បុរស​ដែល​រង​ការ​វាយដំ​ប្តឹង​ក្រុម​បាតុករ

10/16/2013 0 Comments A+ a-

ភ្នំពេញៈ បុរស​ម្នាក់ ដែល​រង​ការ​វាយដំ​រហូត​ដល់​សន្លប់​នៅ​ទីលានប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​អាទិត្យ ដែល​មន្ត្រី​ថា បុរស​រូប​នេះ ធ្វើការ​នៅ​ក្រុម​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នោះ កាលពី​ម្សិលមិញ​បាន​ដាក់​ពាក្យប្តឹង​ក្រុម​បាតុករ​ដែល​បាន​វាយដំ​លើ​រូប​គាត់។
លោក​ឧត្តមសេនីយ៍​ឯក វង្ស ពិសេន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​ដែល​ត្រូវ​ក្រុម​បាតុករ​ចាប់​វាយដំ​យ៉ាង​ដំណំ​បណ្តាល​ឲ្យ​រងរបួស​រហូត​ដល់​សន្លប់ នៅក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​កាលពី​ម្សិលមិញ បាន​ដាក់​ពាក្យប្តឹង​ជន​ដៃដល់ ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។
លោក វង្ស ពិសេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​«ឥឡូវ​នេះ សមត្ថកិច្ច​នគរបាល កំពុង​តែ​ចាត់ការ​បណ្តឹង​របស់​គាត់​តាម​នីតិវិធី​ច្បាប់​»។ ទោះ​យ៉ាង​ណា លោក​វង្ស ពិសេន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត អំពី​ករណី​នេះ​ឡើយ។
លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ប៉ុន្តែ លោក​ស្នងការរង ជួន ណារិន្ទ បាន​មាន​ប្រសាសន៍​ថា​៖ «សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ ករណី​ខាង​លើ​នេះ​ហើយ​ខ្ញុំ​កំពុង​ជាប់​ប្រជុំ​អំពី​រឿង​នេះ។ ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​»។
លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​លោក​ ប៉ឹង ជឿន ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ​ដែល​ត្រូវ​ក្រុម​បាតុករ​វាយ​កាលពី​ថ្ងៃ​អាទិត្យ​គឺជា​ភ្នាក់ងារ​សារព័ត៌មាន ​មង្គលរិទ្ធអ៊ិមផត​និង​អិច​ផត​ និង​ជា​មន្ត្រី​ការិយាល័យ​សន្តិសុខ​ស្រាវជ្រាវ​នៃ​បញ្ជាការដ្ឋាន​កងអង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក​បញ្ជាក់​ថា​គាត់​ត្រូវ​បាន​អង្គភាព របស់​គាត់​ចាត់​តាំង​ឲ្យ​ចុះ​ទៅ​ក្តាប់​សភាព​ការណ៍​និង​យក​ព័ត៌មាន នៅ​ទីលានប្រជាធិបតេយ្យ​ដោយ​ជាប់​ទៅ​ជាមួយ​នូវ​កាំភ្លើង​ខ្លី​ម៉ាក ​K54 ​មួយ​ដើម​មាន​បង់​១ និង​គ្រាប់​ចំនួន ៨ គ្រាប់។
លោក​បាន​មាន​ប្រសាសន៍​ថា​៖​«ខ្ញុំ​គិតថា អំពើ​ដែល​ក្រុម​បាតុករ បាន​ធ្វើ​ទៅលើ​រូបគាត់​នេះ គឺ​មាន​លក្ខណៈ សាហាវ​ឃោរឃៅ និង​អមនុស្សធម៌​ណាស់។ គឺ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​បុគ្គល ហើយ​ទង្វើ​ទាំងនេះ គឺជា​ករណី​ព្រហ្មទណ្ឌ​»។
លោក ​គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​របស់​នគរបាល​ភ្នាក់ងារ​នគរបាល​បង្កប់ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ជាប់​ខ្លួន ក្នុង​ការ​ចុះ​ទៅ​បំពេញ​ការងារ​នៅ​កន្លែង​មាន​បាតុកម្ម កូដកម្ម​នានា ឬ​ការ​ជួបជុំ​របស់​មហាជន​ផ្សេង​ៗ លើកលែង​តែ​យក​អាវុធ​នោះ ទៅ​ធ្វើការ​គំរាមកំហែង ឬ​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ។
លោក ​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០ នាក់​នោះ​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ចំពោះ​បុរស​ដែល​ត្រូវ​បាន​គេ​វាយដំ​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​ថា​ដូច​ដែល​មន្ត្រីប៉ូលិស​ខ្លះ​គាត់​បាន​និយាយ​ថា បុរស​រូប​នោះ គឺជា​ដឺបេ​(កម្លាំង​បង្កប់​)​របស់​រដ្ឋាភិបាល។ គាត់​ពាក់​កាតកាសែត​មាន​កាំភ្លើង ហើយ​ចូល​មក​បង្កប់​ក្នុង​ក្រុម​របស់​លោក​ដែល​មក​ជួបជុំ​ដោយ​សន្តិវិធី​អហិង្សា។
លោក​ រ៉ុង ​ឈុន បាន​គូស​បញ្ជាក់​ថា​៖​«​ដូច្នេះ​កម្លាំង​បង្កប់​របស់​រដ្ឋាភិបាល​មិនមែន​មាន​តែ​បុរស​នេះ​ម្នាក់​នោះ​ទេ វា​អាច​មាន​ច្រើន​ទៀត​ចូល​មក​បង្កប់​ហើយ​ពួកគាត់​អាច​វាយតប់​គ្នា​គាត់​ដើម្បី​បង្កភាព​ចលាចល ហើយ​ទម្លាក់​កំហុស​លាប​ពណ៌​មក​លើ​សមាគម​ខ្ញុំ​ដែល​ជានិច្ចកាល​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​អហិង្សា​»។
លោក​រ៉ុង ឈុន​បាន​លើក​ឡើង​ថា លោក​ធ្លាប់​ធ្វើការ​តស៊ូ​មតិ​ជាច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​កម្មករ​និង​គ្រូបង្រៀន ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​អហិង្សា​ជានិច្ច បើ​ទោះ​បី​ជា​មាន​ពេល​ខ្លះ​សមត្ថកិច្ច​បាន​វាយដំ​លើ​សមាជិក​របស់​លោក​ក៏​លោក​មិន​ដែល​តបត​ឡើយ។
ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​កាលពី​ថ្ងៃ​អាទិត្យ គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​១​លាន​រៀល​ក្នុង​១​ខែ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន និង​បញ្ហា​មួយ​ចំនួន​ទៀត៕