ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគបញ្ចប់)

8/06/2013 0 Comments A+ a-

ភាគ​បញ្ចប់
ប៉ូលិស​ភ័ណ​រា​ដៃ​ឃាត់​ធ្វើ​ឲ្យ​វិទូ​ទប់​កំហឹង​​ថយ​ទៅ​អង្គុយ​កន្លែង​ដើម​វិញ តែ​លោក​កុសល​មិន​បាន​បញ្ឈប់​ទេ​គាត់​និយាយ​បន្ត​រ៉ាវ៖
-មក​ពី​ស្រី​ពុត​ត្បុត​នោះ​មិន​ព្រម​បញ្ឈប់​! នៅ​បឹង​កេង​កង​ពេល​ដែល​វា​ប្រើ​ជាតិ contamination​​ ecstasyកម្រិត​៣​ដាក់​ក្នុង​ម្ហូប​ភីណា យើង​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា ដរាបណា​វា​មាន​ជីវិត អ្នក​ដែល​ស្លាប់​គឺ​ភីណា! ពេលនោះ​យើង​ដាក់​ថ្នាំ​បន្សាប​ជាតិ​ញៀន​ទៅ​ក្នុង​មាត់​ប្អូន​ស្រី​យើង ស្រី​អ្នក​បម្រើ​មិន​ដឹង​ខ្យល់​នោះ​បែរ​ជា​ឃើញ​ហើយ​នៅ​មិន​ស្ងៀម​មក​សួរ​នាំ​យើង​ថា​ដាក់​អ្វី​ក្នុង​មាត់​នាង? ក្នុង​ពេល​ប្រថុចញ៉ុច​ដែល​យើង​ផ្ទុះ​កំហឹង​ហើយ​គិត​ថា​ត្រូវ​សម្លាប់​កុលាប​ចោល យើង​ក៏​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ដឹង​ថា​យើង​បាន​បន្សាប​ថ្នាំ​ភីណា ហើយ​ដឹង​ថា​យើង​យល់​អស់​ពី​ឧបាយកល​របស់​កុលាប​ទេ។ ដូច្នេះ​យើង​បង្ខំ​ចិត្ត​ត្រូវ​តែ​បំបិទ​មាត់​មីង​ម៉ាប់​។
ប៉ូលិស​កត់ត្រា​ងក់​ក្បាល​ៗផ្ងក់​ៗហាក់​យល់​ការណ៍​៖
-លោក​ឯង​ចង់​បាញ់​ព្រួញ​មួយ​ទទួល​សត្វ​ពីរ! មិន​ត្រឹម​តែ​បំបិទ​មាត់​គាត់​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​យល់​ខុស​ថា អ្នកស្រី​កុលាប​ប្រើ​សារធាតុ 3M សម្លាប់​គាត់!
ប៉ូលិស​ភ័ណ​និយាយ​ម្ដង៖
-ប៉ុន្តែ​នៅ​ព្រឹក​នោះ នៅ​ពេល​លោក​ឯង​លាប​ជាតិ​ថ្នាំ​ទៅ​លើ​ចាន​ក្បាន​ដែល​បញ្ជា​ឲ្យ​គាត់​ប្រមូល​លាង​គាត់​បាន​​ពុល​ជា​បណ្តើរៗ​ហើយ​សុំ​ត្រឡប់​ទៅ​សម្រាក​ផ្ទះ​។ នៅ​ពេល​គាត់​កាន់​តែ​មិន​ស្រួល​ខ្លាំង​ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត​ដែល​នៅ​ទីនោះ​គាត់​មាន​សំណាង​បាន​ជួប​គ្រូ​ខ្មែរ​ពូកែៗ​ដែល​មាន​មធ្យោបាយ​បន្សាប​ជាតិ​ពុល​នេះ​ដោយ​ថ្នាំ​បុរាណ​បាន!​ ពេល​ពួក​យើង​ទៅ​ដល់ គាត់​បាន​អង្វរ​យើង​ឲ្យ​នាំ​ដំណឹង​មក​លោក​ថា​គាត់​ឈឺ​ធ្ងន់​ឲ្យ​លោក​ជួយ​ផង​ព្រោះ​គាត់​ឃើញ​ផ្ទាល់​ភ្នែក​ថា​ពេល​ប្អូន​ស្រី​លោក​ធ្វើ​ទុក្ខ​លោក​មាន​វិធី​ដាក់​ថ្នាំ​តែ​មួយ​គ្រាប់​ចូល​មាត់​នាង​ក៏​លែង​អី! ពេល​នោះ​ហើយ​ដែល​ប៉ូលិស​ចាប់​សង្ស័យ​ថា ហេតុអ្វី​លោក​ចេះ​វិធី​ព្យាបាល​សារធាតុ​រំញោច? ហេតុអ្វី​មីង​ម៉ាប់​ដឹង​រឿង​នេះ​ហើយ​បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​? លោក​ស្គាល់​ប្រភេទ​គ្រឿង​ញៀន​ក្នុង​ខ្លួន​ប្អូន​ស្រី​លោក​មាន​ន័យ​ថា លោក​ក៏​ដឹង​ពី​អ្នក​ដែល​នៅ​ពី​ក្រោយ​រឿង​នេះ​ដែរ!
វិទូ​និយាយ​បន្ត​ពី​គូកន៖
-ពេល​ជួប​មីង​ម៉ាប់​ហើយ ខ្ញុំ​បាន​មក​ប្រាប់​​បង​វិញ​ថា​គាត់​ស្លាប់ ប៉ុន្តែ​តាមពិត​ចាប់​ពី​ពេលនោះ​មក​បង​បាន​ធ្លាក់​ក្នុង​បញ្ជី​អ្នក​ជាប់​សង្ស័យ​ទៅ​ហើយ! ក្រោយ​មក​ការ​គិត​របស់​យើង​បាន​ក្លាយ​ជា​ការពិត​គឺ​នៅ​ពេល​ដែល​លុយ​ប៉ុន្មាន​សន្លឹក​ដែល​បង​ផ្ញើ​តាម​ខ្ញុំ​ទៅ​ឲ្យ​​គ្រួសារ​មីង​ម៉ាប់​ លុយ​​រក​ឃើញ​លើ​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ​​​និង​លុយ​ទិញ​ខ្សែក​ពេជ្រ​នៅ​ហាង​មាស​យីហោ​គង់​ពីវ​មាន​លេខ​រៀង​បន្តបន្ទាប់​គ្នា​ដោយសារ​នៅ​​បាច់​តែ​មួយ!
