ទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្នែកខាងលើ នៃផ្ទះមួយខ្នង
បន្ទាយមានជ័យ: ផ្ទះថ្មក្រោម ឈើលើ ទំហំ ៨ម៉ែត្រគុណនឹង៩ម៉ែត្រ មួយខ្នង បានត្រូវអគ្គិភ័យឆាបឆេះ ដោយសារតែទុស្សេចរន្តអគ្គិសនី កាលពីម៉ោង ២:៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅភូមិតាវ៉ឺក ឃុំទ្រាស ស្រុកស្វាយចេក ។
លោក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានអោយដឹងថា: ម្ចាស់ផ្ទះនេះ មានឈ្មោះ ញ៉ូង យី អាយុ ៣៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ព្រឿង មាលា អាយុ ៣៣ឆ្នាំ។ ពួកគេជាថៅកែទិញ-លក់ស្រូវ។ លោកបានបញ្ជាក់ថា ដោយសារទុស្សេខ្សែភ្លើង គឺភ្លើងបានឆេះចេញ ពីក្នុងផ្ទះប៉ែកខាងលើ បណ្តាលអោយឆេះអស់តែផ្នែកខាងលើ ព្រោះមានការជួយអន្តរាគមន៍សង្គ្រោះទាន់ពេល ពីអ្នកជួយទាំងឡាយ ទើបវាមិនឆេះអស់ទាំងស្រុង។
ម្ចាស់ផ្ទះរងគ្រោះ បានអះអាងថា ភ្លើងបានឆេះបំផ្លាញផ្នែកឈើលើរបស់ផ្ទះ លុយ ៥០ ម៉ឺនបាត មាស៥តម្លឹង និងសម្ភារ: ខោអាវយ៉ាងសន្ធឹកថែមទៀត៕ ប្រភព ពីCEN