Xiaomi​ លក់​ទូរស័ព្ទ​​​ បាន​ចំនួន ៧លា​ន​គ្រឿង​ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣​

7/16/2013 0 Comments A+ a-

Xiaomi គឺ​ជា​ក្រុមហ៊ុន​​ផលិត​ទូរស័ព្ទ​ក្នុង​ស្រុក​មួយ​របស់​ប្រទេស​ចិន​ដែល​ទទួល​បាន​ការ​ពេញ​និយម​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ដំណាក់ ប្រជាជន​ចិន ។ ​​ដោយ​ឡែក​​បន្ទាប់​ពី​បាន​ចេញ​​លក់​នូវ​ទូរស័ព្ទ​ទំនើប​អស់​ជា​ច្រើន​ម៉ូដែល​មក​ពេល​នេះ​ក្រុមហ៊ុន​ Xiaomi បាន​លក់​ទូរស័ព្ទ​​ទំនើប​របស់​ខ្លួន​បាន​ចំនួន​ ៧លាន​គ្រឿង​ហើយ​នៅ​ក្នុង​រយៈ​ពេល​តែ​ឆមាស​ទី១ នៃ​ឆ្នាំ​២០១៣​ នេះ​ប៉ុណ្ណោះ ។
​លោក Lei Jun ដែល​ជា​ស្ថាបនិក​​​របស់​ក្រុមហ៊ុន Xiaomi បាន​​ផ្ដល់​ព័ត៌មាន​ថា ​ក្រុមហ៊ុន​លោក​បាន​​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ដែល​ដំណើរការ​ដោយ​ Android ​​OS បាន​ចំនួន ៧,០៣ លាន​គ្រឿង​ហើយ​សម្រាប់​តែ​រយៈ​ពេល​ឆមាស​ទី១ ​ថ្មីៗ​នេះ ។ ​ដោយ​ឡែក​​នៅ​ក្នុង​ពេល​ដូចគ្នា​នេះ​ក្រុមហ៊ុន​បាន​រក​ប្រាក់​ចំណូល​ចំនួន $2.15 ពាន់​លាន​ ​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹង​ពី​​ប្រាក់​ចំណេញ​ប៉ុន្មាន​នោះ​ទេ ។
យ៉ាង​ណា​មិញ​បើ​គេ​ធៀប​ទៅ​នឹង​ប្រាក់​ចំណូល​នៅ​ក្នុង​ពេល​ដូច​គ្នា​នៃ​ឆមាស​ទី១ ​កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​ចំនួន $957.6 លាន គេ​​សង្កេត​ឃើញ​ថា ចំនួន​ប្រាក់  $2.15 ពាន់​លាន​ គឺ​ក្រុមហ៊ុន​ Xiaomi ​បាន​ទទួល​ប្រាក់​ចំណូល​កើន​​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ។
យ៉ាង​ណា​មិញ​ក្រុមហ៊ុន Xiaomi មាន​គម្រោង​នឹង​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ឲ្យ​បាន​ចំនួន​រហូត​ដល់​ទៅ ១៥លានគ្រឿង​ឯណោះ ​ដូច្នេះ​​នៅ​ក្នុង​​ឆមាស​ទី១ ក្រុមហ៊ុន​អាច​លក់​បាន​ចំនួន 7,០៣លាន​គ្រឿង ​តើ​រហូត​ដល់​ចុង​ត្រីមាស​ទី២ ឬ​ចប់​ឆ្នាំ​២០១៣ ក្រុមហ៊ុន​អាច​លក់​ទូរស័ព្ទ​គ្រប់​ចំនួន ១៥លាន​គ្រឿង​របស់​ខ្លួន​ឬ​ទេ ?
សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​ទូរស័ព្ទ​របស់​​ក្រុមហ៊ុន Xiaomi មាន​​អ្នក​ប្រើ​ជា​ប្រចាំ​ចំនួន ១៤,២២លាន​នាក់ ​​​​នៅ​ក្នុង​​ប្រទេស​ចិន ​​​និង​នៅ​ក្នុង​ទីផ្សារ​ថ្មី​គឺ​ ហុង​កុង និង តៃវ៉ាន់​​ដែល​ក្រុមហ៊ុន​ទើប​​ចេញ​លក់​កាល​ពី​ខែ​មេសា​ ។ ដូច្នេះ​មាន​ន័យ​ថា ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Xioami កំពុង​ទទួល​​បាន​ប្រជា​ប្រិយ​ភាព​​យ៉ាង​​ច្រើន​ពី​សំណាក់​ប្រជាជន​ចិន​​ ៕