គណៈកម្មការ​ថ្មី​នៃ​រដ្ឋសភា​អាច​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​លើ​ស្ថាប័ន​រដ្ឋ​​

12/24/2014 0 Comments A+ a-

គណៈកម្មការ​ទី​១០​ដែល​ជា​គណៈកម្មការ​ថ្មី​នៃ​រដ្ឋសភា និង​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រដ្ឋសភា​កំណត់ឲ្យ​មានតួនាទី និង​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ដែល​ក្នុងនោះ​រួម​មាន​ការ​បញ្ជូន​ករណី​ ពាក់ព័ន្ធ​អំពើពុករលួយ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ទៅ​កាន់​អង្គភាព​មាន​សមត្ថកិច្ច​នានា​ដើម្បី​មាន​វិធានការ ។​
​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ប្រធានរដ្ឋសភា​លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​ទាក់ទង​ទៅនឹង​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​ទី​១០​រដ្ឋសភា​គឺ​គណៈកម្មការ អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ឲ្យ​អនុវត្ត​តួនាទី និង​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ក្នុង​ការ​បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ។​
national-assembly-2014-08-08-2014-12-23​ក្នុង​សេចក្តីសម្រេច​នោះ បាន​បញ្ជាក់​ពី​តួនាទី និង​ភារកិច្ច​មួយ​ចំនូ​ន ដូចជា​ការអញ្ជើញ​រដ្ឋ​មន្ត្រី ឥស្សរជន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ ចូល​បំភ្លឺ​ករណី​ណាមួយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។ លើសពីនេះទៅទៀត គណៈកម្មការ​នេះ​អាច​ធ្វើ​លិខិត​ទៅ​កាន់​រដ្ឋ​មន្ត្រី ឬ​ប្រធាន​ស្ថាប័ន ដើម្បី​សុំ​ឲ្យ​ផ្តល់​ឯកសា​សំខាន់ៗ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ទទួលខុសត្រូវ​ របស់​ខ្លួន ។ គណៈកម្មការ​នេះ​ក៏​មាន​នាទី​ទទួល និង​ពិនិត្យ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ធ្វើ​ការសម្របសម្រួល ឬ​អន្តរាគមន៍​ទៅកាន់​អាជ្ញាធរ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជូន​ម្ចាស់​បណ្តឹង​តាមរយៈ​ប្រធានសភា​។​
​ជាងនេះទៅទៀត គណៈកម្មការ​នេះ អាច​សំណូមពរ​ទៅកាន់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ដើម្បី​ផ្តល់​ឯកសារ និង​របាយការណ៍​ប្រចាំឆមាស និង​ប្រចាំឆ្នាំ​មក​កាន់​គណៈកម្មការ​ជាដើម ។ គណៈកម្មការ​នេះ​ក៏​ធ្វើការ​ជាមួយ​ម្ចាស់​ឆ្នោត​នៅតាម​មូលដ្ឋាន ដោយ​ក្តាប់​ព័ត៌មាន​ពី​តម្រូវការ ក៏ដូចជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​ភាព​អសកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជា​ដើម ។​
​សមាជិក​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា លោក អ៊ូ ច័ន្ទ​រ័ត្ន មានប្រសាសន៍ថា សេចក្តីសម្រេច​នេះ បញ្ជាក់​ពី​លទ្ធភាព​ដែល​គណៈកម្មការ​នេះ​អាចធ្វើ​បាន​ក្នុងការ​បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ តែ​វា​ក៏​មិន​ខុសប្លែក​អ្វី​ពី​គណៈកម្មការ​ដទៃ និង​តំណាងរាស្ត្រ​នោះទេ គឺ​គ្រាន់តែ​សេចក្តីសម្រេច​នេះ​មានការ​សង្កត់ធ្ងន់​ទៅលើ​ការ​បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ។​
​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល យល់ថា ខ្លឹមសារ​នៃ​សេចក្តីសម្រេច​នេះ បាន​បង្កប់​នូវ​សិទ្ធិអំណាច និង​ភារកិច្ច​សមរម្យ​ឲ្យ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នេះ​អាច​ធ្វើ​ កិច្ចការ​បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​បាន ហើយ​វា​មាន​វិសាលភាព​ធំ​ទូលាយ​អាច​ទទួលយកបាន ។ លោកបន្តថា «​ប្រសិទ្ធភាព​ឬ​ក៏​លទ្ធផល​ក្នុងការ​ធ្វើ​ការងារ​ហ្នឹង វា​នឹង​អាស្រ័យ​លើ​សមត្ថភាព និង​ការដឹកនាំ​របស់​គណៈកម្មកា​រ​ទី​១០ ប៉ុន្តែ​បើ​មើល​ទៅលើ​តួនាទី ទៅ​លើ​ភារកិច្ច និង​កិច្ចការ​ស្នូល​របស់​គាត់ នៅក្នុង​ហ្នឹង​ហាក់ដូចជា​គ្របដណ្តប់​ទូលំទូលាយ​សមរម្យ​អាច​ទទួលយកបាន​»​
​តាម​របាយ​ការ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អំពី​ស​ន្ទ​ស្សន៍​នៃ​ ការយល់ឃើញ​អំពី​អំពើពុករលួយ បានបង្ហាញ​ថា ប្រទេស​កម្ពុជា​នៅ​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​អង្គការ​នេះ​បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១៥៦​ក្នុងចំណោម​១៧៥​ប្រទេស ៕ ប្រភពៈ VOD