ក្រុមតារាម៉ូឌែល ប្រតិកម្ម នឹងដំណឹងថា ហ្វីហ្វី ចេញលុយ ធ្វើបុណ្យសពឲ្យ នាង អុល សម្ផស្ស
ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងស្រីសិចស៊ី កញ្ញា ហ្វីហ្វី ត្រូវប្រភពបង្ហើបថា នាងបានជួយចេញលុយចាត់ចែង ធ្វើបុណ្យសពឲ្យមិត្តរបស់នាង គឺកញ្ញា អុល សម្ផស្ស ដែលបានចងកសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ ព្រោះតែវិបត្តិស្នេហ៍ ។ ប៉ុន្តែក្រោយព័ត៌មានចេញផ្សាយ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានប្រតិកម្ម តវ៉ាភ្លាមៗ ពីក្រុមតារាម៉ូឌែលរបស់ លោក អ៊ឹម ជីវ៉ា ដោយមានបញ្ជាក់ថា ហ្វីហ្វី មិនបានជួយចេញលុយធ្វើបុណ្យសពអ្វីឡើយ ពោលពួកគេជាអ្នករៃអង្គាសប្រាក់គ្នា ដើម្បីធ្វើបុណ្យនេះឲ្យរួចរាល់ទៅវិញទេ។
លោក អ៊ឹម ជីវ៉ា បានប្រាប់តាមទូរស័ព្ទឲ្យ LookingTODAY ដឹងថា តាមពិតទៅ លោកគ្មានបំណងរករឿង កញ្ញា ហ្វីហ្វី ដ៏ស្រស់ស្អាតនេះទេ តែមកពីក្រុមម៉ូឌែលរបស់លោក ដែលជាអ្នកជួយទាំងថវិកា និងកម្លាំងកាយចិត្ត រៀបចំបុណ្យសពនេះ តាំងពីដើមដល់ចប់ ជាអ្នកមិនសុខចិត្ត ព្រោះដំណើររឿងគឺថា ក្រោយពេលកញ្ញាស្រស់ស្អាត នាង អុល សម្ផស្ស សម្លាប់ខ្លួនបានសម្រេចមក គឺសូម្បីតែរកលុយទិញក្ដារមឈូស ដាក់សពមិនបានផង ។ ក្រោយមកលោក អ៊ឹម ជីវ៉ា ក៏ប្រកាសរកជំនួយ តាមវិទ្យុមួយ ដើម្បីប្រមូលលុយទិញក្ដារមឈូស រៀបចំធ្វើបុណ្យ និងទុកធ្វើបុណ្យ៧ថ្ងៃ ។
លោក អ៊ឹម ជីវ៉ា និយាយថា "តាមពិតទៅបង..! អ្នកដែលមិនសុខចិត្ត គឺអ្នកសែងខ្មោចអាស្រស់( នាង អុល សម្ផស្ស) និងផ្លាស់ប្ដូរសម្លៀកបំពាក់ផ្ទាល់ បូករួមទាំងរត់ការ ក្នុងបុណ្យទាំងមូល ពិសេសសប្បុរសជននានា ដែលរួមចំណែកក្នុងការធ្វើបុណ្យ តាំងពីបុណ្យសព រហូតដល់៧ថ្ងៃ បានធ្វើចប់សព្វគ្រប់ ។ ពួកគេថ្វីត្បិតអ្នកខ្លះមិនមានលុយសន្ធឹកសន្ធាប់ តែគេបានប្រើប្រាស់ក្ដីស្រឡាញ់ នឹងកំលាំងកាយ ដើម្បីជួយរហូតចប់កម្មវិធី ។ ចំណែក កញ្ញា ហ្វីហ្វី វិញ គ្មានវត្តមាន ក្នុងបុណ្យសពឡើយ នាងមិនហ៊ានចូលទេ ដោយសំអាងហេតុផលថា ខ្លាចឆុងឆ្នាំ ជាមួយអាស្រស់ (អ្នកដែលស្លាប់) ហើយចូលបុណ្យតែ២០ដុល្លារប៉ុណ្ណោះ ។ ចំណែកឯបុណ្យ៧ថ្ងៃ ក៏មិនមានមុខនាងដែរ" ។
យ៉ាងណាក្ដីប្រភពព័ត៌មានខាងលើ ក៏បានបន្តថា ការប្រតិកម្មទៅលើព័ត៌មានបែបនេះ មិនមែនមានន័យថា ពួកគេស្អប់ ឬមិនចូលចិត្ត ហ្វីហ្វី ដែលជាតារារួមជំនាន់ និងជាមិត្តភក្តិល្អនឹងគ្នានោះទេ គ្រាន់តែចង់បញ្ជាក់ ឲ្យមហាជនដឹងច្បាស់ថា តើនរណាខ្លះ ដែលបានជួយជ្រោមជ្រែង ពិធីបុណ្យសពនាង អុល សម្ផស្ស ពិតប្រាកដ ព្រោះនាងបានស្លាប់បាត់ទៅហើយ បើយើងអ្នករស់នៅមានបញ្ហានឹងគ្នា ក៏វិញ្ញាណក្ខន្ធនាងមិនស្ងប់ដែរ ។ ប៉ុន្តែការបញ្ជាក់នេះ គ្រាន់តែចង់ឲ្យទស្សនិកជន កុំឲ្យមានការយលច្រឡំប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល