​អង្គការ​ចំនួន​៦ បារម្ភ​ពី​ការ​បំភិត បំភ័យ​លើ​ពលរដ្ឋ ដោយសារ​ការ ប្រកាន់​គ​ណ​បក្ស នយោបាយ​​

8/06/2013 0 Comments A+ a-

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦ នៅ​ថ្ងៃ​ចន្ទ​នេះ សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​បំភិតបំភ័យ ការ​គុំគួន និង​ការគំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​មួយចំនួន ពី​សំណាក់​អាជ្ញាធរ ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ មិន​បាន​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​អង្គការ​ទាំងនោះ រួម​មាន​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម(CHRAC)​ ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា(CDP) សមាគម អាដហុក(ADHOC) ខុម​ហ្វ្រែល(COMFREL) និ​កហ្វិច(NICFEC) និង​សមាគម យុវជន​ខែ្មរ​។​
​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ​ ឲ្យដឹងថា អង្គការ​ទាំង​៦ បារម្ភ​ពី​បញ្ហា​ហិង្សា​ដោយ​ពាក្យសម្ដី​ ពី​ក្រុមគាំទ្រ​គណបក្ស​នយោបាយ​មួយ ទៅ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត ពិសេស​ការគំរាមកំហែង​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន ដូចជា មេភូមិ មេឃុំ និង​អាជ្ញាធរ មួយចំនួន​ដែល​មាន​និន្នាការ​នយោបាយ ​គាំទ្រ​គណបក្ស​កំពុងកាន់​អំណាច ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង​។​
​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​នៅ​តំបន់​មួយចំនួន​កំពុង​ទទួល​រង​នូវ​ការ​គំរាមកំ​ហែង និង​ការវាយប្រហារ​ពាក្យសំដី​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយសារតែ​អាជ្ញាធរ​ទាំងនោះ​បាន​ចោទប្រកាន់ថា មិន​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​អង្គការ​ទាំងនោះ​ចាត់ទុក​ទង្វើ​បែប​នេះ ​ជា​សកម្មភាព​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ ក្នុង​ការទប់ស្កាត់​ក៏ដូចជា​ការដាក់ពិន័យ​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត​។
​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​គណបក្ស​ដែល​បាន​ជាប់​ឆ្នោត​ទាំង​ពីរ ចេញ​ប្រកាស​សេចក្តីណែនាំ​ជា​សាធារណៈ​ ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ក៏ដូចជា​អាជ្ញាធរ​សាធារណៈ កុំឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​នូវ​ភាពភ័យខ្លាច ភាព​រំជើបរំជួល​ក្នុងសង្គម និង​បង្កើត​ឧបសគ្គ​ផ្សេងៗ​។​
​ក្រុម​អង្គការ​សង្គម​ស៊ីវិល សូម​សំណូមពរ​ដល់​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដាក់ចេញ​នូវ​វិធានការ​ដើម្បី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការគំរាមកំហែង តាម​គ្រប់​រូបភាព ការ​គុំគួន និង​ការរើសអើង​គ្នា​ទៅវិញទៅមក ដោយសារ​និន្នាការ​នយោបាយ និង​សូមឲ្យ​អាជ្ញាធរ​ចាត់វិធានការ ​ទៅលើជ​ន​ណា​ដែល​ប្រើ​រូបភាព​ជា​អាជ្ញាធរ​រដ្ឋ​ ក្នុង​ការគំរាមកំហែង​ប្រជាពលរដ្ឋ​។
កន្លងទៅ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ មុន អំឡុងពេល និង​ក្រោយ​ការបោះឆ្នោត ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ មាន​ការភិតភ័យ​។​
​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំឲ្យ​មាន​ការរើសអើង​និន្នាការ​គណបក្ស​នយោបា​យ កុំឲ្យ​គុំ​គួន​គ្នា ដោយ​ប្រកាន់​នូវ​គុណធម៌ និង​ការយោគយល់ អធ្យាស្រ័យគ្នា​ទៅវិញទៅមក ​ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ចរិក​ថ្លៃថ្នូរ ស្រឡាញ់​ជាតិ និង​សន្តិភាព​៕ប្រភព វីអូឌី

(លិខិតថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ស្តីពីការបំភិតបំភ័យលើពលរដ្ឋ)