យ៉ែម សំអូន និងភរិយា ជះលុយខ្ទង់ ម៉ឺនដុល្លារ រៀបចំពិធីឡើងវីឡាថ្មី
ភ្នំពេញ៖ លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា នៅថ្ងៃទី១២ មករា ឆ្នាំ២០១៥ បានរៀបចំពិធីជប់លៀងឡើងវីឡាថ្មីសន្លាង របស់ពួកគេ នៅបុរីប៉េងហួត ដោយមានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន អញ្ជើញចូលរួមក្នុងពិធីនេះ ។
បន្ទាប់ពីតារាចម្រៀង និងសម្តែងមួយគូ ដែលមានភាពផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជា លលកញីឈ្មោល លោក យ៉ែម សំអូន និងភរិយា បានទិញវីឡាថ្មី មកគេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ ហាក់មិនទាន់មានកម្មវិធីជប់លៀង ឡើងវីឡាថ្មីឡើយ ព្រោះថាក្រោយ ពីទិញ វីឡានេះរួច ពួកគេទាំងពីរនាក់ មានការមមាញឹក កើបលុយពីសិល្បៈស្ទើរតែគ្មានពេលសម្រាក ។
ទើបតែថ្មីៗនេះ ស្រាប់តែមានប្រភពពីអ្នកជិតដិត លោក យ៉ែម សំអូន ចេញមុខប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃនេះ លោកនិងភរិយា បានរៀបចំ កម្មវិធីឡើងវីឡាថ្មី ដោយការរៀបចំកម្មវិធីនេះ ជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះថាលោក និងភរិយា បានចែកសំបុត្រអញ្ជើញភ្ញៀវ អ្នកសិល្បៈ ក្មេងចាស់ប្រុសស្រីមានឈ្មោះល្បី គ្រប់ស្រទាប់ចូលរួម ហើយនៅក្នុងនោះ ក៏មានសាច់ញាតិរបស់ពួកគេផងដែរ។ ចំពោះមូលហេតុ ដែលពួក គេទាំងពីរ ជ្រើសរើសថ្ងៃនេះជាថ្ងៃរៀបចំកម្មវិធីនោះ ក្រៅពីឡើងវីឡាថ្មីហើយពួកគេក៏មានបំណងចង់បង្កើតកម្មវិធី សប្បាយៗ ស្វាគមន៍កូនស្រី និងឪពុកម្តាយរបស់ពួកគេ ដែលធ្វើដំណើរពីក្រៅប្រទេស មកលេងនៅស្រុកខ្មែរនេះទៀតផង ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា កម្មវិធីឡើងវីឡាថ្មីនេះ លោក យ៉ែម សំអូន បានត្រៀមទុនជិត២ម៉ឺនដុល្លារ ក្នុងការចំណាយ លើការរៀបចំ ព្រោះថាគ្រប់យ៉ាងក្នុងកម្មពិធី គឺរចនាឡើងយ៉ាងប្រណីត ហើយសម្រាប់ការចំណាយ ជាក់ស្តែងអាចមានចំនួនច្រើនជាងនេះ ក៏អាចថាបាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល