ប៉ូលីសអន្តរជាតិ ចាប់បញ្ជូនអ្នកស្រី ឡាយ ហួង មកដល់ទឹកដី កម្ពុជាហើយ
បន្ទាយមានជ័យ៖ អ្នកស្រី ឡាយ ហួង ជនជាប់សង្ស័យប៉ុនប៉ងសម្លាប់ក្រុមគ្រួសារទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នោះ ត្រូវបានកម្លាំងប៉ូលីសអន្តរជាតិ (Interpol) ចាប់បញ្ជូនមកដល់ទឹកដីកម្ពុ ជាហើយនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥។
យោងតាមន្រ្តីនគរបាលកម្ពុជា បានបង្ហើបឲ្យដឹងថា អ្នកស្រី ឡាយ ហួង បានបញ្ជូនមកដល់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នៅវេលាម៉ោងប្រមាណ ១២អាធ្រាត្រថ្ងៃទី១៣ ខែមករា។ អ្នកស្រី ឡាយ ហួង ត្រូវបានកម្លាំងនគរ បាលកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាំខ្លួនមកដល់ក្រសួងមហាផ្ទៃនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៥នេះ។
អ្នកស្រី ឡាយ ហួង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្រសួងមហាផ្ទៃ រង់ចាំការចាត់ការបន្តតាមនីតិវិធីរបស់ តុលាការ។
អ្នកស្រី ឡាយ ហួង ដែលជាស្រីកំណានរបស់ឧកញ៉ា ខូវ ផល្លាបុត្រ នោះ ត្រូវបានជាប់សង្ស័យជាមេខ្លោងក្នុង ការរៀបចំគម្រោងរំលោភ និង សម្លាប់ភរិយា និងកូនៗ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីឆ្នាំ ២០១០កន្លងទៅ។
ឧកញ៉ា ខូវ ផល្លាបុត្រ ធ្លាប់បានចេញមកអះអាងថា ឈ្មោះ សេង ច័ន្ទដា និង ឡាយ ហួង ជាមេខ្លោងរៀបចំផែន ការរំលោភ និង សម្លាប់លោកស្រី ស៊ុន សូត្ថា និង កូនស្រី យ៉ាងពិតប្រាកដ ដើម្បីដណ្តើមយកទ្រព្យសម្បត្តិពី គ្រួសារ ខូវ ជឺលី។ លោកឧកញ៉ា សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារ លោក ស៊ុន ចាន់ថុល ដែលជាជនរងគ្រោះយ៉ាងពិតប្រាកដ និងតាមចាប់ខ្លួនឈ្មោះ ឡាយ ហួង អ្នកផ្តើមគំនិត និងអ្នកផ្សំគំនិតផ្សេងៗទៀត ឲ្យបានឆាប់ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕
______________
ផ្តល់សិទ្ទិដោយ៖dap-news