មិន​នឹក​ស្មាន​ថា ​​​​​​​​ជាប់​​ឃុំ​​ជិត​​១​ឆ្នាំ​ប្រែ​ក្លាយ​បញ្ញា​ជន​​ជាន់​ខ្ពស់​ម្នាក់ ឲ្យ​ក្លាយ​ជា​មេចលនា​ក្រុម​ ISIS

2/20/2015 0 Comments A+ a-


មេចលនា​ ISIS (អាប៊ូបាកាបាក់ដាឌី (Abu Bakr al-Baghdadi))ប្រភព៖​ nbcnews.com
​ខាងក្រោម​នេះ ជា​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន The New York Post អំពី​ប្រវត្តិ​របស់​មេ​ចលនា ISIS ដែល​ពី​ដំបូង​ឡើយ ជា​បុគ្គល​រៀនសូត្រ​ចេះ​ដឹង កម្រិត​បញ្ញាជន​ជាន់​ខ្ពស់ ហើយ​ប្រែ​​ក្លាយ​​ជា​​មេ​​ចលនា​ភេរវកម្ម។ ​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក ទើប​តែ​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​អំពី​មេ​ចលនា ISIS កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។ តាម​រយៈ​ឯកសារ​ដ៏​ថ្មី​សន្លាង​នេះ គេ​អាច​សិក្សា​ស្វែងយល់​អំពី​ឫសគល់​នៃ​ចលនា​ ISIS និង​មូលហេតុ​ដែល​នាំ​ឲ្យ​មេ​ ISIS ដែល​ពី​មុន​ជា​បញ្ញាជន​មួយ​រូប បែរ​ជា​បែក​គំនិត​ថ្មី ទៅ​ដឹកនាំ​​ ISIS។

អាប៊ូបាកាបាក់ដាឌី (Abu Bakr al-Baghdadi) ជា​ប្រធាន​ចលនា ISIS ដែល​កំពុង​តស៊ូ​ដើម្បី​ឡើង​កាន់​អំណាច​នៅ​ប្រទេស​អ៊ីរ៉ាក់ (Iraq) – ស៊ីរី (Syria) និង​លីប៊ី (Libya) មាន​ប្រវត្តិ​ជា​បញ្ញាជន​ជាន់​ខ្ពស់ (dignified scholar)។ ​អាប៊ូបាកាបាក់ដាឌី (Abu Bakr al-Baghdadi) ជា​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ (university administrator) និង​ជា​សាស្ត្រាចារ្យ​បណ្ឌិត (professor) ​នៅ​សាកលវិទ្យាល័យ​មួយ នៅ​​ប្រទេស​អ៊ីរ៉ាក់។ ក្រោយមក បុគ្គល​រូប​នេះ​​បាន​បែក​គំនិត​ថ្មី (បែក​ឆ្វេង​) ដឹកនាំ​ចលនា​ប្រដាប់​អាវុធ​បែប​ភេរវកម្ម​។ នេះ​បើ​យោង​តាម​ឯកសារ​ផ្ទៃ​ក្នុង​ជា​ផ្លូវ​ការ​របស់​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក (មន្ទីរ​បញ្ចកោណ the Pentagon)។


​ឯកសារ​​សម្ងាត់​​របស់​​មន្ទីរ​បញ្ចកោណ បាន​ទម្លាយ​អាថ៌កំបាំង​ថា តាមពិត Abu Bakr al-Baghdadi ​ ជា​បុគ្គល​មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​រៀនសូត្រ​ចេះ​ដឹង​កម្រិត​ខ្ពស់។ ​បុគ្គល​រូប​នេះ ជា​ព្រឹទ្ធបុរស​ប្រចាំ​សាកលវិទ្យាល័យ (dean) និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​អ៊ីរ៉ាក់។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

​ ថ្ងៃទី៤ កុម្ភៈ ២០០៤ al-Baghdadi ​ត្រូវ​កងទ័ព​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន និង​យក​ទៅ​ឃុំ​ឃាំង​​នៅ​ក្នុង​មន្ទីរ Camp Bucca អស់​រយៈ​ពេល​ជាង ១១ ខែ។ ប៉ុន្តែ​អាស្រ័យ​ដោយសារ​ គេ​​មិន​អាច​រក​ឃើញ​ធាតុ​ផ្សំ​ ឬ​ភស្តុតាង​ថា​​គាត់​បាន​ប្រព្រឹត្ត​ខុស​អ្វី គេ​ក៏​ដោះ​លែង​មក​វិញ ដោយ​មិន​បាន​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​អ្វី​ទាំង​អស់។​

