គន្លឹះ​ងាយៗ​​ ៦ចំណុចនេះ​ ជួយ​ឲ្យ​អ្នក​រក​ឃើញ​ផ្លូវ​ដើម្បី​​​ក្លាយ​ជា​សេដ្ឋី​នៅ​ថ្ងៃ​អនាគត​!

12/30/2014 0 Comments A+ a-


គន្លឹះ​ងាយៗ​ទាំង ៦ចំណុចនេះ​ ជួយ​ឲ្យ​អ្នក​រក​ឃើញ​ផ្លូវ ដើម្បី​​​ក្លាយ​ជា​សេដ្ឋី​នៅ​ថ្ងៃ​អនាគត​!ប្រភព៖​ money-market-trading.com
មនុស្ស​ម្នាក់ៗ សុទ្ធតែ​ចង់​ក្លាយ​ជា​សេដ្ឋី​ដែល​មាន​លុយ​ចាយ​មិន​អស់ ​ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​សម្រេច​បំណង​របស់​ខ្លួន​បាន​នោះ​ឡើយ ព្រោះ​ថា​ក្លាយ​ជា​សេដ្ឋី​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ សេដ្ឋី​ភាគច្រើន​បាន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​ រហូត​មាន​លុយ​យ៉ាង​ច្រើន​រាប់មិនអស់​ ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង និង គិតគូរ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​គួរ និង មិន​គួរ​ធ្វើ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ។ ដូច្នេះហើយ អ្នក​ត្រូវ​គិតគូរ​ឲ្យ​ច្បាស់លាស់​លើ​សកម្មភាព​ប្រចាំថ្ងៃ ជាពិសេស ​​ការ​ចំណាយ​ និង ការ​ខិតខំ​ធ្វើ​ការងារ​ឲ្យបាន​ខ្លាំងក្លា​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​មិន​ងាយ​នឹង​ក្លាយ​ជា​សេដ្ឋី​បាន​ឡើយ។

ខាង​ក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា សេដ្ឋី​នៅពេល​អនាគត​ខាង​មុខ៖

១) ទិញ​វត្ថុ​អ្វី​ដែល​ចាំបាច់​ជាជាង​អ្វី​ដែល​អ្នក​ចង់​បាន
ជាទូទៅ មនុស្ស​ភាគច្រើន​មិនសូវ​បែងចែក​ឲ្យ​បាន​ច្បាស់​ លើ​អ្វី​ដែល«ចាំបាច់» និង អ្វី​ដែល​«ចង់បាន»​​ នោះ​ទេ។ ជា​ការ​ពិត​ណាស់​នៅ​លើ​ទីផ្សារ​មាន​វត្ថុ​ជាច្រើន​​ ដូច្នេះ​អ្នក​ត្រូវតែ​ ច្បាស់​ក្នុង​ចិត្ត​ថា អ្វី​ដែល​ចាំបាច់​សម្រាប់​ការ​រស់នៅ​ ព្រោះ មិន​អាច​មាន​លុយ​ច្រើន​ទៅ​ទិញ​វត្ថុ​ទាំង​អស់​បាន​ឡើយ។ ការទិញ​វត្ថុ​ដែល​ចាំបាច់​សម្រាប់​ការ​រស់នៅ​ គឺ​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ជាពិសេស​ អ្នក​អាច​ប្រើ​វា​ដើម្បី​បំពេញ​សេចក្តី​ខ្វះខាត និង មិន​ខ្ជះខ្ជាយ​លុយកាក់​ច្រើន។ ប្រសិនបើ​អ្នក ចេះ​បែង​ចែក​ចំណុច​នេះ ប្រាកដ​ណាស់​ថា វា​ជា​ជំហាន​​ដ៏​ល្អ​មួយ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ ក្នុង​ជីវិត។

២) ចាយ​ឲ្យ​បាន​តិច សន្សំ​ឲ្យ​ច្រើន
ការ​សន្សំ​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​ទោះបីជា មាន​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ចាយ​ច្រើន​ហួសហេតុ​ពេក ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​មិន​ខាន។ ដូច្នេះ​ហើយ សូម​កុំ​ចាយ​វាយ​ច្រើន ជាង​ចំណូល​ឲ្យសោះ តែ​ត្រូវតែ​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន ទើប​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​បំផុត។

