ប្រធាន​សុរិយោដី​ស្រុក​នៅ​ពោធិ៍សាត់​ប្រតិកម្ម​នឹង​ការ​ចោទ​ថា​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

12/26/2014 0 Comments A+ a-

ប្រធាន​សុរិយោដី និង​ភូមិបាល​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ប្រតិកម្ម​ចំពោះ​តំណាង​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ដែល​រិះគន់​រូប​លោក​ទាក់ទង​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ភូម​ ក្សេត្របូរី កន្លង​ទៅ។
លោក​ចាត់​ទុក​អ្នក​រិះគន់​ទាំង​នោះ​ថា ជា​អ្នក​ដើរ​បង្ក​រឿង​ហេតុ ធ្វើ​ការ​ខុស​តួនាទី និង​រំខាន​ការងារ​រក​ស៊ី ឬ​ការ​ឈូស​ឆាយ​ដី​ចម្ការ​សម្រាប់​បង្កបង្កើនផល​របស់​អ្នក​ភូមិ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វិញ​អះអាង​ថា ខ្លួន​មាន​ការ​អង្កេត​យ៉ាង​ត្រឹមត្រូវ​ថា ការ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នោះ ពិត​ជា​មាន​ករណី​ខ្លះ​គួរ​ឲ្យ​សង្ស័យ​ពិត​មែន។
image1ប្រជាពលរដ្ឋ​នៅ​ភូមិ​សន្ទ្រែ ដើរ​ចង្អុល​បង្ហាញ​មន្ត្រី​សមាគម​អាដហុក (Adhoc) អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ក្បែរ​មូលដ្ឋាន​របស់​ពួក​គាត់​រស់នៅ ឋិត​នៅ​ភូមិ​សន្ទ្រែ ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤
ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​ក្រុម​អ្នក​យក​ព័ត៌មាន មន្ត្រី​សមាគម​អាដហុក (Adhoc) និង​តំណាង​ពលរដ្ឋ​នៅ​ភូមិ​ក្សេត្របូរី រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ និង​ប្រធាន​សុរិយោដី​ស្រុក ហើយ​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ សុំ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ និង​ស្នើ​ឲ្យ​វាស់វែង​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ក្សេត្របូរី មួយ​ចំនួន​ដែល​មិន​ទាន់​បាន​វាស់វែង។
ប្រធាន​សុរិយោដី និង​ភូមិបាល​ស្រុក​ភ្នំក្រវាញ លោក ព្រាប សុផាត មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន​ពលរដ្ឋ​ម្ចាស់​ដី និង​ម្ចាស់​គ្រឿងចក្រ​ប្រហែល ៥០​នាក់ នាំ​គ្នា​តវ៉ា​នៅ​សាលា​ស្រុក​ភ្នំក្រវាញ និង​សុំ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើល​លើ​សកម្មភាព​អ្នក​ដែល​តែង​តែ​ដើរ​អុកឡុក ឬ​រំខាន​សួរ​រក​ប្លង់​កម្មសិទ្ធិ​ដីធ្លី នៅ​ពេល​ពួក​គាត់​ឈូស​ឆាយ​ដី​ដាំ​ដំណាំ។ លោក​បង្ហើប​ថា នៅ​ភូមិ​ក្សេត្របូរី មាន​មេ​ខ្លោង​ម្នាក់​ឈ្មោះ សុង ណាត់ ដែល​តែង​តែ​បង្ក​បញ្ហា ហើយ​ថ្មីៗ​នេះ​មាន​សកម្មភាព​ដើរ​រំខាន​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ដី​ខ្លះ​ភ័យ​ខ្លាច ឬ​ផ្អាក​ការ​ឈូស​ឆាយ​លើ​ដី​ដាំ​ដំណាំ​របស់​ខ្លួន៖ «រឿង​ហ្នឹង​រឿង​គាត់​ ខុស​ច្បាប់​តួនាទី​របស់​គាត់ មិន​ត្រូវ​ទៅ​ធ្វើ​អ៊ីចឹង​ទេ។ អាច​ថា​ក្រុម​គាត់​ហ្នឹង​ឃុបឃិត​ជាមួយ​ពួក​បំផុសបំផុល ហើយ​ដើរ​អុកឡុក​ប្រជាជន ខ្ញុំ​គិត​ថា​អ៊ីចឹង»
