គណបក្សទាំងពីរបន្តខ្វែងគំនិតគ្នា
ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅតែបន្តខ្វែងគំនិតគ្នាក្នុងការកំណត់ថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃហែក្បួនបោះឆ្នោត ដោយទុកឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាអ្នកសម្រេច ។
ក្រោយពីកិច្ចពិភាក្សានៅរសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០១៥នេះ លោក គួយ ប៊ុនរឿន មន្ត្រីគណបក្សសង្គ្រោះជាតិលើកឡើងថា គណបក្សខ្លួនចង់ឲ្យយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល៣០ថ្ងៃដូចដែលមានកំណត់ក្នុងច្បាប់បោះឆ្នោតចាស់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានការឃោសនាបោះឆ្នោតតែរយៈ ពេល១៤ថ្ងៃ។ គណបក្សប្រជាជនកម្ពុជាចង់បានការហែក្បួនឃោសនាតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃដំបូង និងថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោត។ ប៉ុន្តែគណបក្សសង្រ្គោះជាតិថាក្នុងច្បាប់គជបចាស់ មិនមានការកំណត់។
គណបក្សកាន់អំណាចថាការកំណត់ថ្ងៃឃោសនាតិច នឹងជួយកាត់បន្ថយពេលវេលា និងការចំណាយលើការឃោសនាបោះឆ្នោត ។ គណបក្សកាន់អំណាចថាការស្នើសុំកំណត់ចំនួនថ្ងៃហែក្បួនឃោសនានេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ។ ចំណែកគណបក្សសង្រ្គោះជាតិវិញលើកឡើងថាការកំណត់ថ្ងៃឃោសនាតិចនាំឲ្យមាន ការបិទសេរីភាពក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
គណបក្សសង្រ្គោះជាតិក៏ចង់ឲ្យមន្រ្តីរាជការ ទាហានអាចចូលរួមឃោសនាបានតែក្រៅម៉ោងធ្វើការងារ និងស្លៀកពាក់ជាប្រជាពលរដ្ឋធម្មតា។
ក្រុមការងាររបស់គណបក្សទាំងពីរបញ្ជាក់ថានឹងលើកសំណើរនេះ ទៅថ្នាក់ដឹកនាំដើម្បីសម្រេច។ គណបក្សទាំងពីរនឹងបន្តការចរចានៅថ្ងៃសុក្រ សប្តាហ៍នេះបន្តទៀត។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំពុងចរចាត្រង់ជំពូកទី៧ ស្ដីពីការឃោសនាបោះឆ្នោត ដែលមាន២៤មាត្រា ហើយសម្រេចបាន១៤មាត្រា និងខ្វែងគំនិតគ្នាត្រង់ការកំណត់ថ្ងៃឃោសនានៃការបោះឆ្នោត៕ ប្រភពៈ VOD