ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អេច្ឆ.អិល.អេច្ឆ​សង​ដី​ស្រែ​ចម្ការ

11/13/2014 0 Comments A+ a-

សកម្មជន​ការពារ​ដីធ្លី​ឃុំ​ត្រពាំងជោរ និង​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដាក់​ញត្តិ​ទៅ​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH Agriculture Cambodia) សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដី​ដែល​បាន​ព័ទ្ធ​យក​លើស​ពី​ទំហំ​ដី​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​វិនិយោគ។ តំណាង​ពលរដ្ឋ​ដាក់​ញត្តិ ឲ្យ​ដឹង​ថា ទំហំ​ដី​ដែល​ក្រុមហ៊ុន​ព័ទ្ធ​យក​លើស​ពី​ការ​អនុញ្ញាត​ឲ្យ​វិនិយោគ គឺ​ជិត ៦.០០០​ហិកតារ។
តំណាង​សកម្មជន​ការពារ​ដីធ្លី​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោក ព្រំ សុធី ថ្លែង​ថា ក្រោយ​ពី​ប្រគល់​ញត្តិ​ទៅ​ឲ្យ​ក្រុមហ៊ុន សហគមន៍​ទុក​ពេល ៣​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ផ្តល់​ចម្លើយ​សង​ដី​មក​ពលរដ្ឋ​វិញ។ បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​នឹង​លើក​គ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​ផ្ទះ​នាយក​រដ្ឋមន្ត្រី។
image
អ្នក​ភូម​បឹង​កក់ បុរី​កីឡា និង​អតីត​អ្នក​ភូមិ​ថ្មគោល ប្រមាណ ១០០នាក់​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) លើ​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ម្ដុំ​ស្តុប​ផ្សារ​ដីហុយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហ ឆ្នាំ ២០១៤។
ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​ឃុំ​ត្រពាំងជោរ និង​សហគមន៍​ឃុំ​សង្កែសាទប ដាក់​ញត្តិ​ទាមទារ​ដី​ពី​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ក្រោយ​ពី​មាន​ការ​វាស់វែង​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ សហគមន៍​បាន​រក​ឃើញ​ថា ដី​របស់​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ មាន​ទំហំ​ដី​ដល់​ទៅ​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ គឺ​លើស​ពី​ការ​ស្នើសុំ​ដី​វិនិយោគ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​តែ​ជាង ៩​ពាន់​ហិកតារ។ លោក ព្រំ សុធី បន្ត​ថា ពលរដ្ឋ​រងគ្រោះ​ដី​ចេះ​តែ​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​បំពេញ​ការ​ខ្វះខាត​ក្នុង​គ្រួសារ ព្រោះ​គ្មាន​ដី​ដាំ​ដុះ៖ «ចូល​យក​ញត្តិ​ហ្នឹង​ទៅ​ដាក់​នៅ​ក្រុមហ៊ុន ឲ្យ​ក្រុមហ៊ុន​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ ព្រោះ​រដ្ឋាភិបាល​កុងត្រា​ឲ្យ​តែ ៩.៥០០​ហិកតារ​ទេ ហើយ​ក្រុមហ៊ុន​ឈូស​យក​ដល់​ទៅ ១៥.០០០​ហិកតារ។ អ៊ីចឹង​វា​ឈូស​ឆាយ​មក​ប៉ះ​ដី​ប្រជាពលរដ្ឋ យើង​ខ្ញុំ​នឹង​រយៈពេល ៤​ឆ្នាំ​ហើយ។ អ៊ីចឹង​ទេ យើង​ត្រូវ​តវ៉ា និង​យក​ស្រែ​យក​ចម្ការ​ខ្ញុំ​មក​វិញ»។