នៅ​ស្ងៀម​បន្តិច​ទើប​គេ​និយាយ​បន្ត៖
-តែ​ខ្ញុំ​នៅ​គិត​មិន​យល់​រឿង​មួយ! ថា​ហេតុអ្វី​បានជា​លោក​បង​ដឹង​ថា​ក្មេង​ពីរ​នាក់​នោះ​បាន​តែង​រឿង កុហក​ភីណា​អំពី​ករណី​សម្លាប់​អ្នក​បម្រើ​រហូត​ដល់​លោក​បង​បង្កើត​ល្ខោន​កប់​សាកសព​ក្នុង​ផើង​និង​ដាក់​ខ្សែក​ពេជ្រ​ទម្លាក់​កំហុស​លើ​អ្នកបង?
លោក​កុសល​សើច​រលាក់​ខ្លួន មួយ​សន្ទុះ​ក្រោយមក គាត់​ក៏​និយាយ​បន្ត៖
-តាំង​ពី​ពេល​ដែល​ប្អូនស្រី​យើង​ចូល​ពេទ្យ​ជា​លើក​ទីពីរ​គឺ​យើង​បាន​ដេញ​ស្រី​ចង្រៃ​​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទុក​តែ​យើង​ម្នាក់​តទល់​ជាមួយ​ភីណា! ពេល​នាង​ដឹង​ខ្លួន​លើក​ទីមួយ​យើង​បាន​ជជែក​លួងលោម​នាង ហើយ​បង្ហាញ​ថា​ព្រម​ជឿ​នាង​ទាំងអស់ ដោយ​លើកទឹកចិត្ត​ឲ្យ​នាង​និយាយ​ហេតុការណ៍​ពីដើម​ដល់​ចប់​ដែល​នាង​បាន​ឆ្លងកាត់​នោះ​ឡើង​វិញ​តាម​លំដាប់លំដោយ។ ពេលនោះ​ហើយ​ដែល​យើង​ដឹង​ថា​សូម្បីតែ​ក្មេង​ចម្កួត​ពីរ​នាក់​នៅ​ក្បែរ​ផ្ទះ​នោះ ក៏​មាន​ចំណែក​មក​តំណាល​ប្រាប់​រឿង​បោកប្រាស់​កុហក​ឲ្យ​ភីណា​ជឿ​ថា​មាន​ខ្មោច​បិសាច​។ គ្មាន​អ្វី​ពិសេស​ទេ! ក្រោយ​មកនេះ​គឺ​យើង​គ្រាន់​តែ​ប្រើ​ល្បិច​ទល់​ល្បិច​គឺ​យើង​គ្រាន់​តែ​ធ្វើ​ឲ្យ​​រឿង​កុហក​របស់​ពួកវា​ក្លាយជា​ការពិត​ឡើង​ប៉ុណ្ណោះ។ ពួកវា​ប៉ុន្មាន​អ្នក​នោះ​ក៏​មិន​ស្មាន​ដល់​ដែរ​ថា​ហេតុអ្វី​ក្នុង​ផើង​នោះ​មាន​សាកសព។ នៅ​ក្រោយ​ពេល​ប៉ូលិស​បញ្ជូន​សាកសព​ក្លែង​ក្លាយ​ចេញ​ទៅ​គឺ​កុលាប​សង្ស័យ​ទៅ​ហើយ​ថា​ហេតុអ្វី​បាន​ជា​ទៅ​ជា​ដូច្នេះ ព្រោះ​រឿង​បម្រើ​ត្រូវ​សម្លាប់​ក្នុង​ផ្ទះ​បាយ​ជា​រឿង​ដែល​វា​បង្គាប់​ឲ្យ​ក្មេង​ពីរ​នាក់​នោះ​និយាយ​កុហក​ភីណា ​ចុះ​ហេតុអ្វី​ចោរ​ពីរ​នាក់​នោះ​និយាយ​ដូច​បាន​ឃើញ​ហេតុការណ៍​ពិត​រហូត​ដល់​ថា​មាន​ខ្សែក​ធ្លាក់​ក្នុង​នោះ​ទៀត​? នៅ​យប់​មាន​ដែល​វា​រមៀល​ធ្លាក់​ចុះ​ពី​ជណ្តើរ​គឺ​ក្មេង​ចំកួត​​ពីរ​នាក់​នោះ​ទទូរ​អាវភ្លៀង​​ខ្មៅ​បន្លាច​ភីណា ចុះ​ម៉េច​ក៏​ចោរ​ពីរ​នាក់​ដែល​ឡើង​កាប់​ផើង​ផ្កា​ឆ្លើយ​ថា ថ្ងៃ​នោះ​ជា​ពួកគេ​ដែរ?
ប៉ូលិស​ភ័ណ​និយាយ​បន្ត៖
-អ្នកស្រី​កុលាប​ហេតុ​តែ​សង្ស័យ បាន​ទៅ​ពិនិត្យ​ផើង​ថ្ម​នោះ​សាជាថ្មី តែ​សំណាង​មិន​ល្អ​ព្រោះ​លោក​បាន​លាប​សារធាតុ3Mចាំ​ទទួល​គាត់។ បន្ទាប់​មក​លោក​ក៏​ទម្លាក់​សំបក​ដប3Mនៅ​កន្លែង​សម្ងាត់​មួយ​ក្នុង​បន្ទប់​អ្នកស្រី​កុលាប​និង​សម្ភារៈ​គួរ​សង្ស័យ​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​វិទូ​ឡើង​ទៅ​ឆែកឆេរ​យល់​ខុស​ថា អ្នកស្រី​កុលាប​ជា​អ្នក​ទម្លាក់​សាកសព​ក្លែងក្លាយ​នោះ​ជាមួយ​សារធាតុ3M​ទីបំផុត​ក៏​ពុល​ស្លាប់​ខ្លួនឯង!នៅ​ពេល​ស្បែក​គាត់​ចាប់ផ្ដើម​រលួយ​លោក​ក៏​ចាកចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​បាងកក​ធ្វើ​មិន​ដឹង​ខ្លួន​ដោយ​សង្ឃឹម​ថា​ពេល​វិល​មកវិញ​កាលណា​សត្រូវ​ក្បែរ​ទ្រូង​នឹង​ស្លាប់​ផុត​ពី​លោក​នេះ​ទៅ​ហើយ​ ដឹង​អី​វិទូ​ឆ្លាត​ជាង​លោក​មួយ​ជំហាន ថ្នាំ​បុរាណ​នៅ​ភូមិ​ចាស់​របស់​មីង​ម៉ាប់​អាច​ជួយ​ពន្យារ​ស្ថានភាព​របស់​អ្នកស្រី​កុលាប​ធ្វើ​ឲ្យ​គាត់​អាច​និយាយ​រឿង​ជាច្រើន​ប្រាប់​យើង!
