នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ ប្រញាប់​វិល​មក​ស្រុក​ដើម្បី​ដឹកនាំ​ការដោះស្រាយ​វិបត្តិ​ចំណាប់ខ្មាំង​

1/22/2015 0 Comments A+ a-

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ កាលពី​ថ្ងៃ​ពុធ​បាន​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ពី​មជ្ឈិមបូព៌ា​មកកាន់​ប្រទេស​វិញ ដើម្បី​ដឹកនាំ​ចម្លើយ​តប​របស់​​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ក្រោយ​ពី​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​បាន​គំរាម​សម្លាប់​ជនជាតិ​ជប៉ុន​២​នាក់ ដរាបណា​លោក​មិន​បង់ប្រាក់​លោះ​ខ្លួន​២០០​លាន​ដុល្លារ​​អោយពួកវាទេ​។​
​តែ​លោក​អាបេ ដ៏​រឹងប៉ឹង បាន​ប្តេជ្ញា​ថា​លោក​នឹង​”​មិន​ឱនក្បាល​ចំពោះ​ភេរវកម្ម​” នៅពេល​ជប៉ុន​ត្រូវ​បាន​រុញ​បញ្ចូល​ភ្លាមៗ​ទៅ​ក្នុង​ជម្លោះ​ដែល​កំពុង​ធ្វើអោ​​យ​គាំង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ កន្លែង​ដែល​ពួក​ជ្រុលនិយម​បាន​វាយ​កាន់កាប់​តំបន់​ធំៗ​។​
abeនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ ទស្សនា​ទី​បញ្ចុះសព​មេដឹកនាំ​ប៉ាឡេ​ស្ទីន លោកយ៉ា​សេ អា​រ៉ា​ហ្វាត នៅ​តំបន់​វេ​សប៊ែ​ង​កាលពី​ថ្ងៃ​២០​មករា​
​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ថា​”​ខ្ញុំ​ទាមទារ​កុំអោយ​ពួកគេ​ប៉ះពាល់​ចំណាប់ខ្មាំង​និង​ដោះលែង​​ពួកគេ​ជា​បន្ទាន់​។​សហគមន៍​អន្តរជាតិ​នឹង​មិន​ចុះ​ញ៉ម​ចំពោះ​ភេរវកម្ម​ឡើយ និង​យើង​ត្រូវតែ​ធានា​ថា​ពួក​យើង​ធ្វើការ​ជាមួយគ្នា​”​។​
​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​(ISIS)​បានសម្លាប់​ចំណាប់ខ្មាំង​បស្ចិម​ប្រទេស​៥​នាក់​រួច​ហើយ​ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​មុន តែ​នេះ​ជា​លើកដំបូង​ដែល​ក្រុម​​ជី​ហាដ​នេះ គំរាម​ចំណាប់ខ្មាំង​ជប៉ុន​។​
​នៅ​ក្នុង​រូប​បង្ហោះលើ​វេបសាយ​របស់​ពួក​ជីហាដ ជន​សកម្មប្រយុទ្ធ​ពាក់​ឈុត​ខ្មៅ​ម្នាក់​បាន​លើក​បង្ហាញ​កាំបិត​និង​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ចំពោះ​​មុខ​កាមេរ៉ា ដោយ​ឈរ​នៅ​ចន្លោះ​ចំណាប់ខ្មាំង​ដែល​ពាក់​អាវ​ពណ៌​ទឹកក្រូច​។​
​បុរស​នេះ​និយាយថា​”​អ្នក​មាន​ពេល​៧២​ម៉ោង​ដើម្បី​ដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល​របស់​អ្នក​ធ្វើ​ការសំរេចចិត្ត​ដោយ​បង់ប្រាក់​២០០​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​​ជីវិត​ពលរដ្ឋ​របស់​អ្នក​”​។​
​ជន​សកម្មប្រយុទ្ធ​នេះ និយាយថា ចំនួន​ប្រាក់​លោះ​នេះ​ស្មើ​នឹង​ជំនួយ​ដែល​លោក​អាបេ​បាន​សន្យាផ្តល់​នៅ​ក្នុង​ការគាំទ្រ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម ISIS​។​
​សម្លេង​គាំទ្រ​បាន​ចេញមក​ពី​ជុំវិញ​ពិភពលោក ដោ​យ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ច​ន ឃើ​រី បាន​ប្រាប់​សម​ភាគី​ជប៉ុន​របស់​លោក​ថា រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​ឈរ​យ៉ាង​រឹងប៉ឹង​ពីក្រោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​៕ ប្រភពៈ CEN