លោក ប៉ែន សុវណ្ណ ដាច់សរសៃ ឈាមខួរក្បាល ត្រៀមបញ្ជូនទៅសង្រ្គោះ នៅក្រៅប្រទេស

1/18/2015 0 Comments A+ a-

ភ្នំពេញ៖ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តី នៃរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា និង ជាតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌល ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន បានដាច់សរសៃឈាមខួរក្បាល ត្រូវបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅក្រៅប្រទេស ។ នៅបើយោងតាមលិខិតអំពាវនាវរកជំនួយសង្រ្គោះរបស់លោក កឹម សុខា អនុ ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៥នេះ។
តាមរយៈលិខិតនេះ លោក កឹម សុខា បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានដាច់សរសៃឈាមខួរ ហើយកំពុង តែរៀបចំបញ្ជូនទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ លោក កឹម សុខា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយជាវិភាគទាន ដើម្បីបញ្ជូនលោក ប៉ែន សុវណ្ណ ទៅសង្រ្គោះនៅក្រៅប្រទេសផងដែរ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅល្ងាច ថ្ងៃនេះថា លោក ប៉ែន សុវណ្ណ មានជំងឺលើសឈាម ហើយបានដាច់សរសៃឈាមកាលពីយប់ថ្ងៃទី១៧ ខែមករា ពេលរៀបចំចូលសម្រាន្ត។ លោក មុត ចន្ថា បន្តរហូតដល់ល្ងាចថ្ងៃនេះ ក្រុមការងារគណបក្សសង្រ្គោះជាតិ កំពុង រៀបចំចាត់ចែងបញ្ជូនលោក បែន សុវណ្ណ ទៅសង្រ្គោះនៅក្រៅប្រទេស។
លោក បែន សុវណ្ណ មានជន្មាយុ ៧៩ឆ្នាំ បានកើតនៅថ្ងៃ១៥ មេសា ១៩៣៦ នៅ ភូមិចន្ទទៀប ត្រាំប្រាក់ ខេត្ត តាកែវ។ លោក ជាអតីតនាយករដ្ឋមន្ត្រីទីមួយ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨២)។  លោកធ្លាប់ជាលេខា នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ចាប់ពីឆ្នាំ១៩៧៩ ដល់ ថ្ងៃ ៥ ធ្នូ ១៩៨១។
បន្ទាប់ពីបាតមុខពីឆាកនយោបាយ និងខកខានបម្រើការងារប្រទេសទេសជាតិចាប់តាំងអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ លោក ប៉ែន សុវណ្ណ បានក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ។ លោកធ្លាប់បានសម្តែងការរំពឹងទុកថា តាមរយៈតួនាទីជាតំណាងរាស្រ្តនេះ នឹងផ្តល់ឱកាសឲ្យរូបលោកបានចូលបម្រើការងារប្រជាជន និងសង្គមកម្ពុជាជាថ្មី ហើយកាលពីពេលថ្មីៗនេះ លោក ក៏បានប្រកាសបើកមូលនិធិ ដោយប្រើថវិកាផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និងទុរគតផងដែរ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news