កម្មករ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ២ ក្រោយ​ពី​ថៅកែ​រត់​ចោល

10/22/2013 0 Comments A+ a-

ភ្នំពេញៈ កម្មករ​ជិត ៤០០ នាក់​មក​ពី​រោងចក្រ USA នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ប្រមាណជា​ ១ ម៉ោង​ទាម​ទារ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ បន្ទាប់​ពី​ថៅ​កែ​បាន​លួច​ដឹក​អី​វ៉ាន់​ចេញ​ពី​រោង​ចក្រ​​។
កញ្ញា ​សយ ណាគ្រី ជាតំណាង​កម្មករ​បាន​និយាយ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កម្មករ​បាន​បិទ​ផ្លូវ​ជាតិ​លេខ ​២ ​មុខ​រោង​ចក្រ​របស់​ខ្លួន ​ដើម្បី​ទាម​ទារ​ឲ្យ​ថៅ​កែ​ចេញ​មុខ​មក​ដោះ​ស្រាយ​ឲ្យ​ពួក​គេ​។
កញ្ញា​បាន​ថ្លែង​ថា​៖​ «កម្មករ​បាន​តវ៉ា​តាំង​ពី​ថ្ងៃ​ទី ​១៧ ខែ​តុលា បន្ទាប់​ពី​ថៅ​កែ​បាន​លួចយក​អី​វ៉ាន់ខ្លះ​ចេញ​ពី​រោង​ចក្រ​។ កម្មករ​មិន​មាន​ការ​​ងារ​ធ្វើ​ទេ ​ហើយ​យើង​ដឹ​ងថា​រោង​ចក្រ​នេះ​ចង់​ប្តូរ​ថៅ​ ឬបិទ​ទ្វា​តែម្តង​ ដូចនេះ​ហើយ​បាន​ជា​យើង​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ​របស់​ពួក​យើង​»។
សយ ណាគ្រី ​បាននិយាយ​ទៀត​ថា​ កម្មករ​បាន​មក​ដេក​យាមរោង​ចក្រ​​ទាំង​ថ្ងៃ​ទាំង​យប់​ខ្លាច​ក្រែង​មាន​គេ​លួ​ចដឹក​អី​វ៉ាន់​ចេញ​ទៀត។
អ្នកនាង ​យ៉ុង លាភ​ មន្រ្តី​សហជីព​សេរី​កម្មករ​បាននិយាយ​ថា​ កម្មករ​កាត់​ដេរ​នៅ​កម្ពុជា​តែង​តែ​ទ្រហ៊ោ​យំ​ និង​ប្រឹង​តស៊ូ​តវ៉ា​នៅ​ពេល​ដែល​ថៅ​កែរត់​ចោល​ ឬ​រោង​ចក្របិទ​ទ្វារ​ម្តងៗ។​
អ្នក​នាង​និយាយថា​៖​«ពួកគេ​មិន​ដែល​បាន​ទទួល​ប្រាក់​របស់​ពួក​គេ​ដោយ​សុខ​ស្រួល​នោះ​ទេ»។