លោក កឹម សុខា ត្រៀម​កោះ​ហៅ​ប្រធាន​សាខាគយ​​ក្រុង​ព្រះសីហនុ​បំភ្លឺ​នៅ​រដ្ឋសភា

12/26/2014 0 Comments A+ a-

ថ្នាក់ដឹកនាំ​រដ្ឋ​សភា​ត្រៀម​ចាត់វិធានការ​ក្តៅ​ទៅ​លើ​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​កិបកេង​ថវិកា​ជាតិ ផ្ដើម​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ។
មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ ពុករលួយ បាន​សាទរ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​រដ្ឋ​សភា​ដើម្បី​ប្រឆាំង​ទប់ទល់​អំពើ​ ពុករលួយ ឬ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ស្ថាប័ន​គយ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ពេល​នេះ។
imageលោក គិន លី ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ (រូប​កណ្ដាល) រូបថត​ថ្ងៃ​ទី ២២ ឧសភា ២០១៤។ RFA/Den Ayuthyea
លោក កឹម សុខា អនុ​ប្រធាន​ទី​១ រដ្ឋ​សភា​ត្រៀម​ឲ្យ​មន្ត្រី​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋ​សភា កោះហៅ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លោក គិន លី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋ​សភា ទាក់ទង​នឹង​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​នេះ​កន្លង​ មក។
ទោះ​លោក កឹម សុខា មិន​ទាន់​កំណត់​ថ្ងៃ​នឹង​ចេញ​លិខិត​កោះ​អញ្ជើញ​លោក គិន លី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋ​សភា​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​បែប​ណា​ ក្ដី ក៏ប៉ុន្តែ​លោក​ថា នឹង​ជំរុញ​ឲ្យ​មន្ត្រី​គណៈកម្មការ​ជំនាញ​ប្រឆាំង​អំពើ​ពុករលួយ​រដ្ឋ​សភា​ចុះ ​ពិនិត្យ និង​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​គយ​ខេត្ត​ ព្រះសីហនុ ឲ្យ​បាន​ឆាប់៖ «សំឡេង»។
លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ អះអាង​ថា ទិសដៅ​ទៅ​ថ្ងៃ​អនាគត សកម្មភាព​របស់​ស្ថាប័ន​រដ្ឋ​សភា​ក៏​មាន​គម្រោង​កោះ​ហៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន ​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ មាន​ដូចជា​ម៉ូតូ ពិសេស​ប្រេងសាំង​ជាដើម នៅ​តាម​លំហ​សមុទ្រ ខេត្ត​ព្រះសីហនុ៖ «សំឡេង»។
imagesលោក គិន លី ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ (រូប​កណ្ដាល) រូបថត​ថ្ងៃ​ទី ២២ ឧសភា ២០១៤។ RFA/Den Ayuthyea
វិធានការ​នេះ​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំង ឬ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា ផ្ដើម​ដោយ​ស្ថាប័ន​រដ្ឋ​សភា​ពេល​នេះ។
លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា ចង់​ឲ្យ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ​រដ្ឋ​សភា កោះ​ហៅ លោក គិន លី ប្រធាន​សាខា​គយ​កំពង់ផែ​ខេត្ត​ព្រះសីហនុ មក​បំភ្លឺ​នៅ​រដ្ឋ​សភា​ឲ្យ​បាន​ឆាប់​ជុំវិញ​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​បាន​កើត​មាន​ក្នុង​ស្ថាប័ន​នេះ​កន្លង​ មក។ បន្ថែម​លើ​នេះ លោក​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​សិន​បាន​ឃើញ​កំហុស​ឆ្គង​របស់​ប្រធាន​សាខា​គយ​ខេត្ត​ព្រះសីហនុ យក​ទៅ​ផ្ដន្ទាទោស ដូច​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក៖ «សំឡេង»។
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​តាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជា​ច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ធ្នូ។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ មន្ត្រី​សាខា​គយ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ចាប់​បាន​ភ្លុក​ដំរី​ចំនួន​ជាង ៣​តោន ស្មើ ១០៨​កញ្ចប់ ដែល​ឈ្មួញ​លួច​នាំ​ចូល​មកពី​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ភ្លុក​ដំរី​ទាំង​នោះ​មិន​ដឹង​ថា មន្ត្រី​យក​ទៅ​រក្សាទុក​នៅ​ទី​ណា​ទេ៕ ប្រភពៈ RFA