ប៉ូលិស​ដែល​កត់ត្រា​បញ្ឈប់​ប៊ិច​ដក​ដង្ហើម​វែង ហើយ​ងើប​មុខ​និយាយ​មួយៗ៖
-លោក​កុសល ឥឡូវនេះ​លោក​ជាប់​សង្ស័យ​ពី​ករណី​ធ្វើ​ឃាត​ដោយ​ចេតនា​ពីរ​លើក មេខ្លោង​បញ្ជា​ឲ្យ​មាន​ការ​លួច​សាកសព​និង​ភ្លុង​ក្នុង​គេហដ្ឋាន​ខ្លួនឯង បង្កើត​និង​ប្រើប្រាស់​សារធាតុ​ញៀន​កម្រិត​ធ្ងន់ និង​ជាតិ​គី​មី​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់! យើង​មាន​សាក្សី​និង​វត្ថុ​តាង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​លោក​ឲ្យ​ទៅ​ការពារ​ខ្លួន​នៅ​តុលាការ​!
លោក​កុសល​សើចស្ងួត​ក្រោម​ពន្លឺ​ភ្នែក​ក្រៀមក្រំ​របស់​អនាគត​ប្អូនថ្លៃ​។ គាត់​ត្រូវ​បាន​គេ​ទាញ​ឲ្យ​ក្រោក​​រុញ​ឲ្យ​ដើរ​ចេញ​ត្រង់​ទ្វារ មុន​ពេល​ចេញ​ទៅ​គាត់​ងាក​មក​រក​វិទូ​ជាមួយ​ទឹកមុខ​ត្រជាក់​ស្រឹប៖
-ចាំ​ឲ្យ​ច្បាស់! បើ​ឯង​ធ្វើ​បាប​ភីណា ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត យើង​នឹង​សម្លាប់​ឯង!
បុរស​ដែល​ងប់ងុល​ស្រលាញ់​កូន​ឥត​ខាន់ស្លា​ក្រោម​ស្លាក​ថា​ប្អូនស្រី​បាន​ចាកចេញ​ទៅ​ក្រោម​អារម្មណ៍​រន្ធត់​របស់​វិទូ។ មិនមែន​អ្នក​កំលោះ​ភ័យ​ព្រួយ​ចំពោះ​ប្រយោគ​គម្រាម​ចុងក្រោយ​នេះ​ទេ ប៉ុន្តែ​គឺ​អ្នក​កំលោះ​ដឹង​ថា​អ្នក​កំលោះ​កំពុង​ប្រឈមមុខ​សាជាថ្មី​ជាមួយ​​គូ​ដណ្ដឹង។
-កំពុង​គិត​ថា​ត្រូវ​និយាយ​ជាមួយ​គូ​ដណ្ដឹង​យ៉ាងម៉េច​អ្ហេស៎? (ភ័ណ​ទះ​ស្មា​វិទូ​តិច​ៗ)
វិទូ​នៅ​ស្ងៀម​ប៉ុន្តែ​តាមពិត​គឺ​គេ​កំពុង​តែ​តឹងតែង​ចិត្ត​ជាមួយ​បញ្ហា​ប្រឈម​គ្រា​នេះ​មែន។ គេ​កំពុង​គិត​ថា តើ​ភីណា​នឹង​ទទួលអារម្មណ៍​បែប​ណា​នៅ​ពេល​ដឹង​ការពិត​ទាំងអស់​នេះ?
សំឡេង​គូកន​ដឹង​ចិត្ត​ថ្លើម​លាន់​មក​បន្ត៖
-​សំខាន់​គឺ ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​នាង​យល់​និង​ទទួល​យក​ការពិត​នេះ​ឲ្យ​បាន ​ទោះបី​ឈឺចាប់​រយៈពេល​ខ្លី​តែ​មិន​ត្រូវ​​លាក់កំបាំង​នាង​ដូច​ដែល​លោក​កុសល​លាក់បាំង​ជាមួយ​ភរិយា​គាត់​ទេ! មនុស្ស​នៅ​ជា​មួយ​គ្នា​ត្រូវ​ស្មោះត្រង់​នឹង​គ្នា!
វិទូ​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​ក្នុង​ចិត្ត​ដោយ​រអ៊ូ​តិចៗ​ល្មម​លឺ​តែ​ពីរ​នាក់​៖
-ភ្ជាប់​ពាក្យ​ជាមួយ​ភីណា​តាំង​ពី​តូច​ព្រោះ​ប៉ា​ខ្ញុំ​និង​ប៉ា​នាង​កាល​នៅ​រស់​ជា​មិត្ត​ជិត​ដិត! តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​គេ​លាក់​បាន​ជិត​ល្អ​ណាស់! គ្មាន​អ្នកណា​ដឹង​ថា​តាមពិត​លោកបង​និង​ម្ដាយ​ចុង​គាត់​មាន​ស្នេហា​លួចលាក់​រហូត​ដល់​បាន​ភីណា​ទេ! ត្រង់​នេះ​ខ្ញុំ​ក៏​មិន​បន្ទោស​គាត់​ដែរ ​រឿង​នេះ​ជា​អតីតកាល​និង​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ផង មិន​មែន​ចង់​និយាយ​ក៏​និយាយ​ចេញ​មក​បាន​នោះ​ទេ អ្នក​បង​ក៏​មិន​គួរ​រវល់​តែ​រឿង​អតីតកាល​នាំ​ល្អក់​កករ​ដល់​ចំណង​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​កាល​ដែរ!
ភ័ណ​កៀក​ស្មា​គេ​ដើរ​ផង​និយាយ​ផង៖
-តែ​បញ្ហា​របស់​គាត់​គឺ​រឿង​មរតក​នោះ! ទីបំផុត​គាត់​បែក​ការណ៍​ឲ្យ​អ្នកស្រី​នោះ​ដឹង​ពី​រឿង​ចែក​ទ្រព្យ​មិន​ស្មើ បាន​ជា​ប្រពន្ធ​កើត​ចិត្ត​សង្ស័យ​​ទៅ​តាមដាន​រុករក​ទាល់តែ​ឃើញ​មូលហេតុ​ពិត! ទោះ​មាន​កូន​ស្រី​មុន​ក៏​ដោយ​ប្រពន្ធ​ក៏​ត្រូវ​តែ​ស្រលាញ់​ទើប​គ្រួសារ​បាន​សុខ​នឹង​គ្នា កំហុស​ត្រង់​នោះ​គឺ​គិត​កូន​ចោល​ប្រពន្ធ!…តែ​ណ្ហើយ…ទោះ​យ៉ាងណា​យើង​អ្នក​ក្រៅ​ដឹង​មិន​ច្បាស់​ដូច​សាមី​ខ្លួន​ពួក​គេ​ទេ! ចាំ​ស្ដាប់​ម្ខាង​ទៀត​ប្រាប់​សិន​បាន​ដឹង​ថា​រឿង​ពិត​វា​យ៉ាងណា!
