ក្អួត​លែងចេញ ​ក្រោយ​ដឹងខ្លួន​ថា​បាន​ផឹកទឹក​ត្រាំ​សាកសព​តារា​ឯក​ស្រី​ជាង ១១​ខែ

1/20/2015 0 Comments A+ a-

តារា​​ប្រភព៖​ www.themalaymailonline.com
​ក្រោយ​រសជាតិ​ទឹក​ម៉ាស៊ីន​ប្លែក ប្រជាជន​មួយចំនួនធំ​បាន​ប្ដឹង​អាជ្ញាធរ ហើយ​នៅពេល​អាជ្ញាធរ​បើក​គំរប​អាង​ស្ដុក​ទឹក​ដើម្បី​ពិនិត្យមើល​ទើប​ដឹងថា មាន​សព​តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ប្រទេស​មិច​ស៊ី​ច​កូ​ត្រាំ​ក្នុងនោះ​ដោយ​​សាកសព​មាន​សភាព​ហើម​ស្អុយរលួយ​។​

​គេហទំព័រ Mirror​ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ មករា កន្លងទៅ​ថា សព​ដែល​ត្រូវបាន​គេ​ប្រទះ​ឃើញ​ត្រាំ​នៅក្នុង​អាង​ស្ដុក​ទឹក​សម្រាប់​​ប្រើប្រាស់​ក្នុង​ខុន​ដូ​មួយកន្លែង​គឺជា​របស់​តារា​ឯក​ស្រី Carmen Yarira Esparza Noriega វ័យ​២៧​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០១៤​កន្លងមក​។ 

​ក្រោយ​ប្រជាជន​រស់នៅក្នុង​អគារ​ខុ​ដូ​ បាន​ប្ដឹងទៅ​សមត្ថកិច្ច​ពី​រសជាតិ​ទឹក​ប្រើប្រាស់​ដែលមាន​រសជាតិ​ប្លែក បណ្ដាល​ឱ្យ​សមត្ថកិច្ច​ទៅ​បើក​គំរប​អាង​ នឹង​បាន​ជួប​សព​របស់​តារា​សម្ដែង​ស្រី​អណ្ដែត​មក​ទើ​នឹង​គំរប​អាង​ក្នុង​អគារ​ខុន​ដូ​ដែល​នាង​រស់នៅក្នុង​ក្រុង​មិច​ស៊ិ​ច​កូ​តែម្ដង​។​

​ក្រោយ​ត្រលប់​ពី​ទៅ​ហាត់ប្រាណ​នៅ Fitness កាលពី​ខែកុម្ភៈ​ ឆ្នាំមុន​រួច គ្មាន​នរណាម្នាក់​បាន​ជួប​ឬ​ឃើញ​នាង​ទៀត​ទេ ដូច្នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​នាង​អាច​ត្រូវគេ​ពួកក្រុម​រត់ពន្ធ​មនុស្ស​ចាប់ពង្រត់​ទៅ​លក់ ប៉ុន្តែ​ក្រោយពី​ការស៊ើបអង្កេត​មិនមាន​ដាន​ឬ​ដំណឹង​អ្វី​ទាំងអស់ រហូត​ក្រុមគ្រួសារ​នាង​សម្រេច​បោះពុម្ព​រូបនាង​ដើរ​បិទ​តាម​ទីសាធារណៈ ក្នុង​ទីក្រុង​ដើម្បី​ប្រកាស​តាមរក​នាង ប៉ុន្តែ​នៅតែ​មិនមាន​ដំណឹង​នាង​ដដែល​។​

​ថ្វីត្បិតតែ​សភាព​សាកសព​មាន​លក្ខណៈ​ហើម​ស្អុយ​ខ្លាំង ប៉ុន្តែ​សព​ខាងលើ​ត្រូវបាន​គេ​អះអាងថា​ជា​សព​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បី​រូបនេះ​យ៉ាងពិត​ប្រាកដ​ព្រោះ​សមត្ថកិច្ច​រកឃើញ​សារធាតុ​ពី​ការធ្វើការ​វះកាត់​កែស​ម្ភ​ស្ស​នៅលើ​សារពាង្គកាយ​នៅ​កន្លែង​តែមួយ ចំណែក​សាកសព​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពិសោធន៍​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការស្លាប់​ហើយ។​

         

​មនុស្ស​ដែល​រស់នៅក្នុង​អគារ​ខុន​ដូ​នោះ​ម្នាក់ៗ​ព្រឺរ​សម្បុរគីង្គក់ រអើម​តែ​ក្អួត​មិន​ចេញ​នៅពេល​ដឹងខ្លួន​ថា​ពួកគេ​បាន​ប្រើប្រាស់​ទឹក​ដែលមាន​ត្រាំ​សាកសព​មនុស្ស​អស់​រយៈ​ជាង​១១​ខែ​មកហើយ​។​

​តាម​ការសន្និដ្ឋាន​សម​ត្ថ​កិច្ច​បាន​ឱ្យ​ដឹងថា​ ការស្លាប់​របស់​នាង​អាចពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​ត្រីកោណ ព្រោះ​នាង​ធ្លាប់បាន​សេពគប់​ជាមួយ​អ្នក​ធុរកិច្ច​ម្នាក់ ប៉ុន្តែ​នាង​បាន​ផ្លាស់ប្ដូរ​ទៅ​សេពគប់​ជាមួយ​អ្នកច្បាប់​ម្នាក់​វិញ មិនតែប៉ុណ្ណោះ​បុរស​អ្នក​ធុរកិច្ច​រូបនោះ​ក៏​ជា​អ្នកចេញ​ថ្លៃឈ្នួល​ខុន​ដូ​​ឱ្យ​​នាង ម្យ៉ាងវិញទៀត ​នាង​បាន​បាត់​ខ្លួន​នៅ​មួយ​សប្ដាហ៍​មុន​ការកំណត់​រើចេញ​ពី​ខុន​ដូ​ដែល​នាង​រស់នៅ​នោះ​ផងដែរ​៕

​ប្រែ​សម្រួល​៖ សុខា នី​កា​

ប្រភព៖​ www.eonline.com