ជូនប្រពន្ធ ទៅលក់ដូរ ត្រូវក្រុមចោរដេញ តាមធាក់ផ្តួល ប្លន់យកម៉ូតូ បានដោយ សុវត្ថិភាព

2/18/2014 0 Comments A+ a-

ភ្នំពេញៈ បុរសម្នាក់ រួមនឹងប្រពន្ធ កូនរងរបួសធ្ងន់ ទាំងបីនាក់ ដោយសារតែក្រុមចោរ ពីរនាក់ ជិះម៉ូតូមួយ គ្រឿង ដេញតាមធាក់ផ្តួល ប្លន់យកម៉ូតូពី ជនរងគ្រោះ ទាំងបីនាក់ យកទៅដោយសុវត្ថិភាព កាលពីវេលា ម៉ោង ៤និង៤៥នាទីទៀបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវក្រាលថ្មម៉ិច ខាងកើត វត្តតាំង ក្រសាំងជើង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាម សុំ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជានគរបាល នាយកដ្ឋានអង្គរក្ស រងរបួសរលាត់ដៃរលាត់ជើង និងមានប្រពន្ធឈ្មោះ កែវ សាវឿន អាយុ៤២ឆ្នាំ មានមុខ របរលក់ដូរ រងរបួសរលាត់ដៃរលាត់ជើង និងមានកូនប្រុស ម្នាក់ឈ្មោះ សាម បុត្រ អាយុ១៥ឆ្នាំ មានមុខ របរជាសិស្ស រងរបួសដោយបាក់ដៃ ខាងឆ្វេងម្ខាង និងរលាត់ជើងខ្លួនផងដែរ  អ្នកទាំងបី ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខ ភ្នំពេញ 1CG-2545 រស់នៅក្នុង ភូមិស្វាយចេក សង្កាត់ គោករកា ខណ្ឌពោធិ៍សែនជ័យ ។ រីឯក្រុមចោរវិញ មានគ្នាពីរនាក់ មាឌធំជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ មិនចាំម៉ាក ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ឌុបប្រពន្ធនិង កូន ទៅលក់ដូរនៅម្តុំ សាលាក្តីខ្មែរក្រហម លុះជិះចេញពីផ្ទះ មកដល់ម្តុំខាងកើត សាលាសង្កាត់ក្រាំងធ្នង់ ស្រាប់ តែឃើញជនសង្ស័យពីរនាក់ ឈរនៅលើចិញ្ចើមផ្លូវ ក្បែរម៉ូតូមួយគ្រឿង លុះគាត់ជិះម៉ូតូ បានបន្តិចស្រាប់ តែឃើញជិះតាមពីក្រោយ យ៉ាងលឿន ហើយពេលនោះគាត់ដឹងថា សភាពការមិនល្អក៏ ប្រឹងបន្ថែមល្បឿន ជិះរត់ ប៉ុន្តែលុះមកដល់កន្លែងកើតហេតុ ស្រាប់តែ ជនសង្ស័យទាំងពីរ ជិះមកអែបរួច ហើយក៏ធាក់ចំកង់ ខាងមុខ បណ្តាលឲ្យដួលបោក ទៅនឹងចិញ្ចើមផ្លូវរីឯក្រុមចោរ បានជិះហួសភ្លាមៗ នោះប្រពន្ធ របស់គាត់ បានស្ទុះទៅដកកូនសោរ ម៉ូតូហើយគេចខ្លួន ទៅពួនក្នុងគម្ពោធព្រៃបាត់ បន្តិចមកស្រាប់ តែក្រុមចោរ ត្រឡប់ម៉ូតូមកវិញ សំដៅមកពួកគាត់ ពេលនោះគាត់ ក៏រត់គេចខ្លួន ដោយលោតចូលក្នុងទឹក រីឯក្រុមចោរ ក៏បានលើកម៉ូតូអូស បានបន្តិចក៏ជិះចេញទៅបាត់។
ជនរងគ្រោះ បាននិយាយ ប្រាប់សមត្ថកិច្ចថា ពេលដែលពួកវា មកលើកម៉ូតូ ហើយមិនឃើញកូនសោរ គឺវាដើរសំដៅ មករកគាត់បំរុងវាយគាត់សម្លាប់ ប៉ុន្តែដោយសារតែគាត់ លោតចូលក្នុងទឹក ទើបពួកវាម្នាក់ នៅលើម៉ូតូស្រែកឲ្យ លើកម៉ូតូអូសចេញទៅប្រសិនបើដូច្នេះទេ វាយអាចនឹងតាមវាយគាត់ជាមិនខាន ។ ក្រោយមកគាត់ ក៏បានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលខណ្ឌ ជួយអន្តរាគមន៍ស្វែងរក មុខសញ្ញាទាំងនេះ ដើម្បីឈានទៅ ដល់ការឃាត់ខ្លួន យកមកផ្តន្ទារទោស ទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល