ទីបំផុត រកឃើញតួយន្តហោះក្រុមហ៊ុន AirAsia ហើយ
១៨ថ្ងៃក្រោយប្រតិបត្តិការរុករកឥតស្រាកស្រាន្តដូចភ្លៀងរលឹម ទីបំផុតតួយន្តហោះក្រុមហ៊ុន AirAsia ជើងហោះហើរ QZ8501 ត្រូវគេរកឃើញកាលពីរសៀលថ្ងៃពុធម្សិលមិញ (ម៉ោង ១៥:០៣នាទី) នៅបាតសមុទ្រ Java។ នេះបើតាមការបញ្ជាក់របស់ប្រធានភ្នាក់ងារជួយសង្គ្រោះ និងរុករករបស់ឥណ្ឌូណេស៊ី។
ពេលនេះក្រុមការងារកំពុងរៀបចំឧបករណ៍ស្រង់តួយន្តហោះឡើងមកលើគោក និងពិនិត្យរកមើលសាកសពជាង ១០០នាក់ទៀត ដែលបាត់ខ្លួនជាងកន្លះខែមកហើយនោះ។ ប្រធានផ្នែករុករករបស់ឥណ្ឌូណេស៊ី លោក Bambang Soelistyo បាននិយាយថា ក្រុមការងាររកឃើញតួយន្តហោះនេះ ភ្ជាប់ជាមួយស្លាបម្ខាង ដែលថតបានដោយកាមេរ៉ាប្រតិបត្តិការជាមួយយានមុជទឹក។
សកម្មភាពតាមស្វែងរក QZ8501 ជាងកន្លះខែមកនេះ បានធ្វើឲ្យក្រុមអ្នករុករក ស្រង់សាកសពបាន ៥០នាក់ក្នុងចំណោមជនរងគ្រោះ ១៦២នាក់។ កន្ទុយយន្តហោះ និងប្រអប់ខ្មៅទាំងពីរក៏ត្រូវគេស្រង់បានរួចអស់ហើយដែរ។ ឧបករណ៍កត់ត្រាសកម្មភាពហោះហើរ (flight data recorder) ត្រូវគេស្រង់បានកាលពីថ្ងៃចន្ទ ឯឧបករណ៍ថតសំឡេងក្នុងបន្ទប់អាកាសយានិក (cockpit voice recorder) ត្រូវគេស្រង់បានកាលពីថ្ងៃអង្គារ។ ចំណែកការរកឃើញតួយន្តហោះពេលនេះ ធ្វើឲ្យគេអាចមានសង្ឃឹមថានឹងរកឃើញសាកសពជនរងគ្រោះជាង ១០០នាក់ទៀត។
យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320-200 របស់ AirAsia បានបាត់ចេញពីរ៉ាដាពេលធ្វើដំណើរពីទីក្រុង Surabaya ប្រទេសឥណ្ឌូណេស៊ីទៅកាន់សិង្ហបុរីកាលពីថ្ងៃទី ២៨ ធ្នូកន្លងទៅដោយមានមនុស្ស ១៦២ នាក់នៅលើនោះ៕