បំភ្លឺ​តប​ចំពោះ​ការ​លើក​ឡើង​នោះ តំណាង​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ លោក សំណាង ថ្លែង​ថា ក្រុមហ៊ុន​បាន​ទទួល​យក​ញត្តិ​ពី​អ្នក​ភូមិ ហើយ​ប្រគល់​ញត្តិ​នោះ​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត​ដោះស្រាយ ព្រោះ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ដោះស្រាយ​វិវាទ​ដីធ្លី​ទេ៖ «សំឡេង»។
ជំទប់​ទី​១​ឃុំ​ត្រពាំងជោរ លោក វ៉ន ឡាង ឲ្យ​ដឹង​ថា អ្នក​ភូមិ​ខ្វះ​ដី​ដាំ​ដុះ ដោយសារ​ដី​គាត់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដី​ក្រុមហ៊ុន​វិនិយោគ។ ដី​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ វិនិយោគ មាន​នៅ​ភូមិ​ពោធិ៍មាស ភូមិ​ចំបក់ ភូមិ​ត្រាង ភូមិ​ច្រកទៀក ភូមិ​សំរោង ភូមិ​ក្រវៀក និង​ភូមិ​មួយ​ចំនួន​ទៀត​ក្នុង​ឃុំ​សង្កែសាទប។ លោក​អះអាង​ថា ក្រោយ​ការ​ផ្តល់​ដី​វិនិយោគ​នេះ គឺ​ជីវភាព​អ្នក​ភូមិ​ប្រែប្រួល​ច្រើន ដោយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ភូមិ​រក​ការងារ​ធ្វើ៖ «សំឡេង»។
ផ្ទុយ​ពី​នេះ មេ​ប៉ុស្តិ៍​ឃុំ​ត្រពាំងជោរ លោក ហុង ធី អះអាង​ថា អ្នក​ភូមិ​ឈប់​ដើរ​ទៅ​កន្លែង​ឆ្ងាយៗ ដើម្បី​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​បាន​ងាក​មក​ចូល​ធ្វើ​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ៖ «សំឡេង»។
សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឱរ៉ាល់ លោក អ៊ុង គឹមនី ថ្លែង​ថា សាលា​ស្រុក​បាន​ទទួល​ញត្តិ​ពលរដ្ឋ ដែល​ប្ដឹង​ថា ក្រុមហ៊ុន​បាន​ព័ទ្ធ​យក​ដី​លើស​គម្រោង​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិនិយោគ។ លោក​ថា អាជ្ញាធរ​ឃុំ ស្រុក ខេត្ត នឹង​ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​នេះ។ លោក​បន្ថែម​ថា បច្ចុប្បន្ន តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ប្រាប់​មក​ថា ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ បាន​ផ្ទេរ​ដី​ពី​ដាំ​ពោត​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​ឈ្មោះ អេច្ឆ.អែស.អេច្ឆ (HSH) ដាំ​ដំឡូងមី​វិញ​នៅ​ឆ្នាំ​២០១៤ នេះ៖ «សំឡេង»។
តំណាង​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ លោក សំណាង បដិសេធ​ថា​មិន​ពិត​ទេ គឺ​ក្រុមហ៊ុន​នៅ​តែ​មាន​ឈ្មោះ អេច្ឆ.អិល.អេច្ឆ ប៉ុន្តែ​គម្រោង​មួយ​របស់​ក្រុមហ៊ុន​មាន​ឈ្មោះ អេច្ឆ.អែស.អេច្ឆ សម្រាប់​ដាំ​ដំឡូងមី។ លោក​ថា ក្រុមហ៊ុន អេច្ឆ.អិ.ល.អេច្ឆ ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​សិង្ហបុរី (Singapore)។ ក្រុមហ៊ុន​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ឲ្យ​វិនិយោគ​ដំណាំ​ពោត​លើ​ដី ១​ម៉ឺន​ហិកតារ។ ក្រុមហ៊ុន​បាន​ដាំ​ពោត​ពី​ឆ្នាំ​២០០៨ មក ទទួល​ផល ៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕ ប្រភព ៖ RFA