តាន់ សេងហាក់៖ សមត្ថកិច្ច​នគរបាល​ យក​គ្រឿង​ញៀន​ ទៅ​ដាក់​ក្នុង​ផ្ទះ​ខ្ញុំ ហើយ​ចោទ​ប្រកាន់​ខ្ញុំ

9/06/2013 0 Comments A+ a-

ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ៦ កញ្ញា​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ លើ​សំណុំ​រឿង​ជួញដូរ​គ្រឿង​ញៀន​របស់ លោក​ឧកញ៉ា តាន់ សេងហាក់ អតីត​ទីប្រឹក្សា​លោក​ ជា ស៊ីម បន្ទាប់​ពី​បាន​ពន្យារ​ពេល​អស់​រយៈពេល​៤ លើក​មក​នោះ ដោយ​សារ​តែ​អវត្តមាន សមត្ថកិច្ច​នគរបាល ដែល​បាន​ចុះ​ទៅ​បង្រ្កាប​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក តាន់ សេងហាក់ មិន​បាន​ចូល​រួម។
សវនាការ​របស់​លោក​ឧកញ៉ា តាន់ សេងហាក់​នេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ដែល​មាន​លោក​វរៈសេនីយ៍​ឯក (សក្តិ៥) សឿង ណុល ប្រធាន​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ និង​ជា​មន្ត្រី​នគរបាល​ដែល​បាន​ចុះ​ទៅ​បង្រ្កាប​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក តាន់ សេងហាក់ នោះ បាន​ចូល​រួម​ដើម្បី​បំភ្លឺ​តុលាការ។
លោកស្រី គឹម ដានី ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​សំណុំ​រឿង​នះ​មាន​ជន​ចោទ​ចំនួន ៥ នាក់​ដែល ជាប់​ពាក់ព័ន្ធ។  ជន​ជាប់​ចោទ​ទាំង​៥ នាក់​នេះ មាន​ឈ្មោះ៖ ១- តាន់ សេងហាក់ អាយុ ៥០ ឆ្នាំ  ២-ឈ្មោះ សូ យ៉ារី ភេទស្រី អាយុ ២៨ឆ្នាំ ៣-ឈ្មោះ ឡុង ឆេកូ ភេទ ប្រុស អាយុ ២៧ ឆ្នាំ 4-ឈ្មោះ គង់ រ៉ាយុទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ និង ៥-ឈ្មោះ ស៊ិន ច័ន្ទរស្មី ភេទស្រី អាយុ ២៥ ឆ្នាំ។
លោកស្រី​ប្រធាន​ចៅក្រម​ប្រឹក្សា​បាន​បន្ត​ថា ជន​ជាប់​ចោទ​ទាំង​ ៥ នាក់​ខាង​លើ​នេះ​ត្រូវ​បាន​តុលាការ​ចោទ ប្រកាន់​ពី​បទ «ជួញដូរ​ដោយ​ខុស​ច្បាប់ នូវ​សារធាតុ​គ្រឿង​ញៀន និង​សម​គំនិត​ក្នុង​អំពើ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​គ្រឿង​ញៀន» តាម​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ ព្រះ​រាជ​ណាចក្រ​កម្ពុជា។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សមត្ថកិច្ច នគរបាល មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ ក្រសួង​មហាផ្ទៃ នៅ​ក្នុង​វីឡា​របស់​ឈ្មោះ តាន់ សេង​ហាក់ ស្ថិត​នៅ​ភូមិ​ពោង​ពាយ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ដក​ហូត បាន​ថ្នាំ​ញៀន​ចំនួន ២ កញ្ចប់ និង សំភារៈជក់ គ្រឿង​ញៀន​មួយ​ចំនួន​ពី​ផ្ទះ​របស់​ឈ្មោះ តាន់ សេងហាក់។
ក្នុង​ពេល​សវនាការ​នេះ​ ជន​សង្ស័យ​ទាំង ៥ រូប​ខាង​លើ បាន​បដិសេធ​ចំពោះ ការ​ចោទ​ប្រកាន់​ចំពោះ​ពួក​គាត់ និង បាន​ប្រាប់​តុលាការ​នៅ​ក្នុង​អង្គ​សវនាការ​ថា ពួក​គេ​ត្រូវ​បាន សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដែល​បាន​ចុះ​បង្ក្រាប​នេះ វាយ​ធ្វើ​ទារុណកម្ម និង បង្ខំ​ឲ្យ​ទទួល​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ។
លោក​ តាន់ សេងហាក់ បាន​ប្រាប់​តុលាការ​ថា «គាត់​មិន​ទទួល​ស្គាល់​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​គាត់ ខាង​លើ​នេះ​ទេ»។
លោក​បាន​និយាយ​ថា គាត់​មិន​មែន​ជា​អ្នក​ចែក​ចាយ ឬ ជួញដូរ​គ្រឿង​ញៀន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំណែក​ឯ ថ្នាំ​ញៀន​ដែល​បាន​ដក​ហូត​ចេញ​ពី​ផ្ទះ​របស់​គាត់​នោះ មិន​មែន​ជា​របស់​គាត់​ទេ។ គាត់​មិន​បាន​ដឹង និង​មិន​ទទួល​ស្គាល់​ទេ។