​ប្រសិនបើ​គេ​ពិនិត្យ​ថយ​ក្រោយ​វិញ ឃើញ​ថា​​មេ​​​ចលនា ISIS រូប​នេះ ​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​គម្រោង​រៀបចំ​ចលនា​ប្រឆាំង​នយោបាយ ឬ​ចលនា​ប្រដាប់​អាវុធ​បែប​ភេរវកម្ម​អ្វី​ទាំងអស់ កាលពី​មុន​ជាប់​ឃុំ​។ ប៉ុន្តែ​បន្ទាប់​ពី​​​ចេញ​ពី​ឃុំ​វិញ គាត់​​​ក៏​បែក​គំនិត​ថ្មី រហូត​ក្លាយ​ជា​ប្រធាន​ក្រុម ISIS។ សូម​បញ្ជាក់​ថា ​មន្ទីរ​ឃុំឃាំង​ Camp Bucca មាន​អ្នក​ជាប់​ឃុំ​សរុប​​ដប់​ម៉ឺន​នាក់​។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ក្រោយ​ពេល​គេ​ដោះ​លែង​វិញ អ្នក​ខ្លះ​បែក​គំនិត​ថ្មី ​ក្លាយ​ជា​អ្នក​សើរើ​និយម (radicalism)។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Washington Post។

ប្រភព​ខ្លះ​ទៀត​ក៏​បាន​សំដែង​កង្វល់​ស្រដៀងគ្នា​នេះ​ដែរ។ ដូច​ដែល​លោក James Skylar Gerrond ជា​អ្នក​គ្រប់គ្រង​មន្ទីរឃុំឃាំង Camp Bucca សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពីខែកក្កដា ឆ្នាំ២០០៤​ថា៖ យើង​ខ្ញុំ ដែល​ជា​អ្នក​មើល​ការ​ខុសត្រូវ​មន្ទីរ​ឃុំឃាំង Camp Bucca ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ ព្រោះ​កាលណា​យើង​ចេះ​តែ​ចាប់​មនុស្ស​ដាក់​ឃុំ​ ដោយ​គ្មាន​ហេតុផល​បែប​នេះ វា​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​មាន​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​ក្លាយ​ជា​មនុស្ស​ជ្រុល​និយម (extremists)។ តាម​ការ​ស្រាវជ្រាវ បង្ហាញ​ថា​ ក្នុង​ចំណោម​គណៈ​គ្រប់​គ្រង​របស់​ក្រុម​ជ្រុល​និយម ISIS គឺ​មាន ៩ នាក់​ធ្លាប់​ជាប់​ឃុំ​នៅ​ក្នុងមន្ទីរ​ឃុំឃាំង Camp Bucca។


​តាមពិត Al-Baghdadi ​ជា​បុគ្គល​ដែល​គេ​មិនសូវ​ដឹង​ប្រវត្តិ​សាវតារ​ឲ្យ​បាន​លម្អិត​ទេ កាលពី​មុន​ឆ្នាំ២០១០។ ប៉ុន្តែ​តាមរយៈ​របាយការណ៍​យ៉ាង​ពិស្ដារ​របស់​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​នេះ គេ​អាច​សិក្សា​ស៊ីជម្រៅ​អំពី​ឫសគល់ – ដំណើរ​ដើមទង ក៏​ដូចជា​ការ​ចាប់​កំណើត​ចលនា ISIS តើ​បណ្ដាល​មក​ពី​អ្វី? ចលនា​នេះ​ចាប់​កំណើត​នៅ​ប្រទេស​អ៊ីរ៉ាក់ – ស៊ីរី និង​លីប៊ី។ ប្រសិនបើ គេ​បកស្រាយ​មិន​ច្រឡំ​ទេ មូលហេតុ​មួយ​ ក្នុង​មួលហេតុ​នានា ​ដែល​​​នាំ​ឲ្យ​ Abu Bakr al-Baghdadi សម្រេច​ចិត្ត​ដឹកនាំ​ចលនា​ ISIS គឺ​បណ្ដាល​មក​ពី​ការ​ឈឺចាប់​ផ្លូវ​ចិត្ត ដែល​ត្រូវ​ជាប់​​ឃុំ​ទាំង​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស។ ម្ល៉ោះហើយ​​ ចេញ​ពី​​មន្ទីរ​ឃុំឃាំង​​ បែក​គំនិត​ថ្មី៕

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The New York Post , The Daily Mail , Business Insider , NBC