​ប្រាវ….ព្រះភិរុណ​បាន​បង្កើន​អនុភាព​រួមគ្នា​ជាមួយ​ផ្លេក​បន្ទោរ​លាន់​ឆ្វាច​និង​សព្ទ​ផ្គរ​លាន់​គ្រាំ។ ភាព​ត្រជាក់​ស្រេង​គ្រប​ដណ្ដប់​លើ​ទិដ្ឋភាព​ស្ងាត់ជ្រងំ​នៃ​បន្ទប់​រង់ចាំ​ពិសេស​នៅ​ប្រលាន​យន្តហោះ។
អ្នកស្រី​កុលាប​ដែល​បិទ​ភ្នែក​ជិតឈឹង​ដកដង្ហើម​ផ្ដឺតផ្តក់​ដោយ​អាការ​តានតឹង​ពេញ​សារពាង្គកាយ។ប៉ូលិស​វិទូ​និយាយ​តិចៗ​ទៅកាន់​គាត់​​ដោយ​មាន​ប៉ូលិស​ភ័ណ​និង​អ្នក​កត់ត្រា​ឈរ​ពី​ក្រោយ​ផង៖
-អ្នកបង! លោកបង​សារភាព​អស់​ហើយ តុលាការ​ប្រហែល​ជា​កោះ​ហៅ​គាត់​ក្នុង​ពេល​មិន​យូរ​ជាង​បី​ថ្ងៃ​ទេ​! បន្តិច​ទៀត​អ្នកបង​ក៏​នឹង​ឡើង​យន្តហោះ​ចេញ​ទៅ​ព្យាបាល​នៅ​សិង្ហបុរី​ដែរ​! អ្នកបង​មាន​អ្វី ដែល​មិន​ទាន់​បាន​និយាយ​ប្រាប់​ប៉ូលិស​ទេ?
អ្នកស្រី​រូប​ល្អ​បណ្ដាច់​នៅ​សង្កាត់​លេខ​មួយ​ដែល​រុំ​ព័ទ្ធ​រាងកាយ​ជិតជុំ​ដោយ​ស្បៃ​រុំ​របួស​គួរ​ឲ្យ​សង្វេគ​ហើយ​កាន់តែ​ដង្ហក់​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​របស់​គាត់។ ដោយ​មាន​ទឹកភ្នែក​ស្រក់​មក​តាម​រោម​ភ្នែក​ដែល​ប្រឹង​បិទ​ផង​គាត់​និយាយ​មួយៗ​ខ្សាវៗ៖
-អត់​មាន​ទេ!
យល់​ច្បាស់​ពី​ស្ថានភាព​គាត់ វិទូ​ងក់​ក្បាល​ផ្ងក់ៗ​បន្លឺ​បន្ថែម៖
-បាន! ប៉ុន្តែ​សូម​ជូន​ដំណឹង​ថា ពាក្យ​សារភាព​របស់​អ្នកបង​មួយ​ចំនួន​មាន​ទាក់ទង​ដល់​សំណុំ​រឿង​ទាំង​មូល អ្នកបង​មាន​ចំណែក​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​និង​កាត់​ហ្វ្រាំង​ឡាន​ប៉ង​ធ្វើ​ឃាត​ប្អូន​ថ្លៃ​ស្រី អ្នកបង​មាន​ជំងឺ​ធ្ងន់​ទើប​តុលាការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ព្យាបាល​សិន តែ​មិនមែន​មាន​ន័យ​ថា​អ្នកបង​បាន​រួច​ពិរុទ្ធ​នោះ​ទេ!
ស្ត្រី​អ្នក​ជំងឺ​សើចស្ងួត​កំដរ​បបូរមាត់​ស្លេកស្លាំង​គ្មាន​ឈាម គាត់​បន្លឺ​តិចៗ៖
-មនុស្ស​ស្រី​ម្នាក់​ដែល​រៀបការ​មិន​ដូច​បំណង មាន​អី​ខុស​ពី​នៅ​ក្នុង​នរក​ទៅ​ហើយ! តើ​មាន​ពិរុទ្ធ​ណា​ទៀត​ដែល​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​!?
គាត់​នៅ​ស្ងៀម​លែង​ស្ដី​ក្រោម​កែវ​ភ្នែក​សញ្ជឹង​គិត​របស់​ប៉ូលិស​ទាំង​បី។ ពេលវេលា​ស្ងប់ស្ងាត់​រំលង​ទៅ​បាន​ពីរបី​ដង្ហើម​ប៉ូលិស​ភ័ណ​គ្រហែម​យក​សំឡេង​រួច​ពោល​សួរ៖
-អ្នកស្រី​កុលាប! បើ​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកមាន​ម្នាក់​ដូច​ជា​ចូល​ទៅ​រស់​នៅ​ក្នុង​ឋាន​នរក កាល​ណោះ​អ្នកស្រី​ទទួល​យក​អាពាហ៍ពិពាហ៍​នេះ​ធ្វើអ្វី?
ស្ត្រី​នោះ​នៅ​ស្ងៀម​ឈឹង​មិន​ខ្ចី​ឆ្លើយ​គិត​ពី​បិទ​ភ្នែក​និង​ម្តងម្កាល​ជ្រួញ​ចិញ្ចើម​ដោយ​ការ​ឈឺ​ចាប់​មិន​ដឹង​ថា​ជា​ការ​ឈឺចាប់​ផ្លូវចិត្ត​ឬ​ផ្លូវ​កាយ​ឲ្យ ​ប្រាកដ​ឡើយ​ព្រោះ​ស្ថានភាព​គាត់​គឺ​មាន​ទាំង​ពីរ​។ ភ័ណ​និយាយ​បន្ត​៖
-ការ​ច្រណែន​ប្រចណ្ឌ​ជា​រឿង​ធម្មតា ​តែ​អ្នកនាង​ភីណា​ជា​ភាគី​ទី​បី​ដែល​មិន​ដឹង​រឿង​ហេតុអ្វី​ចាំបាច់​ឲ្យ​​ទូល​ថ្ម​បាក់​ពី​បរាជ័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួក​អ្នក​?
អ្នកស្រី​កុលាប​បើក​ភ្នែក​ភ្លែត។ កំហឹង​ក្នុង​ពន្លឺ​ភ្នែក​របស់​គាត់​បង្ហាញ​ថា​ឈ្មោះ​ភីណា​បាន​ធ្វើ​ឲ្យ​គាត់​រើ​កកាយ​ការ​ឈឺ​ចាប់​ត្រឡប់​មក​វិញ​។ សូម្បី​តែ​វិទូ​ក៏​មិន​នឹក​ស្មាន​ដល់​ថា គូ​ដណ្តឹង​ខ្លួន​ជា​មនុស្ស​ដែល​ស្ត្រី​អភិជន​មាន​គំនុំ​ជ្រៅ​ដល់​ម្ល៉ឹង​ទេ​។ អ្នក​កំលោះ​បើក​ភ្នែក​គ្រលួង​សម្លឹង​មើល​​ប្រតិកម្ម​នៃ​ស្ត្រី​ដែល​មាន​ពិរុទ្ធ​។ អ្នកស្រី​កុលាប​ខាំ​មាត់​និយាយ​ផូង​ហាក់​ប្រមូល​បាន​កម្លាំង​ថ្មី​ពី​ណា​មក​មិន​ដឹង​៖
-ឃើញ​មុខ​ស្រី​នោះ​ ខ្ញុំ​ក៏​នឹក​ដល់​ម្តាយ​របស់​វា​!
គាត់​មិន​និយាយ​បន្ត​ទៀត​ទេ​តែ​ភាព​ចង​អាឃាត​បាន​បង្ហាញ​ចេញ​លើ​ផ្ទៃ​មុខ​គាត់​ស្រេច​ទៅ​ហើយ​។ វិទូ​សង្ខើញ​សួរ​៖
-កោត​តែ​អ្នកបង​ធ្វើ​អញ្ចឹង​នាំ​ឲ្យ​ផ្លូវ​ចិត្ត​ខ្លួន​មាន​បញ្ហា​! ម្តាយ​ភីណា​ស្លាប់​យូរ​ណាស់​ហើយ​! ហេតុ​អ្វី​អ្នកបង​ចាំបាច់​ត្រូវ​ច្រណែន​ប្រចណ្ឌ​សូម្បី​តែ​ជាមួយ​មនុស្ស​ដែល​លែង​មាន​ជីវិត​លើ​លោក​នេះ​?អ្នកបង​យល់​ថា​អ្នក​ជុំវិញ​ខ្លួន​មាន​បញ្ហា​ឬ​ខ្លួន​ឯង​ផ្ទាល់​មាន​រោគ​ចិត្ត​?
អ្នកស្រី​កុលាប​សើច​ក្អាកក្អាយ​។ ជា​សំណើច​ដែល​មិន​ធ្លាប់​កើត​មាន​ចំពោះ​ស្ត្រី​អម្បូរ​អភិជន​ដែល​គ្រប់​គ្នា​គោរព​ឱន​លំទោន។ វិទូ​និយាយ​​តិចៗ​ដោយ​មួហ្មង​៖
-ខ្ញុំ​យល់​ថាផ្លូវ​ចិត្ត​អ្នកបង​មាន​បញ្ហា​ច្រើន​ជាង! ភីណា​មិន​ដឹង​រឿង ហើយ​ជា​ក្មេង​ជំនាន់​ក្រោយ អ្នកបង​ចង់​សម្លាប់​គ្នា​ម្តង​ហើយ​ម្តង​ទៀត​! បើ​តាំង​ខ្លួន​ជា​ចាស់​ទុំ​របស់​គេ ជា​បងថ្លៃ​របស់​គេ អ្នកបង​សម​ទេ​ដែល​ធ្វើ​រឿង​ស្មោក​គ្រោក​អស់នេះ​ទៅ​លើ​ប្អូន​ថ្លៃ​ខ្លួន​ឯង​? នាង​ខុស​អី? ទីបំផុត​រុញ​ប្តី​ឲ្យ​ទាល់​ច្រក ហើយ​គាត់​វាយ​បក​មក​វិញ។ ឥឡូវ​គ្រួសារ​វិនាស​ហិនហោច អ្នកបង​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​!អ្នកបង​ត្រូវ​តែ​សង​យុត្តិធម៌​ឲ្យ​ភីណា​!
អ្នកស្រី​កុលាប​គំហក​ញ័រ​មាត់​ទទ្រើក​៖
-ចុះ​ខ្ញុំ? អ្នក​ណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​? ខ្ញុំ​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ដែល​គ្មាន​លទ្ធភាព​សូម្បី​បង្កើត​កូន​! ទីបំផុត គេ​ប្រគល់​អ្វី​ៗ​ទៅ​ឲ្យ​កូន​មុន​របស់​គេ​ជាមួយ​សហាយ​ចាស់! ចុះ​ជីវិត​ខ្ញុំ? អ្នកណា​សង​អនាគត​ខ្ញុំ​ដែល​ត្រូវ​គេ​បំផ្លាញ​នោះ​?
ភ័ណ​តប​ភ្លែត​៖
-លោក​កុសល​ជាមួយ​ម្តាយ​ចុង​គាត់​អាច​បង្កើត​បាន​ភីណា​រឿង​អី​ថា​គាត់​មាន​បញ្ហា​បន្ត​ពូជ​? រឿង​នេះ​អាច​ថា​មក​ពី​អ្នកស្រី​ខ្លួន​ឯង​ដែល​មិន​ទាន់​មាន​កូន​ហើយ​កើត​ចិត្ត​ច្រណែន​រហូត​ដល់​ឆ្កួត​វង្វេង​ក្នុង​ទោសៈ​?
អ្នកស្រី​កុលាប​ស្រែក​វិញ​៖
-លោក​ប៉ូលិស​អស់​ឯង​មាន​ឆ្ងល់​ថា​ហេតុ​អី​កញ្ចាស់​នោះ​ស្រលាញ់​កូន​ឥត​ខាន់​ស្លា​របស់​វា​ដល់​ម្ល៉ឹង​?
