២០១៥​កំណត់​តម្លៃ​មនុស្ស និង​លុយ​ឡើងវិញ

12/30/2014 0 Comments A+ a-

ភ្នំពេញ:វា​បាន​ក្លាយជា​ការនិយាយ​ស្ទើរ​គ្រប់​មាត់​ថា មាន​ដុល្លារ​មាន​អ្វីៗ​គ្រប់យ៉ាង​នៅ​កម្ពុជា សូម្បីតែ​គាស់​ខ្មោច​មក​ប្រើ​។ មនុស្ស​គ្រប់គ្នា​ក៏​នាំគ្នា​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​លុយ​ដោយ​ហ៊ាន​សម្លាប់​គ្នា ប្លន់ រំលោភ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​និង​ក្បត់​វិជ្ជាជីវ​:​ជាដើម​។​
​ឆ្នាំ​២០១៤​បានបញ្ចប់​ប៉ុន្តែ​ការសម្លាប់​គ្នា​អំពើ​ប្លន់ និង​អំពើ​អសកម្ម​ជាច្រើន​ទៀត​ទំនងជា​មិន​ចប់​តាម​ឆ្នាំ​២០១៤​ទេ វា​ប្រហែលជា​នឹង​តាម​លង​សង្គម​កម្ពុជា​ចូលឆ្នាំ​២០១៥ តទៅទៀត ដរាបណា​មនុស្ស​ដាក់​គោលដៅ​ហួសហេតុ​ដើម្បី​ដុល្លា​អាមេរិក​។​
​ផ្នត់គំនិត​នៅក្នុង​ប្រជាជន​កម្ពុជា​ជាច្រើន​បានផ្តល់​តម្លៃ​ហួសហេតុ​ទៅលើ​លុយ​។ លុយ​គួរតែ​ត្រូវបាន​ចាត់ទុកជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​។ លុយ​មិនគួរ​ត្រូវបាន​កំណត់​គឺជា​តម្លៃ​ស្នូល​របស់​មនុស្ស​ឡើយ​។ ការអោយ​តម្លៃ​ឬ​គោរព​មនុស្ស​ដោយ​ផ្អែកទៅលើ​បរិមាណ​លុយ​ដែល​ពួកគេ​មាន​ដោយ​មិន​រវល់​ពី​របៀប​នៃ​ការ​រកលុយ​នោះ វា​អាច​នឹង​ធ្វើអោយ​សង្គម​នឹង​កាន់តែ​ពិស​ពល់​ដោយ​ជំរុញ​មនុស្ស​អោយ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​លុយ​។ ជា​ផលវិបាក លុយ​ក៏​លែង​ជា​ទាសករ​របស់​មនុស្ស​ហើយ​មនុស្ស​ទៅវិញ​បានក្លាយ​ទៅជា​ទាសករ​របស់​លុយ​។​
​ចំណេះដឹង​សីលធម៌ សេចក្តីថ្លៃថ្នូរ​ភាពស្មោះត្រង់ ការទទួលខុសត្រូវ​ក្នុងសង្គម​ត្រូវតែ​ចាត់ទុកថា​ជាត​ម្លៃ​ស្នូល​របស់​មនុស្ស​។ បើសិនជា​យើង​អោយ​តម្លៃ​មនុស្ស​ទៅលើ​បរិមាណ​លុយ​ដែល​ពួកគេ​មាន​នោះ​យើង​នឹង​ឪ​ន​ក្បាល​គោរព​ស្តេច​អាភៀន​មេចោរ​ប្លន់ មន្ត្រី​ពុក​លួ​យ​ដែល​ប្រើ​វិធី​រកលុយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​សង្គម​។ នេះ​គឺជា​រឿង​ដ៏​គួរអោយ​សោកស្តាយ​ណាស់​។​
​ការផ្តល់​តម្លៃ​មនុស្ស​និង​គោរព​មនុស្ស​ដែលមាន​ចំណេះដឹង​សីលធម៌ សេចក្តីថ្លៃថ្នូរ​ភាពស្មោះត្រង់ នឹង​ជួយ​លើកទឹកចិត្ត​មនុស្ស​អោយ​កាន់តែ​ប្រឹងប្រែង​រៀនសូត្រ​កាន់​តែមាន​សីលធម៌ កាន់តែ​ថ្លៃថ្នូរ​កាន់តែ​ទទួលខុសត្រូវ​និង​កាន់តែ​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​ជាដើម​។ នៅពេល​មនុស្ស​កាន់តែច្រើន​មានតម្លៃ​ស្នូល​ទាំងនេះ សង្គម​ទាំងមូល​នឹង​ប្រែប្រួល​ទៅរក​ភាពល្អប្រសើរ​ហើយ​មនុស្ស​ក៏​កាត់បន្ថយ​អំពើ​បាប​ក្នុងសង្គម​។​
​សូមអោយ​ឆ្នាំ​២០១៥​ក្លាយទៅជា​ឆ្នាំ​មួយ​ដែល​មនុ​ស្សនឹង​កំណត់​ឡើងវិញ​អំពី​តម្លៃ​របស់​មនុស្ស​។ សូមអោយ​មនុស្ស​គ្រប់គ្នា ផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែកលើ​ចំណេះដឹង​សីលធម៌ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និង​សេចក្តីថ្លៃថ្នូរ​ជាជាង​លុយ​ដែលមាន​ពេលខ្លះ​បានមកពី​មធ្យោបាយ​ដ៏​កខ្វក់​ឬ​អាច​ឈានដល់​ប្រឡាក់​ឈាម​។
​កំណត់សម្គាល់​របស់​អ្នកនិពន្ធ​: បើសិនជា​អ្នក​យល់ថា អត្ថបទ​នេះ អាចជួយ​កែប្រែ​សង្គម​សូមជួយ​ចែករំលែក share ទៅកាន់​មិត្ត​របស់​អ្នក​៕R/N