន​​អយ្យ​ការ​ ​​ឆែក​ឆេរ​​​ឧបករណ៍​​និង​សម្ភារ​​​ប្រដាប់​​ភេទ​​​​​សិប្បនិម្មិត។
ការចុះ​​ឆែក​ឆេរ​​​ហាង​​លក់​ទំនិញ​និង​ឱសថ​បុរាណ​​ចិន​​នោះ​ ដឹកនាំដោយ​​លោក​ឧត្តមសេនីយ៍​​ត្រីបែន រ័ត្ន​ ស្នង​ការ​រង​​ ទទួល​បន្ទុក​ជា​ប្រធាន​ការិយាល័យ​​កណ្តាល​ប្រឆាំង​បទល្មើស​នៃស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ រាជ​ធានី​ភ្នំពេញ​​​​ ដោយ​មាន​ការ​ចូល​​រួមពី​សំណាក់​លោក​គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា​រង និង​លោក​វរសេនីយ៍​កែវ ធា ​ប្រធាន​ការិយា​ល័យ​​​នគរ​បាល​​ប្រឆាំង​ការជួញដូរ​មនុស្ស​និងការ​ពារ​អនីតិជន​ ព្រម​ទាំង​​សមត្ថកិច្ច​អាជ្ញាធរ​​មូល​ដ្ឋាន ។ កិច្ច​បង្ក្រាប​​​នេះត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​​​ត្រីបែន រ័ត្ន​ ឱ្យ​ដឹងថា ហាង​លក់​ទំនិញ​​​និង​ឱសថ​​​បុរាណ​ចិន​ខាង​លើ​​នេះ សមត្ថកិច្ច​ជំនាញ​បាន​​រកឃើញ​មាន​ដាក់​តាំង​លក់​​លិង្គ​សិប្ប​និមិ្មត​​​បុរស និងយោនី​សិប្បនិម្មិត​ស្ត្រី ។ ក្រៅពី​​នេះ​ក៏​​មាន​​នាំចូល​និងចែក​​ចាយ​សម្ភារ​​អាស​អាភាស​ ព្រម​ទាំង​​ឱសថ​​បុរាណ​​ចិន​ដែល​​អតិថិ​ជន​​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ឱ្យ​មាន​កម្លាំង​​និង​សម្រើប​​ផ្លូវ​ភេទ ។
លោក​ឧត្តម​សេនីយ៍​​បាន​ឱ្យ​ដឹងទៀតថា បន្ទាប់​​ពី​កម្លាំង​ជំនាញ​ស្រាវ​ជ្រាវ​​ និង​ស៊ើប​អង្កេត​​រក​ឃើញ​​ហាងលក់​ទំនិញ​​ និង​ឱសថ​បុរាណ​ចិន​លក់​សម្ភារ​​ផ្ទុយ​នឹង​ច្បាប់​ហាម​ឃាត់​នេះ ​លោក​ក៏​បាន​ធ្វើ​របាយ​ការណ៍​មួយ​ស្នើ​​សុំ​ទៅ​ស្ថាប័ន​​អយ្យ​ការ​ដើម្បី​ឆែក​ឆេរ​ និង​នាំ​ខ្លួន​ម្ចាស់​ហាង​ដែល​មាន​ការ​ពាក់​ព័ន្ធ​​យក​ទៅ​ធ្វើ​ការ​​តាម​នីតិ​វិធី​ច្បាប់។ ​​ក្រោយ​ពី​ឆែក​ឆេរ​គឺដក​ហូត​បាន​សម្ភារ​​ និង​ឧបករណ៍​​ទាំង​​នោះ​​មួយ​ចំនួន ព្រម​ទាំង​ឃាត់​ខ្លួន​ម្ចាស់​ហាង​ចំនួន​៥​នាក់​ (ប្រុស​៣​នាក់ ស្រី​២​​នាក់) នាំ​ទៅ​កាន់​​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ ។
លោក​ចាន់ ពិសិដ្ឋ ចៅសង្កាត់​​អូរ​ឫស្សី​ទី២ បាន​អះអាង​ថា ហាង​លក់​ទំនិញ​​ និង​ឱសថ​បុរាណ​​​​ចិន​នេះ​បើក​លក់​យូរ​ឆ្នាំ​ហើយ មាន​​អាជ្ញា​ប័ណ្ណ​ត្រឹម​​ត្រូវ។​ កាលពី​ប្រមាណ​​២​ឆ្នាំ​មុន​នេះ​ ហាង​នោះ​គេ​ដាក់​តាំង​លក់​លិង្គ​សិប្ប​និមិត្ត​​បុរស​​ម្តង​ដែរ ​ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​របស់​លោក​ចុះ​ទៅ​ណែ​នាំ​​ឈប់​​ឱ្យ​លក់។ ​ចាប់​ពី​ពេល​​នោះ​មក ​លោក​ក៏​មិន​បាន​ដឹង​ថា ​ហាង​លក់​ទំនិញ​គ្រប់​មុខ​ហុង​អ៊ី និង​​លក់​ឱសថ​បុរាណ​​ចិន​ស៊ុនអីុង​ហួរ មាន​​លក់​​សម្ភារ​ឧបករណ៍​​ខុស​ច្បាប់​​នេះ​ទៀត​ដែរ ៕
ប្រភពពី The Nation Post