គ្មាន​អ្នកណា​តប​ទេ​ព្រោះ​ពួកគេ​កំពុង​ផ្ដោត​អារម្មណ៍​ស្តាប់។ ស្ត្រី​នោះ​បន្ត​ដោយ​ទឹក​ភ្នែក​៖
-ព្រោះ​វា​ដឹង​ច្បាស់​ថា​មួយ​ជីវិត​នេះ វា​គ្មាន​លទ្ធភាព​មាន​កូន​ជាមួយ​ស្រី​ណា​ទៀត​ទេ​!
វិទូ​ថ្លោះ​ទឹក​មុខ​ក្នុង​ពេល​ត្រចៀក​លឺ​ស្ត្រី​និយាយ​លាយ​សំណោក​គគ្រូក៖
-តើ​វា​ឆ្កួត​ឬ​ខ្ញុំ​ឆ្កួត​ដែល​វា​ហ៊ាន​បំពេញចិត្ត​សហាយ​មុន​របស់​វា​ដោយ​គ្រាវ​ខ្លួន​ឯង​?
វិទូ​ទ្រេតទ្រោត​ព្រោះ​ទន់​ជើង​ក្នុង​ពេល​ដៃ​ភ័ណ​ចំហ​មាត់​ធ្លុង​ព្រោះ​តក់ស្លុត។ អ្នកស្រី​កុលាប​និយាយ​បន្ត​ទាំង​រន្ធត់​៖
-វា​សហាយ​ជាមួយ​ម្តាយ​ចុង​រហូត​ដល់​សន្យា​ជាមួយ​ស្រី​ចង្រៃ​នោះ​ថា​មិន​ប៉ះ​ពាល់​ស្រី​ណា​ទៀត​ទេ​ក្នុង​ជាតិនេះ ចុះ​ក្រោយ​មក​វា​រៀបការ​ជាមួយ​ខ្ញុំ​ធ្វើ​អី? វា​បំផ្លាញ​អនាគត​ខ្ញុំ​ទាំង​ស្រុង​ដឹង​ទេ? មាន​អ្នកណា​ដឹង​ទេ? មាន​អ្នក​ណា​ខ្លះ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​? ខ្ញុំ​ក្លាយ​ជា​មនុស្ស​គេ​រើស​មក​សម្រាប់​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ក្នុង​សង្គម​ជាន់​ខ្ពស់​របស់​គេ ហើយ​ទីបំផុត​ស្អី​ក៏​ខ្ញុំ​គ្មាន​? ចាកចេញ​ក៏​មិនបាន​ហើយ​មរតក​មាន១០ភាគរយ អ្នកណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ? អ្ហា៎? ឆ្លើយ​មក? អស់​លោក​មន្ត្រី​យុត្តិធម៌?
វិទូ​អត់​អ្វី​និយាយ​ទៀត​ទេ​។ នាយ​ឈរ​ផ្អែក​ខ្នង​ទៅ​នឹង​ជញ្ជាំង​បន្ទប់ ល្មម​ពេល​លឺ​សំឡេង​ភ័ណ​និយាយ​ម្តង​៖
-បើ​អ្នកស្រី​ស្អប់​លោក​កុសល​​ហេតុអ្វី​បង្វែរ​គោលដៅ​ធ្វើ​ឃាត​ទៅ​រក​កូន​ស្រី​គាត់​ទៅ​វិញ​?
ស្ត្រី​ក្មេង​ដែល​ស្ទើរ​តែ​សល់​ដង្ហើម​ចង្រិត​និយាយ​តប​ទាំង​សើច​ស្ងួត​៖
-សម្លាប់​មនុស្ស​ដែល​វា​ស្រលាញ់​បំផុត ទើប​អាច​ឲ្យ​វា​ដឹង​ថា អ្វី​ទៅ​ជា​ការ​ឈឺចាប់!
វិទូ​បោះ​ជំហាន​ចេញ​ឈប់​ស្តាប់​ព្រោះ​មិន​អាច​ទទួល​យក​ការពិត​ទាំង​អស់​នេះ​បាន​តទៅ​ទៀត។ អ្នក​កំលោះ​ដឹង​ថា​ព្រោះ​តែ​គំនុំ​អាច​ជំរុញ​ឲ្យ​មនុស្ស​គិត​ឃើញ​រឿង​ឆ្កួត​លីលា​ជាច្រើន​រាប់​ទាំង​អំពើ​ស្មោក​គ្រោក​នានា​ផង។
ស្ត្រី​នោះ​ត្រូវ​បាន​បញ្ជូន​ចាក​ចេញ​ទៅ តែ​ភាព​ក្តុកក្តួល​នៅ​សេស​សល់​ធ្ងន់​ក្ដុក​ក្នុង​ចិត្ត​ប៉ូលិស​នានា។ តាម​ពិត​នៅ​ពី​ក្រោយ​សំណុំ​រឿង​ឧក្រិដ្ឋ​​តែងតែ​បង្កប់​នូវ​ដើមចម​គួរ​ឲ្យ​​សង្វេគ ​ប៉ុន្តែ​ករណី​របស់​អ្នកស្រី​កុលាប​ជា​ករណី​ដែល​គ្មាន​អ្នកណា​ម្នាក់​ជឿ​ថា​នៅ​មាន​លើ​លោក​នេះ​ទេ​។
គ្រាវ​ខ្លួន​ឯង​ដើម្បី​ស្នេហ៍​ស្មោះ​? បើ​អញ្ចឹង​ក្រោយ​មក​គាត់​ការ​ប្រពន្ធ​ធ្វើ​អី? គាត់​ដឹង​ថា​ខ្លួន​ឯង​មិន​អាច​មាន​កូន​ណា​ក្រៅពី​ភីណា​ទៀត​ក៏​ផ្តល់​អ្វីៗ​ទាំង​អស់​ទៅ​ឲ្យ​នាង ហេតុអ្វី​គាត់​មិន​គិត​ពី​ស្ត្រី​ក្មេង​ម្នាក់​ដែល​មាន​រូប​ល្អ​ផ្ដាច់​ត្រូវ​បញ្ចប់​អនាគត​ទាំង​ស្រុង​ដោយ​សារ​គាត់​?
-តាម​ពិត​អ្នកស្រី​កុលាប​ក៏​គួរ​ឲ្យ​អាណិត​ដែរ​ហ្ន៎!
សំឡេង​ប៉ូលិស​កត់ត្រា​និយាយ​ហើយ​ដើរ​ហួស​កាត់​ទៅ​បាត់​សល់​តែ​វិទូ​នៅ​ឈរ​ទ្រឹង​ម្នាក់​ឯង​។ ពេល​នោះ​ភ័ណ​ដក​ដង្ហើម​ធំ​ហើយ​និយាយ​តិចៗ​ពី​ក្រោយខ្នង​គេ៖
-មនុស្ស​យើង​ព្រោះ​តែ​ឆ្កួត​ស្នេហ៍ រឿង​ឡប់​អញ្ចឹង​ក៏​ធ្វើ​កើត​ដែរ​? គ្រាវ​? អា​រំបល់​យក៍! បើអញ្ចឹង​វា​ការ​គេ​មក​ធ្វើ​អី​!
វិទូ​ឥត​និយាយ​អ្វី​ចេញ​សូម្បី​តែ​មួយម៉ាត់។ អ្នក​កំលោះ​នៅ​ស្ងៀម​តែ​ចិត្ត​កំពុង​តែ​វិលវល់។ សំឡេង​ប៉ូលិស​​ភ័ណ​លាន់​មក​បន្ថែម៖
-ធ្វើ​អ្នក​អនុវត្ត​ច្បាប់​មិន​បាច់​យក​រឿង​គេ​មក​គិត​ពេក​ទេ​នាំ​តែ​កើត​រោគ​ចិត្ត​អត់​អំពើ! ចោរ​ខ្លះ​លួច​គេ​ដើម្បី​ចិញ្ចឹម​​ម៉ែ​ឪ​ចាស់​! ចោរ​ខ្លះ​ប្លន់​គេ​ព្រោះ​កូន​នៅ​ផ្ទះ​ឈឺ​ធ្ងន់​គ្មាន​លុយ​មើល​! ចោរ​ខ្លះ​ធ្វើ​អាក្រក់​ព្រោះ​បរិយាកាស​មិន​អំណោយផល​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ​បាន​! ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​​សោកនាដកម្ម​ភ្នែក​ស្រស់​ដែល​ប៉ូលិស​ត្រូវ​ជួប​ត្រូវ​លឺ​ព្រឹក​ល្ងាច​! សរុប​មក ធ្វើ​តាម​ច្បាប់​ ជា​កាតព្វកិច្ច​របស់​យើង​! តោះ​ទៅ​រក​អី​ដាក់​ពោះ​ព្រោះ​ឯង​ត្រូវ​ឆ្លង​កាត់​គូ​ដណ្តឹង​ឯង​មួយ​ដំណាក់​ទៀត! ត្រូវ​សន្សំ​កម្លាំង​ទប់​ទល់​សិន​ទៅ​!
តើ​យុត្តិធម៌​និង​ការ​អនុវត្តន៍​ច្បាប់​ពិត​ជា​ត្រូវ​ប្រកួត​យ៉ាង​តឹងតែង​ជាមួយ​មនោសញ្ចេតនា​ដូច​មាន​ពាក្យ​ថា​យល់​ញាតិ​ឃ្លាត​ច្បាប់​មែន​ឬ? តាម​ពិត​វិទូ​ក៏​ដឹង​ដែរ​ថា ប្រសិន​បើ​សំណុំ​រឿង​ម៉ោង​១២​អធ្រាត្រ​នៅ​សង្កាត់​លេខ​មួយ​ត្រូវ​បាន​បំបែក ​លទ្ធផល​ចុង​ក្រោយ​នឹង​មាន​ការ​ប្រេះឆា​ដ៏​ធំ​ដែល​ដំបូង​បង្អស់​អ្នក​កំលោះ​គិតថា​ត្រឹម​រវាង​ប្តី​ប្រពន្ធ​លោក​កុសល តែ​ការ​ពិត​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​រក​ឃើញ​មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​​អ្នក​កំលោះ​ស្រងល់​ចំពោះ​ការ​ពិត​ដ៏​ឈឺ​ចាប់​របស់​អ្នកស្រី​កុលាប​ដ៏​ក្មេង​ខ្ចី​ទេ តែ​ក៏​ឲ្យ​​អ្នក​កំលោះ​ដឹង​មុន​ជា​ស្រេច​ដែរ​ថា ​ចំណង​ស្នេហ៍​តាំង​ពី​កុមារ​ភាព​របស់​អ្នក​កំលោះ​និង​ធីតា​ក្មេង​ខ្ចី​១០០​ភាគរយ​នឹង​ត្រូវ​កាត់​ផ្តាច់​។
ដូចជា​ពេលនេះ….ពេល​ដែល​អ្នក​កំលោះ​ត្រឡប់​មក​រក​នាង​នៅ​ផ្ទះ….
ភីណា​ខាំ​មាត់​ងាក​​មិន​ព្រម​មើល​វិទូ នាង​យំ​ទាល់​តែ​រីង​ទឹកភ្នែក​ហើយ​ស្រវា​កញ្ឆក់​កាបូប​ចាកចេញ​ក្នុង​ពេល​វ៉ាលិស​ត្រូវ​បាន​មីង​អួន​អូស​ចេញ​ទៅ​មុន​ទាំង​ទឹកមុខ​ស្លេកស្លាំង។ វិទូ​ស្រវា​ចាប់​បើកដៃ​ស្រី​មក​វិញ ប៉ុន្តែ​នាង​មិន​ងាក​មក​មើល​នាយ​ឡើយ ស្រី​ក្មេង​និយាយ​ដោយ​យំ​ទន់​ខ្លួន៖
-បង​ឯង​លែង​ដៃ​ខ្ញុំ!
វិទូ​និយាយ​តិច​ៗ​ពី​លើ​ស្នូរ​គ្រាប់​ភ្លៀង​៖
-ចាំ​ភ្លៀង​រាំង​សិន​សឹម​ទៅ!
ភីណា​កែវ​ភ្នែក​ពេញ​ដោយ​ទុក្ខសោក​នាង​រុញ​ដៃ​នាយ​ចេញ​តិចៗ​ហើយ​ដើរ​តម្រង់​រក​មាត់​ទ្វារ​បន្ទប់ ។ សំឡេង​វិទូ​លាន់​មក​ស្រាល​ៗ៖
-បង​អត់​បាន​ធ្វើ​អី​ខុស​ទេ​ភីណា! គឺ​លោក​បង​ធ្វើ​រឿង​ខុស​ច្បាប់​​ដោយ​ខ្លួន​ឯង​!
នារី​អភិជន​ស្រក់​ទឹក​ភ្នែក​ច្រោក នាង​ងាក​ក្រោយ​សម្លឹង​គូ​ដណ្ដឹង នាង​ប្រឹង​ណាស់​ទើប​និយាយ​បាន​ដោយ​អណ្ដឺតអណ្ដក​៖
-តែ​បង​ឯង​ដឹង​ហើយ​មែន​អត់ ថា​គាត់​ធ្វើ​អញ្ចឹង​ដើម្បី​ការពារ​ខ្ញុំ​! បង​ឯង​ប្តឹង​គេ​ចាប់​គាត់! បង​ឯង​មាន​គិត​ដល់​ខ្ញុំ​អត់​?