៣) ត្រូវ​មាន​ការ​អត់ធ្មត់​ឲ្យ​ខ្ពស់
ត្រូវ​ចាំ​ថា ដើម្បី​ជោគជ័យ​លើ​អ្វីមួយ វា​ចាំ​បាច់​ខ្លាំង​ណាស់​ដែល​ត្រូវ​ការ​ភាព​អត់ធ្មត់ ព្រោះថា បើ​អ្នក​មិន​ចេះ​អត់​ធ្មត់​ទេ នោះ​អ្វីៗ​ប្រាកដជា ត្រូវ​អាសាបង់​មិនខាន​ ត្បិតអី​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មាន​បញ្ហា​ជា​ច្រើន ដែល​អ្នក​ត្រូវ​ដោះស្រាយ​យ៉ាង​ឆ្លាតវៃ​ និង យក​ចិត្ត​ទុក​ដាក់​បំផុត។ ដូច្នេះ​ អ្នក​ត្រូវតែ​ អត់ធ្មត់​ឲ្យ​ខ្លាំង​ ហើយ​ព្យាយាម​ធ្វើអ្វី​ដែល​អ្នក​គិត​ថា ​ត្រឹមត្រូវ និង មានប្រយោជន៍​សម្រាប់​អនាគត។

៤) ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​បំផុត
ពេលវេលា គឺ​សំខាន់​ខ្លាំង​ណាស់​ ហើយ​ម្នាក់ៗ​សុទ្ធតែ​មាន​ ២៤ ម៉ោង​ដូចគ្នា​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ក្នុង​មួយ​ថ្ងៃ​។ ដោយសារតែ ពេលវេលា​សំខាន់​បែប​នេះ​ហើយ អ្នក​ត្រូវតែ​ប្រើ​ពេលវេលា​ឲ្យ​មាន​ប្រយោជន៍​បំផុត ដើម្បី​ធ្វើអ្វី​ដែល​ចាំបាច់។ សូមកុំ​ទុក​ពេលវេលា​ឲ្យ កន្លង​ផុត​ទៅ​ដោយ​គ្មានន័យ​ឲ្យសោះ ព្រោះ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា​ដើរ​ទៅ​មុខ​ជា​និច្ច ដូច្នេះ​បើ​អ្នក​មិន​ចេះ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍​នោះ ទេ ប្រាកដ​ណាស់​ថា វិប្បដិសារី និង កើត​ឡើង​ជា​មិនខាន ហើយ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​ក្លាយជា សេដ្ឋី​នៅ​ពេល​អនាគត​បាន​ឡើយ។
៥) ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​បំណុល
ថ្វីបើ​មនុស្ស​ម្នាក់ៗ មិនអាច​គេច​ផុត​ពី​បំណុល​បាន ប៉ុន្តែ​អ្នក​ត្រូវតែ​ច្បាស់​ថា បំណុល​កំរិត​ណា​ដែល​អ្នក​អាច​ទ្រទ្រង់​រួច និង បំណុល​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​អន្តរាយ។ ដូច្នេះហើយ មុននឹង​សម្រេចចិត្ត ខ្ចីបុល​ពី​នរណា​ម្នាក់ ឬ ពី​ធនាគារ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​​​ លុយ​ដែល​បាន​ខ្ចី​មក​ទាំង​នោះ ​ជួយ​អ្វីខ្លះ​ដល់​អ្នក ហើយ​អ្នក​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​វិញ​ឬ​ទេ។ បើសិន​អាច​យល់​ច្បាស់​ពី​ចំណុច​នេះ អ្នក​ប្រាកដ​ជា​ អាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​មិនខាន។

៦) ធ្វើ​អ្វី​ដែល​អ្នក​ពេញចិត្ត
​មាន​ការងារ និង មុខរបរ​ជា​ច្រើន ដែល​មនុស្ស​ម្នាក់ៗ​អាច​ជ្រើសរើស​បាន។ ត្រូវ​ប្រាកដ​ថា អ្នក​ជ្រើស​រើស​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត ព្រោះ​ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ទេ ប្រាកដ​ណាស់​ថា គ្មាន​ថ្ងៃ​អាច​ធ្វើ​វា​ឲ្យ​ចេញ​ជា​លទ្ធផល​ល្អ​នោះ​ឡើយ ជាពិសេស​នៅ​ពេល​ដែល​ជួប​បញ្ហា​លំបាកៗ​​។ ប៉ុន្តែ​បើ​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​វិញ អ្នក​នឹង​ទទួល​បាន​សមិទ្ធផល​ធំធេង បើ​ទោះបីជា​ជួប​ស្ថាន​ភាព​លំបាក​ប៉ុណ្ណា​ក៏​ដោយ ហើយ​ប្រការ​នេះ​ មិន​យូរ​មិន​ឆាប់​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ មិនខាន៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Business Insider