សមា​ជិក​ តុងទីន​ចោទ ​មេ​បោក​ប្រាក់ ជិត​40​ម៉ឺន​ដុល្លារ

8/03/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ អាជីវករផ្សារសាមគ្គីចំនួន២៨នាក់ ដែលជាសមាជិកតុងទីន បាននាំគ្នាចាប់ស្ត្រីម្នាក់ជាមេតុងទីនប្រគល់ ឱ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ សីហា ពីបទឆបោកប្រាក់ចំនួន៣៩៤.៤០៩ ដុល្លារអាមេរិក តាមរយៈការលេងតុងទីន ហើយប្រមូលយកតែខ្លួនឯង ។ ស្រ្តីជាមេតុងទីនរូបនេះឈ្មោះណោ ចាន់សុណា ហៅស្រីនិច អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ផ្លូវលេខ៤៦៨ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
តាមមន្ត្រីនគរបាលខណ្ឌទួលគោកឱ្យដឹងថា ស្ត្រីជាមេតុងទីនរូបនេះរួម នឹងម្ដាយខេម ដាវី អាយុ៥៣ឆ្នាំ បានបបួលអាជីវករផ្សារសាមគ្គីចំនួន២៨នាក់ លេងតុងទីនចាប់តាំងពីឆ្នាំ២០១១ រហូតដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០១៣ មានក្បាល៣០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ ២០០ដុល្លារ និងក្បាល៥០០ដុល្លារ ដោយដេញជារៀងរាល់ថ្ងៃ រៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ។ នៅពេលសមាជិកដេញបាន មេតុងទីនពុំដែលប្រគល់ប្រាក់ទៅឱ្យ អ្នកដែលដេញបានទេ ដោយយកលេសថា ប្រមូលមិនទាន់បានគ្រប់ ។ លុះពេលដែលអ្នកដេញទារពេកក៏ បានប្រើល្បិចដោយធ្វើកិច្ច សន្យាជំពាក់ និងសងរំលស់ក្នុង១ថ្ងៃចំនួន១០ដុល្លារ ទៅ២០ដុល្លារ ។ 
មន្ត្រីនគរបាលឱ្យដឹងទៀតថា ចំពោះសមាជិកតុងទីនដែលមិនទាន់ ដេញគឺបង់ប្រាក់គ្រប់ចំនួន ។ នៅរសៀលថ្ងៃទី១ សីហា ពេលដែលស្ត្រីជាមេតុងទីនដើរប្រមូលប្រាក់ ក្នុងផ្សារសាមគ្គីស្រាប់តែមានព័ត៌មានថា មេតុងទីនរូបនេះប្រុងគេចខ្លួនទៅរ ស់នៅប្រទេសអាល្លឺម៉ង់ទើបសមាជិកមានការភ្ញាក់ផ្អើល ក៏នាំគ្នាឃាត់ខ្លួនប្រគល់ឱ្យនគរបាល ប៉ុស្ដិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ហើយនាំគ្នាដាក់ពាក្យបណ្ដឹងចោទ ពីបទឆបោកតែម្ដង ។
ចំណែកស្ត្រីឈ្មោះណោ ចាន់សុណា ហៅស្រីនិច ជាមេតុងទីនឱ្យដឹងថា គាត់មិនមែនជាមេតុងទីនទេ គឺម្ដាយរបស់គាត់ទើបជាមេ ។
មូលហេតុដែលប្រមូលប្រាក់តុងទីន ហើយមិនយកមកប្រគល់ឱ្យសមាជិក ដោយសារតែសមាជិកចំនួន៥នាក់ មិនបានយកប្រាក់មកបង់ឱ្យមេ ។ ទោះបីជាយ៉ាងណា តាមអាជីវករដែលចាញ់បោកបាន ចាត់ទុកថានេះជាការដោះសាប៉ុណ្ណោះ ។ មន្ត្រីនគរបាលខណ្ឌទួលគោកបានប្រាប់ឱ្យដឹងថា ស្ត្រីជាមេតុងទីនរូបនេះត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ សីហា ហើយដើម្បីចាត់ការតាមច្បាប់ ៕ប្រភព កោះសន្តិភាព