​វិទូ​ខំ​ចូល​ទៅ​ជិត​ហើយ​​ពន្យល់​នាង​ពី​ក្រោយខ្នង​៖
-ឧក្រិដ្ឋកម្ម​ធំ​ដល់​ម្ល៉ឹង​យក​ដៃ​បាំង​មេឃ​បាំង​មិន​ជិត​ទេ​ភីណា? ច្បាប់​មាន​សម្រាប់​អនុវត្ត​ អ្នកណា​ធ្វើ​អ្នក​នោះ​ទទួល!
-ត្រូវ​ហើយ​អ្នកណា​ធ្វើ​អ្នក​នោះ​ទទួល​!
នាង​និយាយ​តិចៗ​ដោយ​មិន​បែរ​ក្រោយ​តែ​វិទូ​ដឹង​ថា​នាង​កំពុង​ឈឺចាប់​ណាស់​តាម​រយៈ​សំឡេង​​រអាក់រអួល​របស់​នាង។ អ្នក​កំលោះ​ហើប​មាត់​មិន​រួច លឺ​តែ​សំឡេង​​នាង​និយាយ​បន្ត៖
-ហើយ​ខ្ញុំ​ក៏​អស់​មាន​អ្នកណា​ទៀត​ដែរ!
នាង​ចាកចេញ​ទៅ​ដោយ​មាន​អ្នកបម្រើ​ប្រុស​ស្រី​នៅ​រង់ចាំ​ជា​ស្រេច។ វិទូ​ឃាត់​នាង ក៏​រឹត​តែ​មិន​អាច​ប្រាប់​នាង​ឲ្យ​​អស់​សេចក្ដី​ពី​ការ​ពិត​ដ៏​ស្មុគស្មាញ​និង​គួរ​ឲ្យ​​រន្ធត់​ដែល​អ្នក​កំលោះ​ទើប​តែ​ដឹង​ពី​អ្នកស្រី​កុលាប​នោះ​ទេ​ព្រោះ​នាង​ជា​ផ្ទាំង​សំពត់​ស​ដែល​ត្រូវ​ឈឺ​ចាប់​គ្រប់គ្រាន់​ហើយ​ដោយសារ​រឿង​មនុស្ស​ជំនាន់​មុន។ ដូច្នេះ​អ្នក​កំលោះ​មាន​តែ​បណ្ដោយ​ឲ្យ​នាង​គិត​ទៅ​តាម​អ្វី​ដែល​នាង​យល់​ថា​ត្រូវ​។​
នៅ Apartmentបឹង​កេងកង​អ្នក​កំលោះ​បាន​សន្យា​នឹង​នាង​ថា​ អ្នក​កំលោះ​នឹង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ស្រី​ស្អាត​ប៉ុន្តែ​បង​ប្រុស​នាង​ដែល​ជា​ឪពុក​លួច​លាក់​របស់​នាង​តក់​ក្រហល់​កាត់​ទោស​សត្រូវ​ដោយ​ខ្លួន​ឯង​ធ្វើ​ឲ្យ​​ដំណើរ​រឿង​ទៅ​ជា​នាគ​វាត់​កន្ទុយ​ដែល​គាត់​ខ្លួន​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ធ្ងន់​ចំពោះ​មុខ​ច្បាប់​។ អ្នកស្រី​កុលាប​ត្រូវ​ពិការ​មួយ​ជីវិត​ដោយសារ​ធាតុ​គីមី​ពុល ចំណែក​ភីណា​ក្រោយ​ពេល​បង​ប្រុស​ចាញ់​ក្តី​ជា​ចុងក្រោយ​នៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ នាង​បាន​ចាកចេញ​ពី​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​សហរដ្ឋអាមេរិក។
ប៉ូលិស​កម្សត់​ស្នេហ៍​នៅតែ​ស្ម័គ្រចិត្ត​រង់​ចាំ​នាង​រហូត​ដល់​៣​ឆ្នាំ​ក្រោយ​មក​នាយ​បាន​ទទួល​ដំណឹង​ថា​ភីណា​បាន​រៀបការ​ជាមួយ​មេធាវី​ខ្មែរ​អាមេរិក​ម្នាក់​ដែល​ដំណឹង​នេះ​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ចំណង​ស្នេហ៍​របស់​ពួកគេ​និង​ក្តី​សង្ឃឹម​របស់​នាយ។
វិទូ​ផ្លាស់​ទៅ​ក្រុង​ព្រះសីហនុ​ដោយ​ផ្ដោត​អារម្មណ៍​តែ​លើ​ការងារ​រហូត​ដល់​បំបែក​បាន​សំណុំ​រឿង​មួយ​ចំនួន​រួម​មាន​ករណី​ឃាតកម្ម​នៅ​ស្ទូឌីយោ​លេខ​៧​ដ៏​កក្រើក​នោះ​ផង​។ នៅ​ឆ្នាំ​២០១២​គេ​បាន​ទទួល​ការ​តែង​តាំង​ឋានន្តរសក្ដិ​ថ្មី​ជា​ឧត្ដមសេនីយ៍​និង​ផ្លាស់​មក​នៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​​ជាទី​ដែល​គេ​បាន​ជួប​ភីណា​សាជាថ្មី​បន្ទាប់​ពី​នាង​បាន​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ជាមួយ​ស្វាមី។ ការ​ជួប​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ពេល​ជាង​៤​ឆ្នាំ​រវាង​អតីត​គូ​ស្នេហ៍​ដែល​ម្នាក់​ជា​កំលោះ​និង​ម្នាក់​ទៀត​ជា​ភរិយា​នៃ​មេធាវី​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​បាន​បង្កើត​ទៅ​ជា​សាច់រឿង​​ប្រលោមលោក​ស៊ើប​អង្កេត​ថ្មី​សន្លាង​មួយ​​ផ្នែក​បច្ចេកវិទ្យា​ស៊ី​ជម្រៅ​និង​វិបត្តិ​ចាក់​ស្រេះ​ជុំវិញ​ករណី​ឃាតកម្ម​ក្ដៅ​គគុក​មាន​ឈ្មោះ​ថា​ “សំណុំ​ឯកសារ​Z22″ ។
តើ​ចង់​អាន​ទេ?