លោក​បញ្ជាក់​ថា ការ​ប្ដឹង ឬ​ចោទ​ប្រកាន់​លើ​រូប​លោក​ក្នុង​ករណី​នេះ គឺ​ដូច​ប្ដឹង​ជំទាស់​ទៅ​នឹង​គណៈកម្មការ​ចុះ​វាស់វែង​ក្រុម​និស្សិត​របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជំនាញ​បរិស្ថាន​ដែរ។ លោក​ថា ប្រសិន​បើ​មាន​ពលរដ្ឋ​មួយ​ក្រុម​ប្ដឹង​សុំ​មោឃភាព​ប្លង់​កម្មសិទ្ធិ​ដែល​បាន ​ចេញ​រួច​ហើយ ច្បាស់​ជា​មាន​ពលរដ្ឋ​មួយ​ក្រុម​ទៀត ឬ​ម្ចាស់​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​នោះ នឹង​តវ៉ា​មិន​សុខ​ចិត្ត​ឡើយ។
ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ពលរដ្ឋ​ភូមិ​ក្សេត្របូរី ឃុំ​សន្ទ្រែ លោក សុង ណាត់ ថ្លែង​បែប​មាំ​ថា រូប​លោក​មិន​ខ្លាច​ការ​គំរាម​កំហែង​អ្វី​ឡើយ ពីព្រោះ​អ្វី​ដែល​លោក​កំពុង​ធ្វើ គឺ​ដើម្បី​រក្សា​ដី​ព្រៃ និង​ទាមទារ​ផល​ប្រយោជន៍​រួម​របស់​ពលរដ្ឋ។ លោក​ថា ក្រុម​អ្នក​ភូមិ​កំពុង​ដំណើរ​ការ​ប្រមូល​ស្នាម​មេដៃ ចំណែក​នៅ​តំបន់​លោក​រស់នៅ យ៉ាង​ហោច​ក៏​បាន​ជាង ៣០​នាក់​ដែរ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត៖ «បាទ! ប្ដឹង​ហ្នឹង​បើ​និយាយ​ទៅ​ប្ដឹង​សុរិយោដី (លោក ព្រាប សុផាត) ដើម្បី​ការពារ​ព្រៃ​ឈើ​ផង ហើយ​ណា​មួយ​មិន​យុត្តិធម៌​ត្រង់​ដី​ព្រៃ​មិន​វាស់​ឲ្យ​អ្នក​ភូមិ​ទេ ដី​មិន​អាស្រ័យ​ផល តែ​ដល់​ពេល​អស់​លោក​ឈូស​ដី​ព្រៃ​សុទ្ធ»
ចំណែក​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ​ផ្ទាល់​ឃើញ​ថា ទីតាំង​ដែល​កំពុង​ឈូស​ឆាយ​នោះ គឺ​ជា​ប្រភេទ​ដី​ព្រៃ​សុទ្ធ ហើយ​មាន​ប្លង់​កម្មសិទ្ធិ​ឯកជន។ លោក​ថា សង្គម​ស៊ីវិល​មាន​តួនាទី​ចុះ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​មូល​លើ​ករណី​អ្វី​មួយ ដើម្បី​ធ្វើ​សំណើ​ទៅ​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ៖ «យើង​ មិន​ដើរ​ទៅ​បំភិតបំភ័យ​មិន​ឲ្យ​គ្រឿងចក្រ​នោះ​ឈូស​ឆាយ ឬ​មួយ​យ៉ាង​ម៉េច​ទេ យើង​អត់​មាន​សិទ្ធិ​ទេ។ ហើយ​បើ​គ្រឿងចក្រ​ទាំងអស់​ត្រឹមត្រូវ​អត់​ឈូស​ឆាយ​ដី​ព្រៃ​ទេ គឺ​ជា​វាល​ដី​ស្រែ​ទេ វា​អត់​មាន​អី​ត្រូវ​ឈូស​ឆាយ ព្រោះ​អី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ»
លោក​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​បាន​ស្នើ​ផ្ទាល់​មាត់​ទៅ​អភិបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​បង្កើត​ក្រុម​ការងារ​មួយ ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​ដែល​កំពុង​ឈូស​ឆាយ​នោះ ប៉ុន្តែ​ត្រូវ​បាន​លោក​អភិបាល​ស្រុក​បដិសេធ​ភ្លាមៗ។ ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្រដៀង​ទៅ​នឹង​ការ​អះអាង​របស់​ក្រុម​ពលរដ្ឋ​ដែរ ដែល​ថា អាជ្ញាធរ ឬ​មន្ត្រី​សុរិយោដី អាច​ឃុបឃិត​គ្នា​ចេញ​ប្លង់​ដី​មិន​ត្រឹមត្រូវ៕ ប្រភពៈ RFA