លោក​ តាន់ សេងហាក់ បាន​ចោទ​ប្រកាន់​ថា នៅក្នុង​ការ​ចុះ​បង្ក្រាប​ផ្ទះ​របស់​គាត់​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដឹក​នាំ​ដោយ​ឈ្មោះ សឿង ណុល បាន​បាញ់​រះ ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ចាត់​ទុក​គាត់​ជា​ឧក្រិដ្ឋជន និង បាន​បាញ់​រះ ដូច​បាញ់​ខ្មាំង សត្រូវ​នៅ​ក្នុង​សមរភូមិ​អ៊ីចឹង។ និង បាន​បណ្តាល​ឲ្យ​របង​ផ្ទះ​ទ្វារ ដំបូល​ផ្ទះ និង កញ្ចក់​ផ្ទះ​របស់​គាត់​ខូច​ខាត​យ៉ាង​ដំណំ។ ខណៈ​ពេល​បង្ក្រាប​នោះ សមត្ថកិច្ច​ឈ្មោះ សឿ ណុល បាន​យក​គ្រឿង​ញៀន​ចំនួន ២ កញ្ចប់ ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​គាត់​និង​ចាប់​រួប​គាត់ ប្រពន្ធ និង​កូន​របស់​គាត់​នៅ​ក្នុង​ផ្ទះ។ ទន្ទឹម​នឹង​នោះ សមត្ថកិច្ច បាន​ដក​ហូត​ប្រាក់​ចំនួន​ជាង ២០,០០០ (ពីរម៉ឺន) ដុល្លារ ពី​ជន​ជាតិ​ចិន ២ នាក់ នៅ​ក្នុង​ផ្ទះ​របស់​គាត់ និង បាន​ជំរិត​យក​ប្រាក់​ប្រមាណ ៣០០០ (៣ ពាន់​ដុល្លារ) ពី​ក្រុម​គ្រួសារ​របស់​គាត់ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​កូន​ប្រុស​របស់​គាត់​ឲ្យ​មាន​សេរីភាព​ទៀត​ផង។
លោក តាន់ សេងហាក់ បាន​និយាយ​ថា «ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិត​ជា​បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មែន និង ធ្លាប់​ប្រើ​ប្រាស់​វា​ជា​យូរ​ឆ្នាំ​មក​ហើយ។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​មែន​ជា​អ្នក​ចែក​ចាយ ឬ ជួញ​ដូរ​គ្រឿង​ញៀន​នោះ​ទេ។ ចំណែក​ឯ ថ្នាំ​ញៀន​ដែល​រក​ឃើញ នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នោះ គឺ សមត្ថកិច្ច​ឈ្មោះ សឿ ណុល បាន​យក​វា ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ខ្ញុំ។ នេះ​គឺជា​អំពើ​អយុត្តិធម៌​ណាស់ ដែល​សមត្ថកិច្ច​បាន​ធ្វើ​វា​ដើម្បី​ទម្លាក់​កំហុស មក​លើ​រូប​ខ្ញុំ​ទេ»។
ចំណែកឯ ជន​សង្ស័យ ឈ្មោះ ឡុង ឆេកូ និង ឈ្មោះ គង់ រ៉ាយុទ្ធ បាន​និយាយ​ថា ពួកគេ ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មែន តែ​មិន​ជា​អ្នក​ជួញ​ដូរ ឬ ចែក​ចាយ​ថ្នាំ​ញៀន​នោះ​ទេ។ ពួក​គេ ក៏​មិន​បាន​ពាក់​ព័ន្ធ ឬ បាន​ដឹង​ពី​ថ្នាំ​ញៀន និង ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ដែល​បាន​ដក​ហូត​ចេញ​ពី​ផ្ទះ លោក​តាន់ សេងហាក់ ក្នុង​ការ​ថ្ងៃ បង្ក្រាប​របស់​សមត្ថកិច្ច​នោះ​ដែរ។ ពួកគេ ក៏​បាន​ចោទ​ប្រកាន់​ថា ពួក​ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​វាយ​ធ្វើ​ទារុណ​កម្ម ដោយ​ទាត់​ធាក់ និង ឆក់​ពួកគេ នឹង​ដំបង​ឆក់​រហូត​ដល់​សន្លប់ ដើម្បី​ឲ្យ​ពួកគេ​ទទួល​សារភាព និង ទម្លាក់​កំហុស​ថា ថ្នាំ​ញៀន​ខាង​លើ​នោះ​គឺជា របស់​ឈ្មោះ តាន់ សេងហាក់។
ចំណែក​ឯ លោក​វរៈសេនីយ៍​ឯក សឿង ណុល ប្រធាន​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ ក្រសួង​មហាផ្ទៃ​ដែល​បាន​ចុះ​ទៅ​បង្រ្កាប​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​តាន់ សេងហាក់ នោះ បាន​ច្រានចោល​ចំពោះ ការ​ចោទ​ប្រកាន់​របស់​លោក តាន់ សេងហាក់ និង​បាន​បំភ្លឺ​តុលាការ​ថា ថ្នាំញៀន និង សំភារៈ​ពាក់​ព័ន្ធ​ទាំង​នោះ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​របស់​លោក​តាន់ សេងហាក់។ ចំណែកឯ ការ​ជំរិត​យក​លុយ​ចំនួន​ជាង ២០,០០០ (ពីរម៊ឺន) ដុល្លារ ពី​ជន​ជាតិ​ចិន​ ២ នាក់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​និង ប្រាក់​ប្រមាណ ៣០០០ (៣ ពាន់​ដុល្លារ) ពី​ក្រុម​គ្រួសារ​របស់​លោក​តាន់ សាងហាក់ នោះ លោក​សក្តិ​៥ សឿង ណុល មិន​បាន​បំភ្លឺ​ឡើយ។
តុលាការ​នឹង​បន្ត​សវនាការ នៃ​សំណុំ​រឿង​នេះ​នៅថ្ងៃទី ១៦ កញ្ញា ២០១៣ ខាង​មុខ​នេះទៀត៕

 ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.